កីឡាជាតិ
បឹងកេត​អង្គរ​នាំមុខគេ ខណៈ​អា​ស៊ឺ​អឺរ៉ុប ស៊ីម៉ាក វេ​ស្ទើ​ន និង​គិរីវង់ អស់​ផ្លូវ​ប្រជែង​ពាន
25, Sep 2015 , 4:28 pm        
រូបភាព
 ក្រុមកីឡា​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​រង​បរាជ័យ​លើកដំបូង​ក្នុង​ទឹកដី​របស់ខ្លួន ដោយសារ​ក្រុម​បាត​តារាង គិរីវង់​សុខ​សែន​ជ័យ ខណៈ​បឹងកេត​អង្គរ​ដែលជា​គូប្រជែង​ដ៏​ធំ​របស់ខ្លួន​បន្ត​ទទួល​ជ័យជម្នះ​របស់ខ្លួន​លើ​ណាហ្គា​វើ​ល ដើម្បី​ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ឆ្នាំ២០១៥ ។

 
ភ្នំពេញ​ក្រោ​ន បាន​ខក​ឱកាស​រក្សាខ្លួន​ដោយ​ឈរ​ពីលើ​បឹងកេត​អង្គរ​សម្រាប់​សប្តាហ៍​ទី១៨នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ បន្ទាប់ពី​ពួកគេ​រង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ក្រោយ​ចាញ់​ក្រុម​បាត​តារាង គិរីវង់​សុខ​សែន​ជ័យ ២-១ នៅ​កីឡដ្ឋាន RSN របស់ខ្លួន កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ នេះ​ជា​បរាជ័យ​លើក​ទី​ពីរ​របស់​ភ្នំពេញ​ក្រោ​ន​ប្រចាំ​រដូវ​កាល និង​ជាការ​ខកចិត្ត​លើកដំបូង​ផងដែរ​សម្រាប់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ​នៅក្នុង​ទឹកដី។
 
ស្របពេល​នៃ​ការបរាជ័យ​របស់​ភ្នំពេញ​ក្រោ​ន ក្រុម​បឹងកេត​អង្គរ បាន​ក្តោប​ក្តាប់​ឱកាស​ក្នុងការ​ឡើងទៅ​ឈរលើ​កំពូល​តារាង​វិញ ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ណាហ្គា​វើ​ល​នៅ​ពហុ​កីឡដ្ឋាន។ បឹងកេត​អង្គរ​មាន៤២ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ នៅសល់​មួយ​ប្រកួត​តាម​ពីក្រោយ។
 
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​រក្សា​ចំណាត់​ទី​បី​លើ​តារាង​ដោយមាន៣១ពិន្ទុ បើទោះបីជា​ពួកគេ​បាន​ចាញ់​ស្វាយរៀង ៣-០ ក៏ដោយ។ ជាមួយគ្នានេះ​ផងដែរ ជ័យជម្នះ​បាន​នាំ​ឲ្យ​ស្វាយរៀង​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ៤ ដោយមាន២៩ពិន្ទុ​ស្មើ ណាហ្គា​វើ​ល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងការពារជាតិ។ ក្រសួងការពារជាតិ​ដែល​កូដ​ជា​បន្តបន្ទាប់ អាចមាន​ឱកាស​ដណ្តើម​យក​លេខ៤ ដោយសារតែ​ពួកគេ​នៅសល់​មួយ​ប្រកួត​តាម​ពីក្រោយ។
 
បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ដែល​បាន​ចាញ់​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ៤-១ មាន២១ពិន្ទុ ដែល​នៅមាន​ឱកាស​ប្រជែង​យក​តំបន់​ក្រុម​ខ្លាំង​ទាំង៤ ខណៈ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ស៊ិ​ម៉ាក់​យូ​ណាយ​ធី​ត ដែលមាន១៤ពិន្ទុ វេ​ស្ទើ​ន​ភ្នំពេញ​ដែលមាន១៣ពិន្ទុ និង​គិរីវង់​សុខ​សែន​ជ័យ ដែលមាន៨ពិន្ទុ បានត្រឹមតែ​ប្រជែង​គ្នា​ឲ្យ​ផុតពី​តំបន់​គ្រោះថ្នាក់​ប៉ុណ្ណោះ។
 
៤ក្រុម​កំពូល​នឹង​ឈានទៅដល់​ការប្រកួត​វគ្គ​ខ្វែង​ប្រជែង​យកពាន​ប្រចាំ​រដូវ​កាល​ថ្មី ប៉ុន្តែ​ក្រុម​ដែល​បញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្រោយ​ការប្រកួត​វិលជុំ​ទាំង២២សប្តាហ៍ នឹង​ក្លាយជា​តំណាង​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ Mekong Toyoka Cup នៅ​ប្រទេស​ឡាវ។
 
ចំពោះ​កីឡាករ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​វិញ កីឡាករ ចាន់ វឌ្ឍនាកា​នៃ​ក្លិប​បឹងកេត​អង្គរ​រក្សា​ការ​នាំមុខគេ​ដោយមាន២៨គ្រាប់ ខណៈ Dzarma Bata របស់​ស្វាយរៀង​រកបាន២០គ្រាប់ កីឡាករ​ភ្នំពេញ​ក្រោ​ន Bisan George និង Booysen Shane រកបាន១៩គ្រាប់ និង George Kelichi របស់​អាស៊ី​អឺរ៉ុប រកបាន១៧គ្រាប់៕
 
 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com