ជាតិ
សេដ្ឋកិច្ច
ADB បង្កើន​ហិរញ្ញប្បទាន​ដល់៦ពាន់​លាន​ដុ​លា្ល​រ ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ
28, Sep 2015 , 7:59 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹង​បង្កើន​ហិរញ្ញប្បទាន​ទ្វេ​រដង ពី៣ពាន់​លាន​ដល់៦ពាន់​លាន​ដុ​លា្ល​រ​អាមេរិក នៃ​ហិរញ្ញប្បទាន​ប្រចាំឆ្នាំ​របស់ខ្លួន ទាក់ទង​នឹង​អាកាសធាតុ នៅ​ឆ្នាំ២០២០ ។  ការសម្រេច​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​កន្លងទៅ ដោយ លោក តេ​កេ​ហី​កូ ណា​កា​អុ(Takehiko Nakao) ប្រធាន ADB។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ពី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ការចំណាយ​របស់​ADB លើ​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ នឹង​កើនឡើង​ក្នុង​រង្វង់ ៣០ភាគរយ​នៃ​ហិរញ្ញប្បទាន​ទាំងអស់​រហូតដល់​ចុង​ទស្សវត្ស​ន៍​នេះ។  ADB បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ស្រប​ពេលដែល​ប្រទេស​អភិវឌ្ឍន៍ សន្យា​ប្រមូល​ហិរញ្ញប្បទាន​ចំនួន១០០ពាន់​លាន​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ២០២០ ដើម្បី​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ។

បើតាមសេចក្តីប្រកាស​ព័ត៌មាន​ដដែល ហិរញប្បទាន ៤ពាន់​លាន​ដុល្លារ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការបង្កើន​ការគាំទ្រ​ការប្រើប្រាស់​ថាមពល​កើតឡើង​វិញ ការប្រើប្រាស់​ថាមពល​ប្រក​ដោយ​ប្រសិទ្ធភាព ការដឹកជញ្ជូន​ប្រកបដោយ​ចីរភាព និង​ការកសាង​ទីក្រុង​ឆ្លាត។ ចំណែក ២ពាន់​លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បន្ស៊ាំ​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ​កសិកម្ម​បន្ស៊ាំ​នឹង​អាកាស​ធា​តិ និង​ការរៀបចំ​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​គ្រោះមហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ។

​ADB បានបញ្ជាក់ថា​ការបង្កើន​ហិរញ្ញប្បទាន​ទ្វេរ​ដង​នេះ គឺ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​យុទ្ធសាស្ត្រ​អាទិភាព ក៏ដូចជា​ការបង្កើន​ស​ម​ត្ថ​ភាព​ក្នុង​ការបង្កើន​ហិរញ្ញប្បទាន​ឲ្យ​លើសពី៥០ភាគរយ​របស់​ADB ពីព្រោះ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​តារាង​តុល្យការ  នៃ​ការរួមបញ្ចូល​គ្នា​នៃ​វិភាគទាន​ធនធាន​របស់​រាជរដ្ឋាភិបាល និង​មូល​ធិ​និ​អភិវឌ្ឍន៍អាស៊ី នៅក្នុង​ឆ្នាំ២០១៧ ។ បន្ថែម​លើ​ការបង្កើន​ហិរញ្ញប្បទាន​របស់ខ្លួន  ADB ក៏​នឹង​បន្ត​ស្វែងរក​កិច្ច​សហ​បន្ថែមទៀត ដូចជា​ការច្នៃប្រឌិត​ថ្មី  និង​ការផ្តល់​សហ​ហិរញ្ញប្បទាន ជាមួយ​ដៃគូ​សាធារណៈ និង​ឯកជន​ជាដើម។

លោក ណា​កា​អុ បាន​សង្កត់ធ្ងន់ថា​បច្ចេក​វិទ្យា ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ លោក​បន្ថែមថា៖«ADB នឹង​កែតម្រូវ​ប្រព័ន្ធ​លទ្ធកម្ម​របស់ខ្លួន​ដើម្បី​សម្រួល​ដល់​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​ឲ្យ​តែមាន​កម្រិត​ខ្ពស់​បន្ថែមទៀត​ទៅក្នុង​គ​ម្រោ​ង​របស់ខ្លួន។ ADB ក៏​នឹង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ដែលមាន​ឧត្តមភាព​នានា​នៅក្នុង​ពិភពលោក ក៏ដូចជា​ប្រទេស​សមាជិក​ដែលមាន​ចំណេះដឹង​ទំនើប និង​ជំនាញ​លើ​ការផ្លាស់ប្តូរ​អាកាសធាតុ។

សូមបញ្ជាក់ថា ក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៥ខាងមុខនេះ សន្និសីទ​អន្តរជាតិ​មួយ ស្តីពី​អាកាសធាតុ​លើក​ទី២១ឬ(COP21) នឹងត្រូវ​បានរៀបចំ​ឡើង នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ គេ​រំពឹងថា​សន្និសីទ​រយៈពេល២សប្តាហ៍​នោះ នឹង​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ ពី​ការកំណត់​ការប្រែប្រួល​អាកាសធាតុ ឲ្យ​នៅក្រោម២អង្សា​សេ៕




Tag:
 ADB
 ការប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com