ជាតិ
ឯក​អគ្គ​រដ្ឋទូ​តអា​មេរិ​កថ្មី៖ កម្ពុ​ជាជា​កន្លែ​ងពិ​សេស​ក្នុង​បេះដូ​ងខ្ញុំ
16, Sep 2015 , 12:55 pm        
រូបភាព
លោក William Heidt និង​លោក​ស្រី មនោ សូទ្ធី ជាភរិយា
លោក William Heidt និង​លោក​ស្រី មនោ សូទ្ធី ជាភរិយា
លោក​ William Heidt ឯកអ​គ្គរដ្ឋទូ​តថ្មី​នៃស​ហរ​ដ្ឋអា​មេរិ​ក​ប្រចាំកម្ពុ​ជា បា​នចា​ត់ទុកក​ម្ពុជា ជាទឹកដី​ដ៏ពិសេ​សក្នុ​ងបេះដូ​ងរបស់​លោក។ ឯក​អគ្គ​រដ្ឋទូ​តរូប​នេះ បានមា​នប្រ​សា​សន៍​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ ក្នុ​ងឃ្លីប​វីដេអូ​មួយជាមួ​យភ​រិយា​របស់​លោក ​ដែលជា​ជនជា​តិខ្មែរ គឹលោកស្រី មនោ ​សូទ្ធី។ ឃ្លីបវីដេអូ​ដែលមាន​រយៈពេល​១នាទី និង៤១វិនាទី ត្រូវ​បាន​បង្ហោះផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋមេរិក នៅថ្ងៃទី១៦ ខែកញ្ញានេះ។



«ប្រទេស​កម្ពុជា ជា​កន្លែងពិ​សេស​ក្នុងបេះដូ​ងខ្ញុំ។ ខ្ញុំមា​នកិត្តិយ​សណា​ស់ ដែ​លលោក​ប្រធានា​ធិប​តី បារ៉ាក់ អូ​បាម៉ា បានតែ​ងតាំងខ្ញុំជា​ឯកអគ្គ​រដ្ឋ​ទូតថ្មីរបស់​សហ​រដ្ឋ​អាមេរិ​កប្រចាំនៅ​ព្រះរាជា​ណាចក្រកម្ពុជា»។ នេះ​ជាប្រសា​សន៍របស់​លោក William Heidt ដែលស​ម្តែងពី​មោទ​នភាព ដែ​លបាន​ទទួល​តំណែង​ជាឯកអ​គ្គរដ្ឋទូ​តប្រចាំនៅកម្ពុជា។
តាមរ​យៈវីដេអូឃ្លី​បនេះ លោក William Heidt បានប្តេជ្ញា​ថា រូបលោ​ក​នឹងខិតខំ​បំពេញ​ភារកិច្ច​ជាអ្ន​កការទូត ដើ​ម្បីធ្វើឲ្យកម្ពុជា និងសហរដ្ឋ​អាមេរិ​កមាន​ទំនាក់ទំនងកាន់តែរឹងមាំ។ លោក​បញ្ជាក់​ដូច្នេះថា៖ «ខ្ញុំនឹ​ងខំធ្វើកា​រ ដើម្បីធ្វើ​ឲ្យទំនា​ក់ទំន​ងរវា​ងសហរដ្ឋអាមេរិក និងប្រ​ជាជនខ្មែរឲ្យកាន់តែស៊ីជម្រៅ និងដើម្បីបង្រួ​មចំ​ណងមិត្តភា​ពរវាងប្រទេស​ទាំងពីរ​ឲ្យកាន់តែរឹងមាំឡើង»។

លើសពីនេះ​ទៅទៀត ​ឯកអគ្គរដ្ឋទូ​តថ្មី​រូបនេះក៏បាន​អះអាងដែ​រថា រូបលោ​កធ្លាប់​បានរស់នៅ និងធ្វើកា​រនៅក​ម្ពុជា កាលពីចុ​ងទសវត្សទី៩០​ ។ លោក​បញ្ជាក់ថា៖ «កាលពីចុងទសវត្សទី៩០ ខ្ញុំធ្លាប់ធ្វើការក្នុងស្រុកខ្មែរ។ ពេល​នោះខ្ញុំបានជួយបង្កើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ជួយលើកក​ម្ពស់សន្តិ​សុខ និ​ងជួយកា​រពារបរិស្ថានផងដែរ»។

លោកស្រី មនោ សូទ្ធី ក៏​បាន​បង្ហាញពី​អារម្មណ៍​រំភើប​រីករាយ​របស់​ខ្លួន​ផង​ដែរ ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ខ្លួន ដែល​លោក​បាន​មើលឃើញពីការរីកចម្រើននា​រយៈពេល​២០​ឆ្នាំ​ចុងក្រោយនេះ។

នៅ​ឃ្លីបវីដេអូ គេ​ក៏​សង្កេតឃើញ​ការ​ភ្ជាប់នូវ​រូបថតអនុស្សាវរីយ៍​ផ្សេងៗនាអំឡុង​បេសកកម្ម​របស់​លោក William Heidt កាលពីចុងទសវត្សទី៩០នៅ​កម្ពុជា រួមទាំង​រូបថតអាពាហ៍ពិពាហ៍​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ផងដែរ៕



Tag:
 ស្ថានទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com