ជាតិ
សិស្ស​និទ្ទេស A សាលា AIS ៥នាក់​ប្រាប់​ពី​កត្តា​ជោគជ័យ​ក្នុងការ​សិក្សា
18, Sep 2015 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
សិស្ស​ចំនួន៥នាក់ នៃ​សាលារៀន​អន្តរទ្វីប អាមេរិកាំង (AIS) បានទទួល​និទ្ទេស A ក្នុងការ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ (បាក់​ឌុប) ឆ្នាំ​សិក្សា២០១៤-២០១៥  ។ក្នុងចំណោម​សិស្ស​ទាំង៥នាក់​នេះ មាន​ប្រុស២នាក់ និង​ស្រី៣នាក់។



វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​សម្រាប់​សិស្ស ៥នាក់​នៃ​សាលារៀន​អន្តរទ្វីប​អាមេរិក ដែល​ស្ថិតក្នុង​ចំណោម​សិស្ស ១០៨នាក់ ទទួល​បានទទួល​និទ្ទេស A ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តែ​វា​ជាការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​យ៉ាង​ប្តូរផ្តាច់​របស់​ពួកគេ គួបផ្សំ​នឹង​ការយកចិត្ត​ទុក​ពី​សំណាក់​មាតាបិតា និង​ស្ថាប័ន​អប់រំ​របស់​ពួកគេ។

បេក្ខជន និង​បេ​ក្ខ​នារី​និទ្ទេស A ទាំង៥នាក់​នោះ​គឺ ១. យុវជន សុខ សៀវ​ឈូង ២. យុវជន ឈួ អាំង​ឡេង ៣. យុវតី ជិន ច័ន្ទ​ដា​លុ​ច្ស ៤. យុវតី ល័​ក្ខ សុ​ផាវ​ត្ដី ៥. យុវតី សុង លូ​ស្ស៊ី។ តើ​មាន​មូលហេតុ និង​វិធីសាស្ត្រ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​យុវជន យុវតី​ទាំង៥នាក់​នេះ​អាចមាន​សមត្ថភាព​ទទួល​បាន​និទ្ទេស A?

យុវតី សុង លូ​ហ្ស៊ី បាន​លើកឡើងថា៖ «កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ដូច​ថ្ងៃនេះ គឺមាន​កត្តា​ច្រើន។ ទីមួយ​គឺ​កត្តា​ខ្ញុំ​ខ្លួនឯង  ដែល​ខ្ញុំ​បានដាក់​ចិត្ត​ថា​ខិតខំ​រៀនសូត្រ។ ហើយ​មួយទៀត​គឺ​កត្តា​ឪពុកម្តាយ បើ​មិនមាន​ពួកគាត់ ខ្ញុំ​ក៏​មិនមាន​ភាពជោគជ័យ​នៅ​ថ្ងៃ​នឹង​ដែរ។ ចំណែកឯ​កត្តា​ដ៏​សំខាន់​មួយទៀត​នោះ​គឺ សាលារៀន។ ដោយសារតែ​សាលា​មាន​វិន័យ​តឹងរឹង លោកគ្រូ អ្នកគ្រូ​មាន​ភាព​ហ្មត់ចត់​ក្នុង​បង្ហាត់បង្រៀន ដល់​សិស្សានុសិស្ស។ លើសពីនេះ​ទៅ​ទៀត ការបែងចែក​ពេលវេលា​ក្នុងការ​សិក្សា ក៏​ជា​កត្តា​ចាំបាច់​ដែរ»។

