តារាចម្រៀង គង់ វណ្ណា ប្រឈម​ជាប់ពន្ធនាគារ​នៅ​អូស្ត្រាលី​ពីបទ​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់
22, Sep 2015 , 5:27 pm        
រូបភាព
ដោយ: រួបរួម
តារាចម្រៀង​ខ្មែរ លោក គង់ វណ្ណា ដែល​បាន​ទៅ​រស់នៅ​អូស្ត្រាលី​តាំងពី​ឆ្នាំ១៩៨៣ ត្រូវ​តុលាការ​កំពូល​រដ្ឋ Victoria បើកសវនាការ​កាត់ទោស​ជុំវិញ​ការប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី​ម្នាក់​រហូតដល់​មាន​របួសស្នាម​ធ្ងន់ធ្ងរ​កាលពី​អំឡុង​ឆ្នាំ២០១៣ ។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អូស្ត្រាលី The Age។

 
លោក គង់ វណ្ណា អាយុ៥៦ឆ្នាំ រស់នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ត្រូវបាន​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ប្រៀបប្រដូច​ទៅនឹង​តារាចម្រៀង​ល្បីល្បាញ​អាមេរិក​ឈ្មោះ Frank Sinatra ។ លោក​បានធ្វើ​អន្តោប្រវេសន៍​ទៅកាន់​អូស្ត្រាលី​កាលពី​ឆ្នាំ១៩៨៣ ហើយ​ធ្លាប់​បានមក​សាង​ភាពល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ១៩៩៨ ។ ពលរដ្ឋ​កម្ពុជា​ស្គាល់ឈ្មោះ​លោក​ច្បាស់ តាមរយៈ​បទ​ចម្រៀង «ឱ​ស្នេហ៍​មាសបង» ដែល​លោក​បាន​បកស្រាយ​តាម​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត។
 
បើតាម​ការបញ្ជា​ក់រប​ស់ The Age លោក គង់ វណ្ណា ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចហើយ​នៅក្នុង​រដ្ឋ New South Wales លើ​សំណុំរឿង​ឃុំឃាំង​អតីត​មិត្តស្រី​របស់ខ្លួន​ម្នាក់។ ដោយឡែក​ករណី​ទី​ពីរ លោក គង់ វណ្ណា បាន​ជួប​ជនរងគ្រោះ​កាលពី​ខែមិថុនា ឆ្នាំ២០១៣ តាមរយៈ​មិត្តភក្តិ​ម្នាក់ ហើយ​បាន​ចាប់ចិត្ត​ស្រឡាញ់ បើទោះបីជា​ដឹងថា ស្ត្រី​ម្នាក់​នោះ មាន​ស្វាមី​ក៏ដោយ។
 
ព្រះរាជអាជ្ញា​ឈ្មោះ Daryl Brown ត្រូវបាន​ដកស្រង់​សម្តី​ដោយ The Age ថា គង់ វណ្ណា និង​ស្ត្រី​រងគ្រោះ ត្រូវបាន​អញ្ជើញ​ដោយឡែក​ក្នុង​ពិធីជប់លៀង​នៅផ្ទះ​មិត្តភក្តិ​ម្នា​ក់នៅ​តំបន់ Dandenong North ប៉ុន្តែ​នៅពេលដែល​លោក គង់ វណ្ណា ទៅដល់​ស្ត្រី​រងគ្រោះ​បានគេច​ចេញទៅ​រថយន្ត​របស់​របស់ខ្លួន។ លោក គង់ វណ្ណា បាន​ទៅ​ឃាត់​ហើយ​និយាយ​គ្នា​ប្រមាណ១ម៉ោង ដោយបាន​លើកឡើងថា ជីវិត​គេ​គ្មាន​ន័យ​ឡើយ ប្រសិនបើ​គ្មាន​នាង។ ប៉ុន្តែ​ស្ត្រី​រងគ្រោះ បានប្រកែក ហើយ​បានធ្វើ​ឲ្យ​លោក គង់ វណ្ណា ខឹងសម្បា ថែមទាំង​ធ្វើការ​វាយតប់ បន្ថែម​ពីលើ​នេះ លោក​បាន​ច្របាច់ បិទមាត់ និង​ច្រមុះ​នៅពេលដែល​ជនរងគ្រោះ​ស្រែកហៅ​ឲ្យ​គេ​ជួយ។
 
ស្ត្រី​រងគ្រោះ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ខ្លួន​ស្ទើរតែ​ស្លាប់​នាពេលនោះ ប្រសិនបើ​មិនមាន​អ​ន្តា​គម​ន៍​ពី​មិត្តភក្តិ។ ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូន​មន្ទីរពេទ្យ និង​សម្រាក​ព្យាបាល​រយៈពេល៣ថ្ងៃ។
 
លោក​រង់ចាំ​ថ្ងៃ​ឡើង​សវនាការ​សារជាថ្មី​ដើម្បី​ស្តាប់​ពី​សាលក្រម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com