ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
តំបន់ត្រីកោណ គឺជា​តំបន់​សក្តានុពល​ផ្នែក​នយោបាយ សេដ្ឋកិច្ច បរិស្ថាន​ធម្មជាតិ និង​សន្តិសុខ
29, Sep 2015 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា ប្រទេស​កម្ពុជា ឡាវ និង វៀតណាម បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ​ចំប៉ា​សាក់​ហ្គ្រែ​ន ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ដើម្បី​ជំរុញ និង​គាំទ្រ ដល់​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍(CLV) ដែល​រដ្ឋាភិបាល​ប្រទេស កម្ពុជា ឡាវ និង​វៀតណាម បាន​បង្កើត​រួមគ្នា។ កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ពិធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក សាយ សុំ​ផន ភុំ​វិហា​ន អនុប្រធាន​សភាជាតិ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។

 
ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំងបី​ប្រទេស ដែល​ទទួលបន្ទុក​វិស័យ​មហាផ្ទៃ ការពារជាតិ សន្តិសុខ បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​ជាការ​លើកស្ទួយ​តួនាទី ភារកិច្ច ក្នុងការ​ពិនិត្យ តាមដាន និង​គាំទ្រ របស់​រដ្ឋសភា ទៅដល់​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងបី កម្ពុជា ឡាវ និង​វៀតណាម បាន​នឹង​កំពុង​អនុវត្ត​រួមគ្នា។
 
មានប្រសាសន៍​ក្នុងឱកាស​បើក​កិច្ចប្រជុំ លោក វី​ឡៃ ដួង​ម៉ា​នី ប្រធាន​គណៈកម្មាធិការ​ការពារ​ប្រទេស និង​សន្តិសុខ រដ្ឋសភា​ឡាវ បានចាត់ទុក​ជំនួប​នាពេលនេះ​ថា មាន​សារៈសំខាន់​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងបី ឲ្យ​កាន់តែ​ល្អ​ន្ថែ​ម​ទៀត ដើម្បី​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់ត្រីកោណ បានសម្រេច​តាម​ផែនការ។
 
លោក ដួង ម៉ា​នី បាន​សង្កត់ធ្ងន់ថា កិច្ចការ​ការពារ​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏(CLV) ឲ្យ​បានល្អ ជា​ផ្នែក​សំខាន់​ដើម្បី​ឈានដល់​ការសម្រេច​តាម​ផែនការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ។
 
ចំណែក​លោក ង្វៀន គីម​ខ័​រ ប្រធាន​គណៈកម្មាធិការ​សន្តិសុខ និង​ការពារ​ប្រទេស​នៃ​រដ្ឋសភា​វៀតណាម​វិញ បាន​ចាត់ទុកថា​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ជាទី​តាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ប្រទេស​ទាំងបី ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច បរិស្ថាន​ធម្មជាតិ និង​សន្តិសុខ។ 
 
ឯកឧត្តម​បាន​បញ្ជាក់ថា រដ្ឋសភា​ប្រទេស​វៀតណាម បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ផែនការអភិវឌ្ឍន៍​តំបន់ត្រីកោណ និង​ត្រៀម​ជជែក​ផ្លាស់ប្តូរ​បទពិសោធន៍ នៅក្នុង​កិច្ចប្រជុំ​ពេលនេះ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​សកម្មភាព​អភិវឌ្ឍន៍​តំបន់ត្រីកោណ មានដំណើរ​ទៅមុខ ដោយ​រលូន។
 
 ក្នុង​កិច្ចប្រជុំ​នេះ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​កម្ពុជា បាន​មានប្រសាសន៍​លើកឡើងថា រដ្ឋសភា​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​គ្នា ជាមួយ​រដ្ឋសភា​ប្រទេស​ឡាវ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី សហប្រតិបត្តិការ​គ្នា ជាមួយ​រដ្ឋ​វៀតណាម ដែល​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នេះ ជា​ក្របខ​ណ្ឌ័​ច្បាប់​ដ៏​សំខាន់ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងបី​ប្រទេស ក្នុងការ​ជំរុញ និង​គាំទ្រ​ការអភិវឌ្ឍ​តំបន់​កោណ​ដ៏​មាន​សក្តានុពល។ 
 
