ជាតិ
សិទ្ធិមនុស្ស៖ រដ្ឋាភិបាល​កាត់បន្ថយ​ដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅត្រឹម៥០ឆ្នាំ
20, Sep 2015 , 11:21 am        
រូបភាព
ដោយ: VOA

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កាត់បន្ថយរ​យៈ​ពេល​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅត្រឹម៥០ឆ្នាំ​វិញ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ។



លោក ស្រ៊ុន ដា​រិ​ទ្ធិ នាយខុទ្ទកាល័យ​ក្រសួងបរិស្ថាន​ឱ្យដឹងថា ការកាត់បន្ថយ​កិច្ចសន្យា​មក​ត្រឹម៥០ឆ្នាំនេះ​នឹងមាន​ភាពងាយស្រួល​ចំពោះ​រដ្ឋាភិបាល​ក្នុងការ​ប្រើប្រាស់ ឬ​អភិវឌ្ឍ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​នៅពេលដែល​ត្រូវការ។

«នៅក្នុង​ច្បាប់​គេ​ចែង​មក​ថា​អីចឹង កិច្ចសន្យា​ដែល​ពីមុន​លើស​ហ្នឹង​ត្រូវ​កាត់​មក​សល់​ត្រឹម​ប៉ុណ្ណឹង។ ច្បាប់​គេ​ឱ្យធ្វើ​អីចឹង។ យើង​មិនដឹងថា​តើ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ​ទៀត តម្លៃ​វា​ត្រូវ​ឡើង ឬក៏​ដី​ហ្នឹង​យើង​អាច​យកទៅ​ប្រើប្រាស់​យ៉ាងម៉េច វា​អាចមាន​តម្លៃ​សេដ្ឋកិច្ច​ច្រើនជាង​ហ្នឹង។ ចឹ​ង​បើ​យើង​ដាក់​ដល់៩០ឆ្នាំ ៧០ឆ្នាំ វា​យូរ បើ​យើង​ចង់យក​ទៅធ្វើ​អ្វី​ផ្សេង ឬ​ចង់​ជួល​ឱ្យ​ថ្លៃ​ជាង​ហ្នឹង​យើង​ធ្វើ​អត់​បាន»។

លោក តិក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​បញ្ជាក់ថា ការកាត់បន្ថយ​រយៈពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំ ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នេះ​ជាការ​វិវត្តន៍​វិជ្ជមាន​មួយ​ក្នុងការ​ត្រួតពិនិត្យ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ក៏ប៉ុន្តែ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច វា​ទាមទារ​ឱ្យមាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង ការឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាជន​នៅ​មូលដ្ឋាន ដែល​រង​ប៉ះពាល់​ដោយសារ​សម្បទាន​សេដ្ឋកិច្ច និង​ការថ្លឹងថ្លែង​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

«តែ​អ្វី​ដែលជា​កិច្ចការ​សំខាន់ ហើយ​ត្រូវធ្វើ​ជាប្រចាំ​នោះ​គឺជា​ការត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុងតែធ្វើការ​អនុវត្ត​នៅក្នុង​ប្រ​ទស​កម្ពុជា​យើង​ឱ្យបាន​ទៀងទាត់ ហើយ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ល្អប្រសើរ»។

លោក​បាន​បន្ថែមទៀតថា៖ «ទី១នៅមាន​គឺ​ការខ្វះខាត​ក្នុងការ​អនុវត្ត​ច្បាប់​នៅ​ទីតាំង​ជាក់ស្តែង​នៅ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទី២នៅ​ខ្វះខាត​ការត្រួតពិនិត្យ​ជាប្រចាំ​នូវ​ការអនុវត្ត​របស់​ក្រុមហ៊ុន​ដី​សម្បទាន។ មួយទៀត​ដី​សម្បទាន​មួយចំនួន​គាត់​បានទទួល​លិខិតអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក៏ប៉ុន្តែ​ពុំបាន​ធ្វើការ​អភិវឌ្ឍ​ឱ្យទាន់ពេល»។

ក្រសួងបរិស្ថាន​ឱ្យដឹងថា មកទល់ពេលនេះ មាន​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ចំនួន១១៣ ត្រូវបាន​រាជរដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ។ ហើយ​ក្នុងនោះ មាន​គម្រោង​វិនិយោគ​ចំនួន៣៧ ដែល​រដ្ឋាភិបាល​សម្រេច​កាត់បន្ថយ​រយៈពេល​នៃ​កិច្ចសន្យា​មក​ត្រឹម៥០ឆ្នាំ គម្រោង​វិនិយោគ​ចំនួន២៣ ត្រូវបាន​ដកហូត ហើយ​មាន​គម្រោង​វិនិយោគ​ចំនួន៤ ដែល​ក្រុមហ៊ុន​ស្ម័គ្រចិត្ត​ប្រគល់​មកឱ្យ​រាជរដ្ឋាភិបាល​វិញ និង​មាន​គម្រោង​ចំនួន៤ ដែល​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ទំហំ​ផ្ទៃដី​វិនិយោគ ព្រមទាំង​មាន​គម្រោង​ចំនួន២០ទៀត ដែល​កំពុងស្ថិត​ក្រោម​កា​រ​តាមដាន​របស់​រាជ​រដ្ឋាភិបាល៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com