ជាតិ
បទវិភាគ
ទស្សនវិទូ៖ អ្វី​ជា​នីតិរដ្ឋ​នៅក្នុង​សង្គម?
15, Sep 2015 , 7:30 am        
រូបភាព
ដោយ:
បញ្ហា​អយុត្តិធម៌ គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​សង្គម។ ជំងឺ​នេះ​ចាំបាច់​ត្រូវតែ​ដោះស្រាយ​ដោយ​ខានមិនបាន។ រីឯ​ប្រជាពលរដ្ឋ គឺ​ចង់បាន​សង្គម​មួយ​ដែលមាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​សេដ្ឋកិច្ច មានការ​ធានា​សុវត្ថិភាព​បុគ្គល មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់ គ្មាន​អ្នកណា​អាច​ប្រើប្រាស់​អំណាច ដើម្បី​បំពាន​អ្នកទន់ខ្សោយ ហើយ​សង្គម​មួយ​ទាំងមូល​មានច្បាប់​ជា​មាគ៌ា​ក្នុងការ​ដឹកនាំ​និង​គ្រប់គ្រង​សង្គម។ ចំពោះ​អ្នក​គិត​ទស្សនវិជ្ជាសម័យមុនៗមិនបាន​ប្រ​ងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ទេ ពួកគាត់​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​រក​គំនិត​បង្កើតជា​ទ្រឹស្ដី​ដើម្បី​ឲ្យ​មនុស្ស​នៅក្នុង​សង្គម យកទៅអនុវត្ត​ក្នុងទិសដៅ​កសាង​សង្គម​ដែលមាន​ច្បាប់​ល្អ​ដឹកនាំ​រដ្ឋ។


ហេតុនេះ​លោក ប្លា​តុង យល់ថា៖ «អំណាច​នៃ​ច្បាប់​ត្រូវតែ​ជ្រាប់ចូល​ទៅក្នុង​គ្រប់ផ្នែក​ទាំង​អស់នៃ​ជីវភាព​សង្គម និង​ជីវភាព​ប្រជាជន។ ច្បាប់​មិនត្រូវ​ស្ថិតនៅក្រោម​អំណាច​ណាមួយ​ឡើយ»។ ប្រសិនបើ​ច្បាប់​អាច​ស្ថិតនៅក្រោម​អំណាច​ណាមួយ​នោះ​មិនអាច​និយាយ​បានទេ​ថា ជា​សង្គម​មាន​នីតិរដ្ឋ។
 
ចំណែក​លោក អា​រី​ស្តូ​ត បាន​មានប្រសាសន៍ថា៖ «នៅទីណា​ដែល​អវត្តមាន​អំណាច​នៃ​ច្បាប់ នៅ​ទីនោះ​គឺ​គ្មាន​ទីតាំង និង​ទំរង់​នៃ​របប​គ្រប់គ្រង​រដ្ឋ​ឡើយ។ ច្បាប់​ត្រូវតែមាន​អានុភាព​លើ​អ្វី​ទាំងអស់»។ 
 
រីឯ​លោក ច​ន ឡក លើកឡើងថា៖ «ឧត្ដមភាព​នៃ​ច្បាប់​គឺ​ស្ថិតនៅលើ​សិទ្ធិ​និង​សេរីភាព​របស់​បុគ្គល ហើយ​ទស្សនៈ​ស្ដីពី​អធិបតេយ្យភាព​របស់​ប្រជាជន​គឺជា​ស្នូល​នៃ​គំនិត​នីតិរដ្ឋ»។ ក្នុងករណី​ច្បាប់​ចេះតែ​រឹតត្បិត​ចំពោះ​សិទ្ធិ និង​សេរីភាព​មនុស្ស​នៅក្នុង​សង្គម នោះ​មានន័យថា​មិនមែនជា​ច្បាប់​ល្អ បើ​ច្បាប់​មិនល្អ​គ្មានទេ​នីតិរដ្ឋ ព្រោះ​លទ្ធផល​នឹងមាន​ការអនុវត្ត​ច្បាប់​លំអៀង បម្រើ​ប្រយោជន៍​មនុស្ស​ក្រុម​ណាមួយ។
 
