ជាតិ
មហាវិថី«សម្តេច ហ៊ុន សែន» ពី​ម្តុំ​ក្បាលថ្នល់​ឆ្ពោះទៅកាន់​ម្តុំ​ព្រែក​ហូរ​នឹងដាក់​ឲ្យ​ដំណើរការ
26, Sep 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ មហាវិថី​ដែលមាន​ឈ្មោះថា «សម្តេច ហ៊ុន សែន» ភ្ជាប់​ពី​ម្តុំ​ក្បាលថ្នល់​ឆ្ពោះទៅកាន់​ម្តុំ​ព្រែក​ហូរ​នៅក្នុង​ខេត្តកណ្តាល​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​រយៈពេល​មួយឆ្នាំ ឬ២ឆ្នាំ​ខាងមុខ​ទៀត​នេះ។ មហាវិថី​ថ្មី​នេះ នឹង​អាចជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មួយកម្រិត​ធំ​បន្ថែមទៀត។


ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​តាមផ្លូវ​ថ្មី​មួយ​ដែល​ភ្ជាប់​ពី​ម្តុំ​ក្បាលថ្នល់​ឆ្ពោះទៅកាន់​តំបន់​ព្រែក​ហូរ​ខេត្តកណ្តាល លោកអ្នក​នឹងមាន​ការ​ភ្ញាក់ផ្អើល​ក្នុង​អារម្មណ៍​ជា​ពន់ពេក។ ផ្លូវ​ថ្មី​នេះ មាន​ទំហំ​ស្មើនឹង​មហាវិថី ពីព្រោះ​ទំហំ​ទទឹង​នៃ​ផ្លូវ​ថ្មី​នេះ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា មាន​ចំនួន៦០ម៉ែត្រ។ មហាវិថី​ថ្មី​នេះ ត្រូវបាន​សាងសង់​នៅលើ​បឹងទំពុន​ដោយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។ មហាវិថី​នេះ ត្រូវបាន​គេ​សាងសង់ឡើង​ស្រប​នឹង​ផ្លូវ​ចាក់អង្រែ​ឆ្ពោះទៅកាន់​ទីក្រុង​តាខ្មៅ។ មហាវិថី​ថ្មី​នេះ បើ​យោងតាម​គម្រោង ក៏​ត​ភ្ជាប់​ទៅ​ម្តុំ​ព្រែក​ហូរ​ដែរ ហើយ​អ្នកធ្វើដំណើរ​ក៏​ងាយស្រួល​ធ្វើដំណើរ​ទៅកាន់​ក្រុង​តាខ្មៅ​ផងដែរ។ 
 
មហាវិថី​ថ្មី​នេះ មិនមែន​ស្រប​តែ​ជាមួយ​ផ្លូវ​ចាក់អង្រែ​នោះទេ តាមពិត មហាវិថី​ថ្មី​នេះ ក៏មាន​ភូមិសាស្ត្រ​ស្រប​ជាមួយ​ផ្លូវ​ចម្ការ​ដូង​ដែរ ពីព្រោះ​ផ្លូវ​ថ្មី​នេះ ត្រូវបាន​សាងសង់​នៅលើ​បឹងទំពុន​មួយផ្នែក និង​បឹង​ជើងឯក​មួយផ្នែក។ លោក ឡុង ឌី​ម៉ុង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ផ្លូវ​ថ្មី​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ទីក្រុង​រណប​លើ​បឹងទំពុន​មួយផ្នែក​ពី​រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​លើផ្លូវ​នេះ​ដោយ​មិន​បង់ប្រាក់ បើទោះបី​វា​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ក៏ដោយ​ក្តី។ លោក ឌី ម៉​ង បន្តទៀតថា ផ្លូវ​ថ្មី​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​ចាក់អង្រែ​ឆ្ពោះទៅកាន់​ទីក្រុង​តាខ្មៅ។ 
 
ទីក្រុង​ថ្មី​នៅលើ​បឹងទំពុន​មិនទាន់​លេចចេញ​ជា​រូបរាង​ផង តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា បាន​ឡើងថ្លៃ​យ៉ាងគំហុក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com