ពីនេះ ពីនោះ
ប្លា​តុង៖ ចៅក្រម​គឺជា​គ្រូពេទ្យ​នៃ​ព្រលឹង!
21, Sep 2015 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ប្លា​តុង​ជា​ទស្សនវិទូ​វិចារណញាណ​និយម ជនជាតិ​ក្រិ​ក​សម័យបុរាណ​ហើយ​ជា​ទស្សនវិទូ​មួយរូប ដែល​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​សមត្ថភាព​នៃ​គំនិត​របស់​មនុស្ស បាន​លើកឡើងថា «ចៅក្រម​គឺជា​គ្រូពេទ្យ​នៃ​ព្រលឹង»។ រាងកាយ​មាន​ជំងឺ អាច​ព្យាបាល​បាន​ដោយ​ថ្នាំពេទ្យ ចំណែក​គំនិត និង​ព្រលឹង​មាន​បញ្ហា​ត្រូវការ​អ្វី​ម្យ៉ាង​ដើម្បី​ព្យាបាល។ តើ​អ្វី​ជា​អត្ថន័យ​ពិត ចំពោះ​គំនិត​របស់​ប្លា​តុង?


 
បើ​យើង​និយាយ​ពី ពាក្យ​ថា​ចៅក្រម​គឺអាច​ដឹងបាន​ភ្លាម​ថា​ជា​បុគ្គល​ដែលមាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​តុលាការ ជា​មន្ត្រី​តុលាការ ជា​មន្ត្រី​អ្នក​ជម្រះក្ដី ក្នុង​ការធ្វើ​សេចក្ដី​វិនិច្ឆ័យ​ច្បាប់ ឬ​កាត់សេចក្ដី​ចំពោះ​បុគ្គល​ណាមួយ​កំពុង​ជំនុំ​ជំ​រះ​ក្ដី​នៅក្នុង​តុលាការ​ដើម្បី​ឲ្យ​ដឹងថា​អ្នកណា​ខុស ឬក៏​អ្នកណា​ត្រូវ។ 
 
តែ​ជាទូទៅ យើង​តែងតែ​ឃើញថា អ្នកប្រព្រឹត្ត​ខុស តែងតែ​ប្រកែកប្រណាំង ជាមួយ​ចៅក្រម​ជានិច្ច ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន ថា​ខ្លួន​មិនមែនជា​បុគ្គល​ដែល​បាន​សាង​កំហុស​ឬ​បទឧក្រិដ្ឋ​ណាមួយ​ជាដើម។  វិស័យ​ដូចជា​អ្នកជំងឺ​ផ្នែក​ស្មារតី តែងតែ​ប្រកែកប្រណាំង​ជាមួយ​គ្រូពេទ្យ​យ៉ាង​ដូច្នេះ​ដែរ។ ជា​ទង្វើរ​មួយ​ដែល​មិន​ព្រម​ទទួលយក​ការពិត​ថា​ខ្លួន​គឺជា​អ្នកណា។ 
 
ហេតុនេះ​ពាក្យ​មួយ​ឃ្លា​របស់​ប្លា​តុង​នៅទីនេះ​គឺ​ចង់​សម្ដៅ​ដល់​តួនាទី​របស់​ចៅក្រម​គឺ ជា​បុគ្គល​ដែល​អាច​ព្យាបាល​ជំងឺ​មិន​ទទួលខុសត្រូវ ជំងឺ​មិន​ទទួលយក​ការពិត ជំងឺ​អយុត្តិធម៌ ជំងឺ​កុហក​បោកប្រាស់ ជំងឺ​វង្វេង​សតិអារម្មណ៍​ក្នុង​ទង្វើ​ខុសច្បាប់​ជាដើម ដែល​តែង​កើតមាន​នៅក្នុង​គំនិត​របស់​បុគ្គល​ស្ទើរ​គ្រប់រូប។ ហើយ​ជំងឺ​ទាំងនេះ​សុទ្ធតែ​កើតឡើង​ពី​ព្រលឹង​មិន​បរិសុទ្ធ ហើយ​ចៅក្រម​ត្រូវតែដើរ​តួនាទី​ជា​គ្រូពេទ្យ​ដ៏​ល្អ​មួយរូប ជា​គ្រូពេទ្យ​ជំនាញ​មួយរូប គ្រូពេទ្យ​ដ៏​ប៉ិនប្រសប់ ដើម្បី​ព្យាបាល​ព្រលឹង​អាក្រក់​តាមរយៈ​ការវិនិច្ឆ័យ​ទោស​ដោយ​ត្រឹមត្រូវ មាន​សុក្រឹតភាព និង​សុចរិត​ត្រឹមត្រូវ ដែល​អាច​ឲ្យ​អ្នកជំងឺ​ទាំងនេះ​ទទួលយក​ការពិត​បាន។ តែបើ​ចៅក្រម​មិន​បំពេញ​កាតព្វកិច្ច​ជា​គ្រូពេទ្យ​ដ៏​ល្អ​ទេ នោះ​អ្នកជំងឺ​នោះ​ក៏​មិនអាច​ក្លាយជា​មនុស្ស​ល្អ​បានដែរ។ បើ​ចៅក្រម​វិនិច្ឆ័យ​ខុស គ្មាន​សច្ចភាព ក៏​មិន​អាចធ្វើ​ឲ្យ​កូនក្ដី​ណាមួយ​អាច​ទទួលយក​ភាពអយុត្តិធម៌​បានឡើយ។ បើទោះបីជា​ពេលខ្លះ​ជន​នោះ​ទទួលយក​ការសម្រេច​របស់​ចៅក្រម តែ​នៅក្នុង​ចិត្ត និង​គំនិត​របស់គាត់​គឺ​មិនអាច​ទទួលបាន​នោះទេ។
 
សរុបមក ក្នុងនាម​ជា​ចៅក្រម​គឺមាន​ករណី​កិច្ច​ដ៏​សំខាន់ ដើម្បី​សំអាត​ព្រលឹង​របស់​មនុស្ស ព្យាបាល​គំនិត​អវិជ្ជមាន​របស់​មនុស្ស​នៅក្នុង​សង្គម ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​ក្លាយជា​បុគ្គល​ដែលមាន​សុខ​ភាពល្អ​ផ្នែក​ព្រលឹង គំនិត និង​វិញាណ។
 

© រក្សាសិទ្ធិដោយ thmeythmey.com