ពីនេះ ពីនោះ
ទស្សនវិទូ៖ តើ​សេរីភាព​នយោបាយ​មាន​ព្រំដែន​ដែរឬទេ?
19, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ជា​អ្នកប្រព្រឹត្ត ឥទ្ធិពល​ពិត​កើតមាន​ចំពោះ​សង្គម។ ក្នុងនាម​ជា​ទស្សនវិទូ​នយោបាយ ជា​ប្រវត្តិវិទូ ជា​សង្គម​វិទូ និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ជនជាតិ​បារាំង​លោក ម៉ុង​តេស​គី​យើ ( Montesquieu)បាន​លើកឡើងថា «ក្នុង​លទ្ធិប្រជាធិបតេយ្យ ប្រជាជន​ធ្វើ​សកម្មភាព​ទៅតាម​អ្វីដែល​ខ្លួន​ពេញចិត្ត។ ប៉ុន្តែ​សេរីភាព​នយោបាយ​មិនអាច​នឹង​កើតមាន​សេរីភាព​ឥត​ព្រំដែន​នោះទេ»។



ជាការ​ពិត​ការរស់នៅ​មាន​សិទ្ធិ មាន​សេរីភាព​គឺជា​អ្វីមួយ​ដែល​មនុស្ស​ទូទៅ​ចង់បាន។ ក្នុងនោះ​ផងដែរ​បុគ្គល​គ្រប់រូប​តែង​យល់ថា រហូតមកដល់​សម័យ​នេះហើយ គឺ​សម័យ​ដែល​សង្គម​មួយ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ហើយ ហេតុ​អី​នៅមាន​ការ​បំបិទ​សិទ្ធិ បំបិទ​សេរីភាព​មនុស្ស​ទៀត។ គេ​តែង​នាំគ្នា​គិតថា ខ្ញុំ​មាន​មាត់​ខ្ញុំ​ត្រូវតែ​និយាយ ខ្ញុំ​មាន​ដៃ​មាន​ជើង​ត្រូវតែ​ធ្វើ​សកម្មភាព ខ្ញុំ​មាន​ក្បាល​ត្រូវតែ​គិត​វិភាគ និង​រិៈ​គន់​បាន​ដោយ​សេរី ព្រោះនេះ​ជា​អ្វីដែល​លទ្ធិប្រជាធិបតេយ្យ​បានផ្ដល់​ឲ្យ​ខ្ញុំ។ ជាពិសេស​នៅក្នុង​សកម្មភាព​នយោបាយ​តែងមាន​ការលើកឡើងដូចៗគ្នា ទាំង​អ្នកនយោបាយ ទាំង​អ្នកគាំទ្រ​អ្នកនយោបាយ​គឺ​ចង់បាន​សិទ្ធិ ចង់បាន​សេរីភាព​នៅក្នុង​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន។ តែ​ផ្ទុយទៅវិញ​បុគ្គល​ទាំងនោះ​បែរជា​មិនដឹងថា​តើ​ព្រំដែន​ដែល​ខ្លួន​ចង់បាន​នៅក្នុង​លក្ខខណ្ឌ​បែបណា​ឲ្យ​ពិតប្រាកដ​នោះ​ទ?

ចំណែកឯ​នៅក្នុង​រដ្ឋាភិបាល​ក៏​ដូច​នៅក្នុង​សង្គម​ដែល​ដឹកនាំ​ដោយ​ច្បាប់ សេរីភាព​មិនអាច​ចេះតែ​កើតមាន​ទៅតាម​ឆន្ទៈ​របស់​យើង​គ្រប់​រូបភាព​បានទេ។ ព្រោះនេះ​ជា​កិច្ចសន្យា​សង្គម​មួយ​ដែល​មនុ​ស្សបាន ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ដើម្បី​ឲ្យ​មាន​សង្គម​មួយ​មានច្បាប់ មាន​ទម្លាប់​ត្រឹមត្រូវ ច្បាស់លាស់​ដើម្បី​គ្រប់គ្រង​សង្គម។ ចុះបើ​មនុស្ស​ទូទៅ ឬ​អ្នកនយោបាយ​ចេះតែ​ប្រើប្រាស់​សេរីភាព​ដែល​ធម្មជាតិ​បានផ្ដល់​ឲ្យ​ខ្លួន​នោះ វា​ពិតជា​គ្មាន​ន័យ​នោះទេ​ដើម្បី​រៀបចំ​សង្គម​ឲ្យ​មាន​នីតិរដ្ឋ។

ជារួម​ចំពោះ​គំនិត​របស់ ម៉ុង​តេស​គី​យើ បើទោះបីជា​សង្គម​បែប​ប្រជាធិបតេយ្យ សេរីភាព​ត្រូវ​ផ្ដល់ជូន​មនុស្ស​គ្រប់រូប​ក៏ពិតមែន តែ​ជា​សេរីភាព​ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើបាន​លុះត្រា​ណា​ច្បាប់​អនុញ្ញាត។  ហើយ​រាល់​ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​នេះ​ទៀតសោត​គឺ​ត្រូវតែ​យក​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន។

សរុបមក​យើង​អាច​ទាញ​សន្និដ្ឋាន​យ៉ាងខ្លី​ថា សង្គម​មានច្បាប់ គ្រួសារ​មាន​វិន័យ នោះ​សេរីភាព​គ្រប់បែបយ៉ាង​ក៏ត្រូវ​តែមាន​ដែន​កំណត់។ ភាពអនាធិបតេយ្យ​នៃ​សេរីភាព​នយោបាយ​ក៏ត្រូវ​តែ​បញ្ចប់។ ប៉ុន្តែ​វា​ក៏​មិន​អាចមាន​សេរីភាព​បានដែរ ប្រសិនបើ​ស្ថាប័ន​អំណាចតុលាការ មិនអាច​កាត់ផ្ដាច់​ចេញ​ពី អំណាចនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ហើយ​គ្មាន​ច្បាប់​ល្អ​ដើម្បី​គ្រប់គ្រង​សង្គម។



© រក្សាសិទ្ធិដោយ thmeythmey.com