កីឡាជាតិ
ដល់​សប្ដាហ៍​ទី១៧ នេះ​ពាន MCL 2015 មានការ​ប្រជែង​គ្នា​កាន់តែខ្លាំង
21, Sep 2015 , 10:18 am        
រូបភាព
ដោយ:
 
ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំឆ្នាំ​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) បានធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី ១៧ ហើយ ស្របពេល​តារាង​ចំណាត់ថ្នាក់​មានការ​ប្រជែង​គ្នា​កាន់តែខ្លាំង​ក្រោយ​ការប្រកួត​ចំនួន ៦ គូ​បញ្ចប់ទៅ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ។

 
សម្រាប់​លទ្ធផល​ប្រកួត​ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១៩ កញ្ញា កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល ៣ ទល់ ០ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)របស់ខ្លួន។ ៣ គ្រាប់​របស់​ក្រសួងការពារជាតិ រកបាន​ដោយ​កីឡាករ Kim Jongho នៅ​នាទី ២៣ ហើយ​កីឡាករ Kazuki Tatsuta បា​នរក​គ្រាប់​ទី២ នៅ​នាទី​ទី ៣០ និង​គ្រាប់​ទី៣ នៅ​នាទី ៥។
 
នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន បាន​ប្រកួត​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ២ ទល់ ១ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន​របស់ខ្លួន។ ដំបូង​ឡើយ​ក្រុម​អាស៊ី​អឺរ៉ុប បា​នរក​គ្រាប់​បាល់​នាំមុខ ១ ទល់ ០ នៅ​នាទី ៦៩ ដោយ​កីឡាករ Mohamed Hamzaabdel ប៉ុន្ដែ​កីឡាករ Tadakuni Tomoyuki បាន​ទាត់​បាល់​ពិន័យ១១ ម៉ែត្រ​ឱ្យ​ក្រុម​វេ​ស្ទើ​ន តាម​បាន​ស្មើ​វិញ​នៅ​នាទី ៨១ ហើយ​កីឡាករ Methew Osa បា​នរក​គ្រាប់​បាល់​ទី២ ឱ្យ​ក្រុម​នៅ​នាទី ៨៨ មុន​បញ្ចប់​ការប្រកួត។
 
ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (ស៊ីម៉ាក់) ដោយ​លទ្ធផល ១០ ទល់ ១ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ កីឡាករ Booysen Shane បា​នរក​គ្រាប់​បាល់​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន ៤ គ្រាប់​ម្នាក់ឯង ហើយ​កីឡាករ កែវ សុខ​ផេង និង Bisan George  រកបាន​ម្នាក់ ២ គ្រាប់ គួច ដា​នី រកបាន ១ គ្រាប់ និង ១ គ្រាប់​ចុងក្រោយ​ជាការ​ធ្វេសប្រហែស​ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ខាង​ក្រុម​ស៊ីម៉ាក់។ ចំណែក ១ គ្រាប់​របស់​ស៊ីម៉ាក់ រកបាន​ដោយ​កីឡាករ Okereke Timothy។
 
ចំពោះ​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​ប្រកួត​ស្មើគ្នា ២ ទល់ ២ ជាមួយ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត​អង្គរ។ ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​បាល់​ឱ្យ​ស្វាយរៀង​នាំមុខ ១ ទល់ ០ នៅ​នាទី ២១ ដោយ​បាល់​ពិន័យ១១ម៉ែត្រ តែ​កីឡាករ អ៊ុំ កុម្ភៈ របស់​បឹងកេត តាម​បាន​ស្មើ ១ ទល់ ១ វិញ​នៅ​នាទី ៤។ ចូលដល់​នាទី៧៦ ខ្សែប្រយុទ្ធ Kipson របស់​ស្វាយរៀង បា​នរក​គ្រាប់​បាល់​នាំមុខ​ក្រុម​ភ្ញៀវ​ជា​បន្ត ប៉ុន្ដែ​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ជា​លើក​ទី២ នៅ​នាទី​ទី៨។
 
ដោយឡែក​សម្រាប់​ជំនួប​រវាង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រុម​បៀ​ល​ប្រាយ​យូ​ណា​ធី​ត លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន នៅ​ថ្ងៃអាទិត្យ ទី ២០ ខែ កញ្ញា នេះ​បញ្ចប់​ទៅដោយ​លទ្ធផល ១ ទល់ ។ ការប្រកួត​បាន ២៧ នាទី​កីឡាករ Privat បា​នរក​គ្រាប់​បាល់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នាំមុខ ១ ទល់ ០ ប៉ុន្ដែ​ការប្រកួត​ចូលដល់​នាទី ៦២ ទើប​កីឡាករ ស៊ឹម វុត្ថា ទើបតែ​ផ្ទេរ​ចេញពី​ក្រុម​វេ​ស្ទើ​ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ១ ទល់ ១ វិញ។ 
 
នៅ​ថ្ងៃអាទិត្យ​នេះ​ផងដែរ ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​បញ្ចប់​ទៅដោយ​លទ្ធផល ១ ទល់ ១ ដែរ​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រុម​ណាហ្គា​វើ​ល បា​នរក​គ្រាប់​បាល់​នាំ​មុខមុន ១ ទល់ ០ ដោយ​កីឡាករ Masahiro Fukasawa ប៉ុន្ដែ​ត្រូវបាន​កីឡាករ ស៊ុន វណ្ណ​ដេ​ត របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ តាម​បាន​ស្មើ​វិញ មុន​បញ្ចប់​ការប្រកួត។ 
 
សម្រាប់​តារាង​ចំណាត់​ក្រុម​ខ្លាំង​ទាំង៤ ប្រចាំ​សប្ដាហ៍​ទី១៧ នេះ​លេខ១ នៅតែ​ជា​ភ្នំពេញ​ក្រោ​ន មាន ៤២ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​បឹងកេត​អង្គរ មាន៣៩ ពិន្ទុ​តែ​នៅសល់១ប្រកួត​ក្នុង​ដៃ ហើយ​លេខ៣ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រ មាន៣១ ពិន្ទុ និង​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ ៤ មាន ២៩ ពិន្ទុ។ ស្វាយរៀង ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន២៦ ពិន្ទុ​ដូចគ្នា ស្របពេល​ក្រុម​បៀ​ល​ប្រាយ​នៅ​លេខ៨ មាន២១ ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប​លេខ៩ មាន១៤ ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​លេខ១០ មាន១៣ពិន្ទុ។ ចំណែក​ក្រុម២ បាត​តារាង​មាន​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (ស៊ីម៉ាក់) នៅ​លេខ១១ មាន១១ ពិន្ទុ ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ លេខ១២ មាន៥ ពិន្ទុ៕
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com