លោក​បាន​លើកឡើងថា ទោះបី​រហូតមក​ដល់ពេលនេះ កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងបី ពិសេស​រវាង​រដ្ឋសភា​ប្រទេស​ទាំងបី បានទទួល​លទ្ធផល​វិជ្ជមាន​ជាច្រើន យ៉ាងណាក្តី ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​តម្រូវ​ឲ្យ ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដំណោះស្រាយ បញ្ហា​សេសសល់ ទៀត។ 
 
លោក ហ៊ុន ណេង បាន​លើក​ពី​បញ្ហា​ប្រឈម ដល់​ការអភិវឌ្ឍ​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ រួម​មានការ​គម្លាត​ឆ្ងាយ​ពីគ្នា នូវ​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ នៃ​ប្រទេស​ទាំងបី ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ជាដើម​នោះ មាន​ភាពមិន​ស្មើគ្នា។ លើសពីនេះ​ទៀត​បទឧក្រិដ្ឋ​ឆ្លងដែន ដូច​ការជួញដូរ​គ្រឿង​ញៀន ការជួញដូរ​ស្ត្រី និង​កុមារ ការរត់ពន្ធ​ឆ្លងដែន បទល្មើស​ព្រៃឈើ ការជួញដូរ​អាវុធជាតិផ្ទុះ និង​អំពើ​ភេរវកម្ម នៅតែមាន។ 
 
ទោះយ៉ាងណា លោក ហ៊ុន ណេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​ពេលនេះ ដោយបាន​ចាត់ទុកថា បាន​ប្រារព្ធ​ធ្វើឡើង​ស្របទៅនឹង​ចក្ខុវិស័យ​របស់​អាស៊ាន ដែល​កំពុង​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ  សមាហរណកម្ម​សេដ្ឋកិច្ច នៅ​ចុងឆ្នាំ២០១៥នេះ។ 
 
លោក សាយ​សុំ​ផន ភុំ​វិហា​ន បាន​មានប្រសាសន៍ថា សក្ខីភាព​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ដ៏​ល្អ និង​ស្អិតរ​មួ​ត​បាន​ឆ្លុះបញ្ចាំង តាមរយៈ​កិច្ចប្រជុំ​នៅពេលនេះ។ ឯកឧត្តម​បានលើកឡើង​ថា កិច្ចប្រជុំ​នេះ បានបង្ហាញ​ពី​ស្មារតី​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​សំដៅ​រួមចំណែក​លើកកម្ពស់​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍។
 
លោក​អនុប្រធាន​រដ្ឋសភាជាតិ​ទ្បា​វ បាន​មានប្រសាសន៍​បន្តថា ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងបី បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេសរៀងៗខ្លួន ក្នុងការ​អនុវត្ត និង​សម្រេច​ឲ្យ​បាន​នូវ​សេចក្តីប្រាថ្នា ក្នុងការ​ប្រែក្លាយ​តំបន់ត្រីកោណ​ឲ្យ​ទៅជា​មជ្ឈមណ្ឌល ដែលមាន​កំណើនសេដ្ឋកិច្ច និង​វិបុលភាព។
 
សូមបញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​បង្កើត តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា វៀតណាម និង​ឡាវ(CLV) នៅក្នុង​ខេត្ត​ចំនួន១៣ ក្នុងនោះ ប្រទេស​កម្ពុ​ជាមាន​ខេត្ត​ចំនួន៤ គឺ ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្តក្រចេះ។ ប្រទេស​ឡាវ​មាន​ចំនួន៤ខេត្ត និង​ប្រទេស​វៀតណាម មាន​ខេត្ត​ចំនួន៥ ។ នេះ​ជា​លើក​ទី២ ហើយ​ដែល​គណៈកម្មការ ឬ​គណៈកម្មាធិការ រដ្ឋសភា​ប្រទេស​ទាំងបី ដែល​ទទួលបន្ទុក​វិស័យ​សន្តិសុខ ការពារជាតិ បាន​ជួបប្រជុំគ្នា​ដើម្បី​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍ របស់​រដ្ឋាភិបាល​ខ្លួន ឲ្យ​ដំណើរការ​ទៅមុខ​បាន​លឿន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រទេស​ទាំងបី៕ 
 
(អត្ថបទ ៖ ផ្តល់​ឲ្យដោយនាយកដ្ឋានព័ត៌មាននៃរដ្ឋសភា)
 

Tag:
 សេដ្ឋកិច្ច
  ទំនាក់ទំនង​អន្តរជាតិ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com