ពីនេះ ពីនោះ
ទំពាំង​រលួយ អាច​ស្នង​ឫស្សី​បានទេ?
25, Sep 2015 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
ខ្មែរ​មាន​ពាក្យស្លោក​មួយ​ឃ្លា ថា« ទំពាំង​ស្នង​ឫស្សី» ជា​ឃ្លា​ធៀប​មួយ ដើម្បី​បង្ហាញ និង​ដាស់តឿន​ក្រើនរំលឹក​ដល់​មនុស្ស​សម័យ​ថ្មី​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​កសាង​សង្គមជាតិ​ពេលអនាគត។  ចុះបើ​ទំពាំង​ខ្ញុំ​រលួយ​ហើយ តើ​គេ​អាច​សង្ឃឹមលើ​ខ្ញុំ​ទេ?



បើ​ទំពាំង​ពន្លក​មក​ស្អុយ រលួយ ដី​ខ្វះ​ជីជាតិ គ្មាន​អ្នក​យកចិត្តទុកដាក់ ឬ​ទំពាំង​ខ្លះ​គ្រាន់តែ​ដុះ​មក​ស្រាប់តែ​ត្រូវគេ​កាត់ គេ​ជីក​បាត់ តើ​អាច​នឹងមាន​ឫស្សី​ល្អ​នៅពេល​ខាង​មុន​បាន​ដោយ​របៀប​ណា? ទំពាំង​ទាំងនេះ​មួយចំនួន​ប្រៀប​បីដូច ក្មេង​ខិលខូច ក្មេង​មិន​ខិតខំ​រៀនសូត្រ ក្មេង​ពាល ក្រុម​ក្មេង​ញៀន​ល្បែង ញៀនអាភៀន ស្រី ស្រា ដែល​ធ្វើ​ឲ្យ​សង្គម​បាត់​នូវ​ធនធាន​ជួយ​ស្រោចស្រង់​សង្គម​ដ៏​សំខាន់។

កត្ដា​នេះហើយ​ទើប​បញ្ហា​នេះ​បាន​ក្លាយជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​ក្រសួង​អប់រំ​ចាប់ផ្ដើម​ចាក់ទឹក ស្រោច​គល់ ដាក់​ជី បោចស្មៅ ជ្រោយ​ដី​ដើម្បី​ធ្វើ​ឲ្យ​ទំពាំង​មាន​សុខ​ភាពល្អ មាន​គុណភាព​ផ្នែក​អប់រំ ឲ្យ​ក្លាយជា​ក្ដីសង្ឃឹម​ចំពោះ​អនាគត​ប្រទេស ដែល​បាន​ដេកលក់​ផ្នែក​វិស័យ​អប់រំ​ជាង២០ឆ្នាំ។

ជាការ​ពិត​បើ​យុវជន​ស្អុយ​ហើយ ចង់​មិន​ចង់​សង្គម​មិន​អាចមាន​ភាពរឹងមាំ ឬ​ខ្លាំង​បានយូរ​អង្វែង​ទេ។ ក្នុងនាម​ជា​ឫស្សី​ឃុំគ្រង ក្នុងនាម​ជា​អ្នកដឹកនាំ ក្នុងនាម​ជា​អ្នក​បណ្ដុះបណ្ដាល ក្នុងនាម​ជា​ជន​គំរូ ត្រូវតែ​ជួយ​ធ្វើយ៉ាងណា​ឲ្យ​ទំពាំង​ដែល​ទូល​ដី​ចេញ​ជា​ទំពាំង  ដែល​លូត​ត្រដរ​ដុះ​ចេញ​ជា​ទំពាំង  ឲ្យ​ក្លាយជា​ឫស្សី​ដ៏​ល្អ ក្លាយជា​យុវជន​សសរទ្រូង​រប​ស់​ប្រទេសជាតិ។ យុវជន​ខ្លួនឯង ក៏​ត្រូវតែ​ប្រឹងប្រែង​តស៊ូ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​សមជា​យុវជន​សម័យថ្មី មានគំនិត​ថ្មី កុំ​ដេក​ចាំតែ​ស្រែកថា គ្រួសារ​ក្រីក្រ គ្មាន​លទ្ធភាព មិត្ត​ភ​ក្កិ​អួ​សទាញ ឬ​បន្ទោស​រដ្ឋ​ថា​មិន​យកចិត្តទុកដាក់ ចោទ​សង្គម​មិន​ខ្វល់​ពី​ខ្លួន ទាំង​ខ្លួន​មិនទាន់បាន​ចាប់ផ្ដើម​ពី​ខ្លួនឯង​ផង​នោះ។


© រក្សាសិទ្ធិដោយ thmeythmey.com