ជាតិ
អ្នកនិពន្ធ៖ ប្រវត្តិ​ប្រាសាទព្រះវិហារ​គឺ​សំខាន់​សម្រាប់​សន្តិភាព​និង​ការអភិវឌ្ឍ
17, Sep 2015 , 7:59 am        
រូបភាព
ដោយ:

កាលពី​សប្ដាហ៍​កន្លងទៅ អ្នកនិពន្ធ​សៀវភៅ​ថ្មី​មួយ​ឈ្មោះថា Temple in the Clouds ឬ«ប្រាសាទ​នៅក្នុង​ពពក» ដែល​សរសេរ​អំពី​ប្រាសាទព្រះវិហារ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទ​នេះ​ជាថ្មី។ លោក​នៅ វ​ណ្ណារិន នៃ VOAបានរួម​ដំណើរ​ជាមួយ​លោក John  Burgess អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​ការ​សែត The Washington Post ដើម្បី​យក​ពត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​នេះ៕



 
លោក John Burgess អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​កាសែត The Washington Post និង​ជា​អ្នកនិពន្ធ​សៀវភៅ​ថ្មី​មួយ​ឈ្មោះថា «Temple in the Clouds» ឬ«ប្រាសាទ​នៅក្នុង​ពពក»ស្តីពី​ប្រាសាទព្រះវិហារ និង​វិវាទ​អំពី​ប្រាសាទ​នេះ បាន​ធើ្វ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទព្រះវិហារ​ជាថ្មីទៀត។
 
ប្រាសាទព្រះវិហារ ដែល​ស្ថិតនៅលើ​ជាយ​ភ្នំ​ដងរែក ជិត​ព្រំដែន​នៃ​ប្រទេស​ថៃ បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការ​ប្រទាញប្រទង់​គ្នា​រវាង​កម្ពុជា​និង​ប្រទេស​ថៃ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ។
 
សព្វថ្ងៃ​ប្រាសាទ​ដ៏​ចំណាស់​នេះ​បាន​ត្រឡប់​ទៅរក​សភាព​ស្ងប់ស្ងាត់ ដោយមាន​ដំណើរ​ទស្សន​កិច្ច​របស់​ភ្ញៀវ​ទេសចរណ៍​ដូច​ធម្មតា​ឡើងវិញ។ លោក John Burgess អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​កាសែត The Washington Post និង​ជា​អ្នកនិពន្ធ​សៀវភៅ​ថ្មី​មួយ​ស្តីពី​ប្រាសាទព្រះវិហារ និង​វិវាទ​អំពី​ប្រសាទ​នេះ ក៏បាន​ធើ្វ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទ​សាជាថ្មី​ផងដែរ។
 
នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ VOA នៅឯ​ប្រាសាទ​នេះ លោក​បាន​ថ្លែង​ឲ្យ​ដឹងថា រដ្ឋាភិបាល​ទាំងពីរ​អាច​នឹង​ពិបាក​ក្នុងការ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ដ៏​យូរអង្វែង​មួយ​នៅក្បែរ​ប្រាសាទ​នេះ ពីព្រោះ​ប្រជាជន​ថៃ និង​កម្ពុជា​នៅតែមាន​កំសួល​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រាសាទ​នេះ​នៅឡើយ។
 
ស្ថាបនា​នៅលើ​ជាយ​ភ្នំ​ម្ខាង​នៃ​ជួរ​ភ្នំ​ដងរែក ប្រាសាទព្រះវិហារ​នៃ​សតវត្សរ៍១១នេះ​ធ្លាប់ជា​ចំណុចកណ្តាល​នៃ​អាណាចក្រ​ខ្មែរ។ លោក Burgess អ្នកនិពន្ធ​សៀវភៅ«Temple in the Clouds» ឬ​ប្រាសាទ​នៅក្នុង​ពពក និយាយថា៖
 
«ប្រាសាទ​នេះ​វា​មាន​ភាពខុសប្លែក​ពី​ប្រាសាទខ្មែរ​ផ្សេងទៀត។ វា​សាងសង់ឡើង​នៅលើ​កំពូលភ្នំ​ធម្មជាតិ​ដ៏​ធំ និង​បាន​សាងសង់ឡើង​ដោយ​ក្សត្រ​ខែ្មរ​ជាច្រើន​អង្គ។ វា​ត្រូវបាន​ស្ថាបនា​តាម​ទិស​ជើង​ត្បូង និង​មាន​រាង​ជា​បន្ទាត់​ត្រង់​ដ៏​វេ​ង មិនមាន​ជាង​រាង​ការ៉េ ដូច​ប្រាសាទ​ភាគច្រើន​ទេ»។
 
ប្រាសាទ​នេះ​គឺធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​នៃ​ព្រហ្មញ្ញសាសនា។
 
លោក Burgessបាន​ឲ្យ​ដឹងថា ដូនតា​ខ្មែរ​បាន​ប្រើប្រាស់​ថ្មភក់​ភ្នំ​ដែល​នៅលើ​ភ្នំ​ធម្មជាតិ​នោះ​ដើម្បី​សាងសង់​ប្រាសាទ ដែល​សព្វថ្ងៃ​ក្លាយ​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក។
 