ស្រដៀង​គ្នា​នេះដែរ យុវជន ឈួ អាំង​ឡេង យល់ថា កត្តា​ដែល​ជំរុញ​ឲ្យ​ខ្លួនឯង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដូច្នេះ គឺ​អាស្រ័យ​លើក​ត្តា ៤យ៉ាង គឺ​ខ្លួនឯង គ្រួសារ សាលារៀន និង​សង្គម។ ឈួ អាំង​ឡេង​ពន្យល់​ទាំង​ញញឹម​ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​នៅពេលនេះ គឺមាន​កត្តា៤យ៉ាង។ ទី១ គឺ​កត្តា​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​ខ្ញុំ​បាន​តាំងចិត្ត​តាំងពីដើម​មក ថា​យក​និទ្ទេស A ឲ្យ​បាន។ កត្តា​ទី២ គឺ​ឪពុកម្តាយ​ខ្ញុំ ដែល​គាត់​តែងតែ​ឧបត្ថម្ភ​ឲ្យ​ខ្ញុំ​រៀនសូត្រ នៅ​សាលា​ល្អ រហូត​អញ្ជើញ​គ្រូ​មក​បង្រៀន​ដល់ផ្ទះ​ទៀត។ ហើយ​កត្តា​ទី៣ គឺ​សាលារៀន និង​លោកគ្រូ អ្នកគ្រូ។ ដោយសារតែ សាលារៀន​មាន​វិន័យ​តឹងរឹង ផ្តោតលើ​គុណភាព​ជា​ចម្បង រួមផ្សំ​នឹង​លោកគ្រូ អ្នកគ្រូ ដែលមាន​សមត្ថភាព និង​ភាព​ហ្មត់ចត់ ក្នុងការ​បង្រៀន ផ្តល់នូវ​ដំបូន្មាន​ដ៏ល្អៗ ព្រមទាំង​ជួយ​ជ្រោមជ្រែង និង​ជួយ​ខ្ញុំ​នៅពេលដែល​ខ្ញុំ​មាន​បញ្ហា​ក្នុង​សិក្សា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ប្រឡង​ជាប់​និទ្ទេស A នេះ។ បើ​គ្មាន​ពួកគាត់​ទេ ខ្ញុំ​ក៏​មិនអាច​ប្រឡង​បាន​និទ្ទេស A នេះដែរ ។ រីឯ​កត្តា​ទី៤ គឺ​កក្តា​សង្គម ដែល​ខ្ញុំ​ចង់​ក្លាយជា​ពលរដ្ឋ​ល្អ​ម្នាក់ ដូច្នេះ​ខ្ញុំ​ត្រូវ​ព្យាយាម​រៀនសូត្រ​នូវ​អ្វីដែល​នៅ​ជុំវិញខ្លួន ក្រៅពី​ការសិក្សា​នៅក្នុង​សាលា។

ក្រៅពី​ការលើកឡើង​នូវ​កត្តាផ្សេងៗរបស់​អ្នក​ទាំងពីរ ដែល​បណ្តាល​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​នេះ យុ​ជន យុវតី​បី​រូប​ទៀត​ដែល​ទទួលបាន​និទ្ទេស A ដូចគ្នា ក៏បាន​លាតត្រដាង​នូវ​វិធីសាស្ត្ររៀងៗខ្លួន ក្នុងការ​សិក្សា​ដើម្បី​ទទួលបាន​ភាពជោគជ័យ។

យុវជន សុខ សៀវ​ឈូង បាន​បកស្រាយ​ពី​វិធីសាស្ត្រ​របស់ខ្លួន​ថា៖ «វិធីសាស្ត្រ​ក្នុង​ការរៀន​របស់ខ្ញុំ គឺ​ទី១ ខ្ញុំ​ត្រូវ​ខំ​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើន ព្រោះថា ពេលណា​យើង​ធ្វើ​លំ​ហាត់​ច្រើន យើង​ស្គាល់​ប្រភេទ​នៃ​ប្រធាន​លំ​ហាត់។ អីចឹង​យើង​មាន​ដំណោះស្រាយ​ច្រើន​ក្នុង​ការធ្វើ​លំ​ហាត់​ទាំងអស់នោះ។ ជាងនេះទៅទៀត យើង​ក៏​ត្រូវតែ​ស្គាល់​វិធីសាស្ត្រ​ជាច្រើន​ក្នុងការ​ដោះស្រាយ​លំ​ហាត់​មួយ ព្រោះថា លំ​ហាត់​មួយ​មិន​អាចមាន​វិធី​តែមួយ​នោះទេ អីចឹង​យើង​ត្រូវ​ចេះ​ច្រើន​វិធី​ក្នុងការ​ដោះស្រាយ។ ហើយ​មួយទៀត យើង​ត្រូវខិតខំ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង ក្រៅពី​ការសិក្សា​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅក្នុង​សាលា។ ចំណែកឯ​វិធីសាស្ត្រ​មួយទៀត គឺ​យើង​មិនត្រូវ​ដាក់​សម្ពាធ​ខ្លួនឯង​ទៅលើ​ការសិក្សា​ពេក​នោះទេ។ យើង​ត្រូវ​ចេះ​បែងចែក​ពេលវេលា​លំហែកាយ និង​សម្រាក់​ខួរក្បាល​ខ្លះ។ នៅពេលណា​ដែល​យើង​រៀន​គឺ​រៀន ហើយ​នៅពេលណា​ដែល​យើង​លេង គឺ​លេង ដើម្បី​បន្ធូរ​អារម្មណ៍​តឹងតែង»។

