អន្តរជាតិ
សហរដ្ឋអាមេរិក ៖ ត្រេកអរ​នឹង​បានការ​ងារ​ធ្វើ បុរស​ម្នាក់​ច្រឡំ​ផ្ញើ​រូបថត​ប្រដាប់ភេទ​របស់ខ្លួន​ទៅ​ប្រធាន​ផ្នែក HR
09, Sep 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
 
 
ហេតុតែ​ត្រេកអរ​ដែល​ទើបនឹង​ទទួលបាន​ការងារ​ធ្វើ យុវជន​អាយុ ២៣ ឆ្នាំ​ម្នា​ក់បាន​ផ្ញើ​សារ​ទៅ​មនុស្ស​ច្រឡំ។ សារ​នោះ​គឺជា​រូបថត​ប្រដាប់ភេទ​របស់ខ្លួន​តែម្តង។ យុវជន​នេះ​មានបំណង​ផ្ញើ​សារ​ទៅលេង​សើច​ជាមួយ​មិត្តភក្តិ តែ​បែរជា​ច្រឡំ​ផ្ញើ​ទៅ​ប្រធាន​ផ្នែក​ធនធានមនុស្ស ដែល​គេ​នឹងត្រូវ​ជួប​នៅ​ថ្ងៃស្អែក ដែលជា​ថ្ងៃ​ចូលធ្វើការ​ជា​លើកដំបូង​របស់ខ្លួន​ទៅវិញ។

 
ការច្រឡំ​លេខ​នេះ​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​បាត់បង់​ការងារ។ ភ្លាមៗបន្ទាប់ពី​បុរស​វ័យក្មេង​នេះ​ទទួលបាន​កិច្ចសន្យាការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ Illinois សហរដ្ឋអាមេរិក គេ​ក៏បាន​ផ្ញើ​សារ​លេងសើច​ជាមួយ​មិត្តភក្តិ ដោយ​ភ្ជាប់​ជាមួយ​នូវ​រូបថត​លិង្គ​របស់ខ្លួន​ទៀតផង។ ដោយ​មិន​បានទទួល​សារ​ឆ្លើយតប យុវជន​នេះ​បាន​ផ្ញើ​សារ​ជា​លើក​ទី​ពីរ​ទៅកាន់​លេខ​ដដែល​ទៀត នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Chicago Tribune ។
 
ដោយ​ក្តី​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​សម្លាញ់​របស់ខ្លួន​មិន​ឆ្លើយតប​ទាល់តែសោះ គេ​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ​ផ្ទាល់​តែម្តង ហើយ​ក៏បាន​ជួបនឹង​ប្រធាន​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​ដែល​គេ​នឹង​ចូលធ្វើការ។ យុវជន​នេះ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ជាខ្លាំង​ដែល​បែរជា​បាន​និយាយ​ជាមួយនឹង​មេ​ដែល​ខ្លួន​ត្រូវ​ជួប​នៅ​ព្រឹកស្អែក​នោះ សម្រាប់​ថ្ងៃ​ធ្វើការ​ដំបូង។ គេ​សុំទោស​យ៉ាង​ញាប់​មាត់ តែ​វា​មិនអាច​ជួយ​អ្វី​បានទេ។
 
ប្រធាន​ធនធានមនុស្ស​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ខាងលើនេះ​ថា៖ « ពេល​ទទួល​សារ​លើកទីមួយ ខ្ញុំ​គិតថា ជាការ​ផ្ញើ​ច្រឡំ​លេខ។ ខ្ញុំ​មិន​យកចិត្តទុកដាក់​ទេ »។ ប៉ុន្តែ បន្ទាប់ពី​ទទួលបាន​សារ​ជា​លើក​ទី​ពីរ និង​ការហៅ​ទូរស័ព្ទ​ទៀត គាត់​សម្រេចចិត្ត​ប្រាប់​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ដល់​ប៉ូលិស។ ពិតមែនតែ​គាត់​មិន​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​អនាគត​បុគ្គលិក​របស់​ខ្លួន តែ​ស្អែក​ឡើង មុខតំណែង​ការងារ​នោះ​ក៏ត្រូវ​បានប្រកាស​រើស​សាជាថ្មី៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com