អន្តរជាតិ
សហភាព​អឺរ៉ុប​ព្រម​ទទួល​ជនភៀសខ្លួន១២ម៉ឺន​នាក់​ទាំង​ចម្រូងចម្រាស
23, Sep 2015 , 11:26 am        
រូបភាព
ដោយ:
ជន​ភៀស​រាប់ម៉ឺន​នាក់ បាន​សម្រុក​ទៅកាន់​អឺរ៉ុប ដែលជា​កន្លែង​ដែល​ពួកគេ​រំពឹងទុក​ថា​ជា​កន្លែង​ដែល​អាច​ឲ្យ​គេ​កសាង​ជីវិត​សារជាថ្មី។ រយៈពេល​ប៉ុន្មាន​សបា្តហ៍​ចុងក្រោយ​នេះ ក្រុម​ជនភៀសខ្លួន​រាប់ពាន់នាក់​បាន​ជាប់គាំង​និង​កកស្ទះ​តាម​បណ្តោយ​ព្រំដែន​រដ្ឋ​អឺរ៉ុប​មួយចំនួន ដ្បិត​រដ្ឋ​ទាំងនោះ​មានការ​រឹតត្បិត​និង ចាត់វិធានការ​តឹងរឹង​ចំពោះ​ជនភៀសខ្លួន​ច្រើនពេក​ដែល​គេ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ទីលំនៅ។ ចុងក្រោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​សហភាព អឺរ៉ុប បានអនុម័ត​លើ​គម្រោង​កំណត់​កូតា​ដើម្បី​ទទួលយក​ជនភៀសខ្លួន​ប្រមាណ១២ម៉ឺន​នាក់ ទាំង​រដ្ឋ​មួយចំនួន​ជំទាស់​ដាច់ខាត​មិន​ព្រម​អនុវត្ត​ការកំណត់​នេះ។



កាលពី​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​សហភាព​អឺរ៉ុប បានអនុម័ត​លើ​គម្រោង​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ដប់​ពីរម៉ឺន​នាក់មក​រស់នៅក្នុង​តំបន់​អឺរ៉ុប​ទាំង២៨ប្រទេស។ ការសម្រេច​ទទួលយក​នេះ មិន​ទទួលបាន​ការឯកភាព​ពីរ​ដ្ឋ​សមាជិក​ទាំងអស់​នោះទេ ដ្បិត​រដ្ឋ​មួយចំនួន​បាន​ជំទាស់​និង​ប្រកែក​មិន​អនុវត្តតាម​ការសម្រេច​នេះ។

ចុងក្រោយ​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​ដែល​កំពុងតែ​កកស្ទះ​តាម​ព្រំដែន​អឺរ៉ុប​អាចមាន​សង្ឃឹម​ជាថ្មី​បន្ទាប់ពី​សមាជិក​អឺរ៉ុប​ភាគច្រើន បានសម្រេច​អនុម័ត​ក្នុង​ការផ្តល់​ទីជម្រក​សម្រាប់​ពួកគេ​នៅក្នុង​តំបន់​អឺរ៉ុប។លោក Dimitris Avramopoulos គណៈកម្មាធិការ​ចំណាកស្រុក​សហភាព​អឺរ៉ុប បាន​អះអាងថា​ការអនុម័ត​ទទួលយក​ជនភៀសខ្លួន គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ការទទួលខុសត្រូវ និង សាមគ្គី​របស់​សហភាព​អឺរ៉ុប។

ការពិភាក្សា​លើ​បញ្ហា​ជនភៀសខ្លួន និង ការទទួលយក​ជនភៀសខ្លួន មិនមែន​ទើបតែ​ត្រូវបាន​ធ្វើឡើង​នោះទេ ពោលគឺ​រដ្ឋមន្ត្រី​មហាផ្ទៃ​សហភាព​អឺរ៉ុប ធ្លាប់​បរាជ័យ​ក្នុង​ការទទួល​ជនភៀសខ្លួន ម្តង​រួចទៅហើយ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ដ្បិត​រដ្ឋ​មួយចំនួន​បាន​ជំទាស់។ សម្រាប់​ការអនុម័ត​ទទួលយក​ជនភៀសខ្លួន​ទាំង១២ម៉ឺន​នាក់ គឺជា​ជំហាន​ដំបូង​ហើយ​ដែល​សហភាព​អឺរ៉ុប​បានសម្រេច។