ចំណែកឯ យុវតី ល័​ក្ខ សុ​ផាវ​ត្តី បាន​ពន្យល់​ពី​វិធីសាស្ត្រ​របស់ខ្លួន​ថា៖ «វិធីសាស្ត្រ​នៃ​ការរៀន​នោះ ខ្ញុំ​យល់ថា ទីមួយ​យើង​ត្រូវ​ស្វែងយល់​ពី​ខ្លួនឯង​ជាមុនសិន ថា​តើ​របៀប​រៀន​បែប​ម៉េច ដែល​ធ្វើ​ឲ្យ​យើង​រៀន​បាន​ជោគជ័យ។ ព្រោះ​វិធីសាស្ត្រ​ខ្លះ អ្នកដទៃ​អនុវត្ត​ទៅបាន​ជោគជ័យ តែ​មិន​ប្រាកដថា​យើង​អាចធ្វើ​ខ្លួនឯង​ឲ្យ​ជោគជ័យ​នោះទេ ព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមានលក្ខណៈខុសៗគ្នា។ ហើយ​ម្យ៉ាងទៀត ចំពោះ​ខ្ញុំ​វិញ ក្នុង​ការរៀន ខ្ញុំ​តែងតែ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ជានិច្ច ខ្ញុំ​មិន​ងាយ​បាក់​ទឹកចិត្ត​ក្នុងការ​សិក្សា​នោះទេ។  លើសពីនេះទៅទៀត នៅពេល​ខ្ញុំ​មាន​ចម្ងល់​ចំពោះ​លំ​ហាត់ ឬ​មេរៀន​ណាមួយ ខ្ញុំ​តែងតែ​សួរ​មិត្តភក្តិ​ខ្ញុំ​ឲ្យ​ជួយ​ពន្យល់»។

រីឯ កញ្ញា ជិន ច័ន្ទ​ដា​លុ​ច្ស វិញ មាន​ទស្សនៈ និង​វិធីសាស្ត្រ​ខុសពី​នាក់​ទាំងពីរ ដោយ​យុវតី​រូបនេះ អនុវត្តតាម​អង្គ​របស់​អ្នកសិក្សា ពោលគឺ សុ ចិ បុ លិ។ បេ​ក្ខ​នារី​និទ្ទេស A រូបនេះ​បញ្ជាក់​ដូច្នេះ​ថា៖ «ចំពោះ​ខ្ញុំ​វិញ ដើម្បី​រៀន​ឲ្យ​បាន​ពូកែ និង​ទទួលបាន​លទ្ធ​ផ​ល្អ អ្វីដែល​សំខាន់បំផុត​នោះ​គឺ ស្តាប់ គិត សួរ កត់ត្រា។ មិន​ថា​រៀន​នៅ​សាលា​ផ្លូវការ ឬក៏​រៀន​គួរ​នោះទេ សំខាន់បំផុត​គឹ ស្តាប់ គិត សួរ កត់ត្រា នឹង​ហើយ ឥតមាន​អ្វី​ក្រៅពី​នឹង​ទេ។ កាលណា​យើង​មិនបាន​យកចិត្តទុកដាក់​ជាមួយ​គ្រូ ចំពោះ​អ្វី​ដែក​គាត់​បាន​ពន្យល់ យើង​ប្រាកដជា​មិន​យល់ ហើយ​ត្រូវ​ចំណាយពេល​មក​មើល​មេរៀន​ដដែល​នៅផ្ទះ​ឡើងវិញ​ទៀត។ ជាងនេះទៅទៀត ពេល​មក​ផ្ទះ​វិញ​ត្រូវអនុវត្ត​លំ​ហាត់​ឲ្យ​បាន​ច្រើន មិន​ថា​លំ​ហាត់​ក្នុង​សៀវភៅ លំ​ហាត់​គ្រូ​ដាក់​ឲ្យ ឬក៏​លំ​ហាត់​ដែល​យើង​រៀន​គួរ​នោះទេ។ ជាពិសេស ពេល​ជិត​ប្រឡង យើង​ត្រូវ​ប្រឹងរៀន​ឲ្យ​មែនទែន និង​ប្រឹង​ធ្វើ​លំ​ហាត់​ចាស់​ឡើងវិញ»។