«នៅពេលដែល​ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​កាលពី​មួយ​ពាន់​ឆ្នាំមុន ប្រាសាទ​នេះ​ស្ថិតនៅ​យ៉ាងជ្រៅ​ក្នុង​ទឹកដី​នៃ​ចក្រភព​ខ្មែរ។ ដោយសារតែ​ការផ្លាស់ប្តូរ​ព្រំដែន​ក្នុង​រយៈពេល​ជាច្រើន​សតវត្សរ៍​នេះ វា​ក៏បាន​ប្រែជា​នៅត្រង់​ព្រំប្រទល់​នៃ​ប្រទេស​ពីរ​ដែល​មិន​ទុកចិត្ត​គ្នា​គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ ហើយ​ប្រាសាទ​នេះ​ត្រូវ​កាត់សេចក្តី​ឲ្យ​ទៅ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ១៩៦។ ក៏ប៉ុន្តែ បញ្ហា​នៅតែមាន​ជា​បន្ត។ មកដល់ពេលនេះ ជម្លោះទឹកដី ដែល​ស្ថិតនៅ​ជុំវិញ​ប្រាសាទ​មួយ​នេះ នៅតែមាន»។
 
នៅក្នុង​ឆ្នាំ១៩៦២ តុលាការអន្តរជាតិ​ទី​ក្រុងឡាអេ​បានបញ្ជាក់​ច្បាស់​ថា ប្រសាទ​នេះ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ក៏ប៉ុន្តែ​ជម្លោះទឹកដី​នៅ​ជុំវិញ​ប្រាសាទ​នោះ​នៅតែ​បន្ត និង​ឈានដល់​ការ​ប្រឈម​ផ្នែក​យោធា​ដាក់គ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ២០០។ នា​ឆ្នាំ២០១៣ តុលាការអន្តរជាតិ​ក្រុងឡាអេ​បានកំណត់​ថា ប្រទេស​កម្ពុ​ជាមាន​អធិបតេយ្យភាព​ទឹកដី​ដែល​នៅ​ជុំវិញ​ទីតាំង​ប្រាសាទ​នោះ ហើយ​ថៃ​ត្រូវតែ​ដកទ័ព។
 
ប្រាសាទព្រះវិហារ​បាន​វិលត្រឡប់​ទៅជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឡើងវិញ។ ភ្ញៀវ​ទេសចរណ៍ ដូចជា​លោក​ហែម សុភា​រៈ ជា​សមាជិក​ក្រុម​វេទិកា​អន្តរ​ជំនឿ បានធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជាមួយ​ក្រុមចម្រុះ​ជាតិ​សាសន៍​ក្នុង​តំបន់។ លោក​ហែម សុ​ភារៈ​និយាយថា សន្តិភាព​និង​ភាពស្ងប់ស្ងាត់​នៅក្នុង​តំបន់​ប្រាសាទ​នេះ​គឺជា​រឿង​ល្អ​សម្រាប់គ្រប់ៗគ្នា។
 
«ហ្អា ជា​យោបល់​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​ទាំងពីរ​ឲ្យ​គាត់​គិតពី​ប្រយោជន៍​ប្រជាជន​ជាធំ មុន​ពេលធ្វើ​អ្វីមួយ ពីព្រោះ​ធ្វើ​អី​ក៏ដោយ អ្នក​ដែល​ឈឺចាប់ មិនមែន​រដ្ឋាភិបាល ដែល​ពួកគាត់​អង្គុយ​នៅក្នុង​ប៊ុ​យ​រ៉ូ​នោះទេ មិនមែន​អស់លោក​អ្នកនឹង​ទេ គឺ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន ដែលមាន​បញ្ហា។ ជួនកាល​គាត់​គេង​មិន​លក់ ពេល​ដែលមាន​គ្រាប់​ផ្ទុះ​ផូង​ផាំង​រហូត​អញ្ចឹង។ ហើយ​ប្រពន្ធ​កូន​របស់គាត់​បាន​អ្វី​ទទួលទាន បើ​មាន​បញ្ហា​អញ្ចឹង»។
 
លោក Burgess យល់ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពី​គួរតែ​រួមសហការ​គ្នា​ក្នុងការ​បន្ធូរបន្ថយ​ភាព​ជាតិនិយម​ជ្រុល​ដែល​អាច​នាំ​ដល់​ជម្លោះ​ដូច​អតីតកាល។
 
«វា​មិនមែនជា​អ្វីដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​អាចធ្វើ​បាន​តា​មរយៈ​ការចរចា និង​កិច្ចព្រមព្រៀង​នោះទេ ពីព្រោះ​នៅតែមាន​កំសួល​យ៉ាងខ្លាំង​នៅក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ»។
 
លោក​បាន​បន្តថា៖«អ្នកខ្លះ​ឲ្យ​យោបល់​ក្នុង​ការបង្កើត​សៀវភៅ​ប្រវត្តិសាស្ត្រ​រួម ដូច​ប្រទេស​បារាំង និង​អា​លឺ្ល​ម៉​ង់ ដែល​បាន​ឯកភាព​ធ្វើ​សៀវភៅ​រួមគ្នា ហើយ​សៀវភៅ​នេះ​ត្រូវបាន​គេ​បង្រៀន​នៅតាម​សាលា​នានា ហើយ​កូនចៅ​របស់​ជនជាតិ​អាល្លឺម៉ង និង​បារាំង​បាន​រៀន​ប្រវត្តិសាស្ត្រ​តែមួយ»។
 
លោក​បាន​បន្តទៀតថា ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង​ដំណើរ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ច្រើន ក៏​ជា​វិធីសាស្ត្រ​មួយ​ល្អ​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំងពីរ​សិក្សា​ពី​សារៈសំខាន់​នៃ​ប្រាសាទ​នេះ​ផងដែរ៕
 



សូមចុចទៅប្រភពដើម VOA ត្រង់នេះ




© រក្សាសិទ្ធិដោយ thmeythmey.com