តាមពិតទៅ អឺរ៉ុប ក៏​មិនសូវ​ពេញចិត្ត​ប៉ុន្មាន​នោះទេ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ជាច្រើន​ម៉ឺន​នាក់​នោះ។ ទោះ​ចង់ ឬ​មិន​ចង់ នេះ​គឺជា​ការទទួលខុសត្រូវ និង កាតព្វកិច្ច​អន្តរជាតិ។ អ្វី​គួរកត់សម្គាល់​នោះ ក្រោយពី​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បរាជ័យ​ក្នុងការ​អនុម័ត​ទទួលយក​ជនភៀសខ្លួន អង្គការសហប្រជាជាតិ បាន​រិះគន់ខ្លាំងៗចំពោះ​ស្ថាប័ន​នេះ ថា​មិន​បានធ្វើ​ឲ្យ​វិបត្តិ​ជនភៀសខ្លួន​មាន​ស្ថិរភាព។ ជាពិសេស​នោះ អវត្តមាន​នៃ​ការ​ព្រមព្រៀងគ្នា​នេះ បានធ្វើ​ឲ្យ​រដ្ឋ​អឺរ៉ុប​មួយចំនួន​ដូចជា​ហុង​គ្រី បាន​ចាត់វិធានការ​យ៉ាង តឹងរឹង​ទៅលើ​ជនភៀសខ្លួន​ដូចជា​ការដាក់​របង​លូ​ស​តាម​ព្រំដែន ការកាត់ទោស​ជនភៀសខ្លួន​ខុសច្បាប់ និង ធ្ងន់ធ្ងរ​នោះ ហុង​គ្រី បាន​ប្រើប្រាស់​យោធា​ដើម្បី​ទប់ទល់​ជាមួយនឹង​ជនភៀសខ្លួន​ទៀតផង។ បើ​អឺរ៉ុប​នៅតែ​បណ្តោយ​ឲ្យ​រដ្ឋ​សមាជិក​ខ្លួន បន្តធ្វើ​សកម្មភាព​បែបនេះ នោះ​អឺរ៉ុប នឹងត្រូវ​ខាត​ទាំង​ប្រយោជន៍ និង កេរ្តិ៍ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ។

យ៉ាងណាក៏ដោយ អ្នកវិភាគ​បាន បាន​ចាត់ទុកថា ការទទួលយក​ជនភៀសខ្លួន​ទាំង​ចម្រូងចម្រាស នឹងធ្វើ​ឲ្យ​សហភាព​អឹ​រ៉ុ​ប​ត្រូវបាន​បែងចែក​គ្នា។ តួយ៉ាង ខណៈពេលដែល​សមាជិក​ភាគច្រើន​បាន​យល់ព្រម ហុង​គ្រី រ៉ូ​ម៉ា​នី សាធារណៈ​ឆែក និង ស្លូ​វ៉ា​គី បាន​ប្រឆាំង​ទៅនឹង​ការសម្រេច​នេះ។ បន្ថែម​ពីនេះ រដ្ឋ​ទាំងនេះ​បាន​ជំទាស់​ក្នុងការ​អនុវត្ត​ផងដែរ។

បើ​យោងតាម​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន​ជាង៤០ម៉ឺន​នាក់ បាន​មកដល់​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៥ ហើយ ជនភៀសខ្លួន៦០០០នាក់ បាន​មកដល់​អឺរ៉ុប​ជា​រៀងរាល់ថ្ងៃ។ កន្លងមក រដ្ឋ​អឺរ៉ុប ដែល​បានទទួល​ជនភៀសខ្លួន​ច្រើនជាងគេ​មានដូចជា អា​ល្លឹ​ម៉​ង់ បារាំង អង់គ្លេស អ៊ីតាលី និង ស៊ុយអែត៕


Tag:
 សហភាព​អឺរ៉ុប
  ​ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com