ការប្រឡង​ជាប់​និទ្ទេស A របស់​ពួកគេ​ទាំង៥នាក់​ពិតជា​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាន​អារម្មណ៍​រំភើប​ឥតឧបមា ព្រមទាំង​នាំ​កិត្តិយស និង​មោទនភាព​ដល់​សាលា​របស់​ពួកគេ​ទៀតផង។ ឥឡូវ​យើង ក្រឡេក​ទៅ​មើល​ឪពុកម្តាយ ព្រមទាំង​អា​ព្យាបាល​របស់​ពួកគេ​ម្តង ដែល​បាន​សម្តែង​អារម្ភ​រំភើប​ចំពោះ​សមត្ថភាពកូនៗរបស់ខ្លួន​ដែល​ទទួលបាន​និទ្ទេស A។

លោកស្រី យី សុភ័ក្ត្រ ដែលជា​អ្នក​ម្តាយ​របស់ លូ​ស្ស៊ី បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ​ថា៖ «ខ្ញុំ​តែងតែ​តាមដាន​សកម្មភាព​រប​ស់​លូ​ស្ស៊ី។ ខ្ញុំ​សង្កេតឃើញថា​កូន​ខ្ញុំ​ខំរៀន ហើយ​ខ្ញុំ​គិតថា​កូន​ខ្ញុំ​ប្រាកដជា​អាច​ទទួលបាន​លទ្ធផល​ល្អ​នៃ​ការប្រឡង។ ឥឡូវ​លូ​ស្ស៊ី ទទួលបាន​និទ្ទេស A ដូច​ការរំពឹងទុក​មែ​ន។ គ្រាន់តែ​ខ្ញុំ និង​ប៉ា​លូ​ស្ស៊ី​ដឹង​ដំណឹង​នឹង​ភ្លាម ពួកយើង​ពិតជា​សប្បាយចិត្ត សប្បាយចិត្ត​មែនទែន នៅពេលដែល​ឃើញ​កូន​ទទួលបាន​លទ្ធផល​ល្អ​ដូច្នេះ»។

ចំណែកឯ លោក សុខ ហួត ដែលជា​លោកប៉ា​របស់ សៀវ​ឈូង ក៏មាន​ប្រសាសន៍​ទាំង​ញញឹម​ថា៖ «តាម​សមត្ថភាព​របស់​សៀវ​ឈូង ខ្ញុំ​ធ្លាប់​រំពឹងថា គាត់​អាច​ទទួលបាន​លទ្ធផល​ល្អ ព្រោះ​គាត់​ប្រឹងរៀន ខ្ញុំ​តែងតែ​តាមដាន​សកម្មភាព​សិក្សា​របស់គាត់។ ពេល​ឃើញ​កូន​ទទួលបាន​ជោគជ័យ​អីចឹង ខ្ញុំ​ពិតជា​ត្រេកអ​រណាស់ ហើយ​ខ្ញុំ​បាន​សន្យាថា​នឹង​រៀបចំ​ពិធី​អបអរ​គាត់ ដើម្បី​ជាការ​លើកទឹកចិត្ត​គាត់»។

រីឯ លោកស្រី ស៊ា សុគន្ធា​វី ដែលជា​ម្តាយធំ របស់ អាំង​ឡេង ក៏បាន​សម្តែង​ការអបអរសាទរ​ថា៖ «មិនថាតែ​ម៉ាក់​អាំង​ឡេង​ទេ​ដែល​ត្រេកអរ សូម្បីតែ​ខ្ញុំ​ជា​ម្តាយធំ ក៏​ខ្ញុំ​សប្បាយ​ដែរ សប្បាយចិត្ត​មែនទែន ដែល​ឃើញ​ក្មួយ​គាត់​បានទទួល​លទ្ធផល​ល្អ​ដូច្នេះ»។ ថ្វី​ដ្បិត​ខ្ញុំ​ជា​ម្តាយធំ​មែន តែ​ខ្ញុំ​រស់នៅ​ជាមួយ​គ្រួសារ​អាំង​ឡេង ដូចជា​គ្រួសារ​តែមួយ​អីចឹង។ ខ្ញុំ​សង្កេតឃើញថា អាំង​ឡេង​គឺជា​កូន​ល្អ ស្រួល​អប់រំ មិន​ពិបាក​ណែនាំ​រឿង​រៀនសូត្រ​នោះទេ គឺ​គាត់​ខិតខំ​ដោយ​ខ្លួនឯង​តែ ម្តង យើង​មិនដែល​ជំរុញ​ច្រើន​នោះទេ»។