យ៉ាងណា​ម៉ិ​ញ​លោក ម៉ុង​តេ​ស្គី​យើ៖ ជា​អ្នក​គិត​យ៉ាង​លំអិត​អំពី​ការបែងចែក​អំណាច មានអំណាច​នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ។ «ប្រសិនបើ​អំណាចនីតិបញ្ញត្តិ និង​អំណាចនីតិប្រតិបត្តិ​បង្រួម​គ្នា នៅក្នុង​ដៃ​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ នោះ​សេរីភាព​នឹងមិន​មាន ពីព្រោះ​បុគ្គល​នឹង​បង្កើតឱ្យមាន​ច្បាប់​ហិង្សា ដើម្បី​អនុវត្ត​នូវ​ហិង្សា​របស់ខ្លួន»។ ហើយ​អ្វី​ទាំងអស់​នឹង​ស្លាប់​ប្រសិនបើ​អំណាច​ទាំងបី​នេះ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​នៃ​បុគ្គល​ណាមួយ​នោះ។ ច្បាប់​ក៏​អាចជា​ច្បាប់​មិនល្អ​ដែរ ប្រសិនបើ​ច្បាប់​នោះ​មាន​លក្ខណៈ​ហាមឃាត់ ដែលជា​ឧបសគ្គ​ដល់​ការធ្វើសកម្មភាព​ដោយ​សេរី។ 
 
សម្រាប់​លោក កង់ បាន​យល់ថា «គ្រប់​មនុស្ស​ទាំងអស់​សុ​ទ្ធ​តែមាន​សិទ្ធិ​ធ្វើអ្វីៗទាំងអស់​ដែល​គេ​ចង់​ធ្វើ ប៉ុន្ដែ​សូម​តែ​កុំឱ្យ​ប៉ះពាល់​អ្នក​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ។ នៅក្នុង​គោលការណ៍​នៃ​ការបែងចែក​អំណាច អំណាច​កំពូល ឬ​អធិបតេយ្យភាព​ត្រូវតែ​ជា​របស់​អ្នកបង្កើត​ច្បាប់។ ចំណែក​អំណាចនីតិប្រតិបត្តិ ជា​របស់​អ្នកដឹកនាំ ដែល​ដឹកនាំ​តាមច្បាប់ និង​អំណាចតុលាការ​នៅក្នុង​ដៃ​អ្នកច្បាប់។ ហើយ​អំណាច​កំពូល​ត្រូវ​ថិ​ត​នៅក្នុង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​តែមួយគត់»។
 
សរុបមក​គំនិត​ស្ដីពី«នីតិរដ្ឋ» នេះ​បាន​ក្លាយជា​បញ្ញត្តិ «នីតិរដ្ឋ» ដែលមាន​ទិសដៅ​ឆ្ពោះទៅរក​ការតស៊ូ​ប្រឆាំង​និង​របប​ប្រជា​ហិង្សា របប​ផ្ដាច់ការនិយម ការរំលោភ​ជិៈ​ជាន់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។ល។ គោលការណ៍​ចម្បង​នៃ​បញ្ញត្តិ​នេះ​គឺ​ឧត្ដមភាព​នៃ​ច្បាប់ ការការពារ​សិទ្ធិ សេរីភាព​របស់​បុគ្គល និង​ការបែងចែក​អំណាច។ ការពិត​គោលការណ៍«នីតិរដ្ឋ» មិន​មែនមាន​ត្រឹមតែ​ជា​លក្ខណៈ​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​លក្ខណៈ​ជាគោលការណ៍​សម្រាប់​ការអនុវត្ត​ជាក់ស្ដែង​ទៀតផង។ ចំពោះ​គំនិត​នីតិរដ្ឋ​នេះ​បាន​ស្ដែងឡើងខុសៗគ្នា​សំរាប់​ប្រទេស​ខុសគ្នា។ តែ​ទោះជា​យ៉ាងណា​វា​នៅតែ​រក្សាបាន​នូវ​ខ្លឹមសារ​រួម គឺ​ដំណើរ​ឆ្ពោះទៅរក​សេរីភាព និង​ការស្វែងរក​ទំរង់​ដែល​អាស្រ័យ​ច្បាប់ មានការ​គោរព​សិទ្ធិមនុស្ស ទទួលស្គាល់​ឧត្ដមភាព​នៃ​ច្បាប់​នៅ​ពីលើ​រដ្ឋ ហើយ​រាល់​សកម្មភាព​របស់រ​ដ្ឋ​ត្រូវតែ​គោរព​តាមច្បាប់ និង​មាន​តុលាការ​ឯករាជ្យ៕
 

Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com