ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថ្លែងប្រាប់​កិច្ចប្រជុំ​កំពូល UN ថា កម្ពុជា​ទទួល​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរ​ភាពល្អ
27, Sep 2015 , 10:39 am        
រូបភាព
រូបថត៖ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
រូបថត៖ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ភ្នំពេញ៖ នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​នៅក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក, លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​ពី​សមិទ្ធផល​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​កម្ពុជា​ជូន​សមាជិក​នៃ​អង្គការសហប្រជាជាតិ។



នៅ​ចំពោះមុខ​សមាជិក​នៃ​អង្គការសហប្រជាជាតិ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ដោយ​មោទនភាព​ថា កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​កំណើនសេដ្ឋកិច្ច​ខ្ពស់។ «ខ្ញុំ​រីករាយ​នឹង​ជម្រាបជូន​អង្គប្រជុំ​ថា ក្នុង​រយៈពេល២ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​សម្រេចបាន​នូវ​ការវិវត្ត​ប្រែប្រួល​គួរ​ជាទី​មោទនៈ ជាពិសេស ការរក្សាបាន​នូវ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​រឹងមាំ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ»។ នេះ​គឺជា​សារ​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បន្ទាប់ពី​លើកឡើង​រឿង​សន្តិសុខ​ល្អ​រួចហើយ លោក ហ៊ុន សែន បាន​រំលេច​ឲ្យ​ឃើញ​ពី​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បានជា​មធ្យម​ចំនួន​ជិត៨%ក្នុងមួយឆ្នាំ។

ផ្អែកលើ​មូលដ្ឋាន​កំណើន​នេះ អត្រា​នៃ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ថយចុះ​យ៉ាង​លឿន​ពី៥៣%ក្នុង​ឆ្នាំ២០០៤មក​នៅត្រឹម១៦%កាលពី​ឆ្នាំ២០១៣កន្លងមក។ លោក ហ៊ុន សែន បាន​បន្តទៀតថា៖«បច្ចុប្បន្ន កម្ពុជា​កំពុង​ឆ្លងទៅ​ក្នុងដំណាក់កាល​បន្ទា​ប់​នៃ​ការអភិវឌ្ឍ, នោះ គឺ​កម្ពុជា​កំពុង​ឈាន​ឡើងជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ២០១៦ខាងមុខនេះ»។



Tag:
 នយោបាយ
  UN
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com