តាមពិតទៅ​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​សិស្ស​ទាំង​នេះ ក៏​អាស្រ័យ​លើ​ប្រព័ន្ធ​អប់រំ​របស់​សាលា​មួយផ្នែកធំ​ដែរ។ មិន​ថា​លោកគ្រូ អ្នកគ្រូ​នោះទេ សូម្បី​ពួកគេ​ទាំង ៥នាក់​ផ្ទាល់​ក៏​ទទួលស្គាល់ថា ស្ថាប័ន​អប់រំ​នេះ គឺ មាន​វិន័យ​តឹងរឹង និង​ផ្តោតលើ​គុណ​ភាពជា​ចម្បង។

លោក អ៊ី ប៊ុនលី ជា​គ្រូបង្រៀន​ផ្នែក​ប្រវត្តិវិទ្យា ដែលមាន​បទពិសោធ​ជិត១០ឆ្នាំ ក្នុងការ​បង្រៀន​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង បាន​លើក​ថា ប្រព័ន្ធ​អប់រំ​របស់​សាលារៀន​អន្តរទ្វីប​អាមេរិកាំង គឺមាន​វិន័យ​ល្អ និង​ផ្តោតទៅលើ​គុណភាព​ជាធំ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ទីនោះ​មិនចាំបាច់​តែ​ថ្នាក់​ទី១២ បាន​យើង​ខំប្រឹង​ពង្រឹង​នោះទេ តែ​វិន័យ​សាលា​គឺមាន​តាំងពី​ថ្នាក់ក្រោម​មក។ ហើយ​ជាពិសេស​នោះ មុនពេល​ប្រឡង គ្រូៗទាំងអស់​សុទ្ធតែ​ផ្តល់​អនុសាសន៍ ដល់​សិស្សានុសិស្ស ឲ្យ​ត្រៀមខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ។ ដូច្នេះហើយ​បានជា​សាលា​យើង ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក​មែន»។

លោក អ៊ី ប៊ុនលី បន្ថែមទៀតថា៖ «ការប្រឡង​ជាប់​និទ្ទេស A នេះ គឺ​វា​សាក​សម​នឹង​អ្វីដែល​ពួកគេ​ទាំង ៥នាក់ បាន​ខិតខំ​ប្រឹងប្រែង ព្រមទាំង​មានការ​ជំរុញ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​គ្រប់រូប។ មុន​ប្រឡង ខ្ញុំ​ក៏បាន​រំពឹងទុក​ដែរ​ថា សិស្ស​របស់ខ្ញុំ​នឹង​ទទួលបាន​និទ្ទេស A »។

លើសពីនេះ​ទៀត លោកស្រី ម៉ែន ភក្តី ជា​គ្រូ​ផ្នែក​ជីវវិទ្យា ដែលមាន​បទពិសោធ ៨ឆ្នាំ​ក្នុង​ការបង្រៀន​នៅ​ស្ថាប័ន​មួយ​នេះ ក៏បាន​លើកឡើង​ដែរ​ថា លោកគ្រូ អ្នកគ្រូ​ទាំងអស់ បាន​ខិតខំ​ព្យាយាម​ណាស់ ក្នុងការ​ផ្តល់​ជា​គំនិត​ដល់​សិស្សានុសិស្ស​ថា​ត្រូវ​ត្រៀមខ្លួន និង​ធ្វើ​យ៉ាងម៉េច​ក្នុងការ​ប្រឡង។

អ្នកគ្រូ​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖ «សិស្សានុសិស្ស​នៅទីនេះ ភាគច្រើន គឺ​ពួកគាត់ មានការ​ភ្ញាក់រឭក​ដោយ​ខ្លួនឯង អីចឹង​ហើយ​បានជា​ពួកគាត់​ចាប់បាន​លឿន​តែម្តង នូវ​អ្វីដែល​លោកគ្រូ អ្នក​បាន​ណែនាំ។ ជាពិសេស​នោះ លោកគ្រូ អ្នកគ្រូ​គ្រប់រូប មានការ​សហការ និង​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិស្សានុសិស្ស»។

សូមបញ្ជាក់ថា ចំនួន​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​សាលារៀន​អន្តរទ្វីបអាមេរិកាំង មាន​ចំនួន ៣៣៩នាក់ ក្នុងនោះ​មាន​ចំនួន ២៩៦នាក់​ដែល​ប្រឡង​ជាប់។ ចំនួន​អ្នក​ប្រឡង​ជាប់​ទាំង ២៩៦នាក់ មាន៥នាក់​ទទួលបាន​និទ្ទេស A ២០នាក់​បាន​និទ្ទេស B ៣៣នាក់ បាន​និទ្ទេស C ៦០នាក់ បាន​និទ្ទេស D និង ១៧៨នាក់ បាន​និទ្ទេស E៕



© រក្សាសិទ្ធិដោយ thmeythmey.com