ពីនេះ ពីនោះ
ហេតុអ្វី​នៅ​កម្ពុជា មានការ​គោរព​ច្បាប់​មិន​ស្មើគ្នា?
30, Sep 2015 , 11:04 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា​បានកំណត់​ក្នុង​ច្បាប់​ថា ប្រកាន់យក «របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ»។ បើ​យោងតាម​បញ្ញត្តិ​នេះ យើង​អាច​និយាយបានថា ប្រជាពលរដ្ឋ​គ្រប់រូប អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ទាំងអស់ និង សូម្បីតែ មហាក្សត្រ​ក៏​ព្រះអង្គ​ស្ថិតនៅក្រោម​ច្បាប់​ដែរ។ ម្យ៉ាងទៀត ការដឹកនាំ​រដ្ឋ ត្រូវមាន ការចូលរួម​ពី​បក្សនយោបាយ​លើសពី​មួយ ការចូលរួម​ពី​ពលរដ្ឋ ព្រមទាំង​យក​សំឡេង​ភាគច្រើន​និង​ច្បាប់​ជាធំ​ក្នុង​ការសម្រេច​កិច្ចការរដ្ឋ​គ្រប់​វិស័យ។ ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង យើង​បានឃើញ​លេចឡើង​នូវ​ភាពមិន​ស្មើគ្នា​ក្នុងការ​អនុវត្ត​ច្បាប់ រវាង​អ្នកធំ​និង​អ្នកតូច, អ្នកមាន​និង​អ្នកក្រ, និង រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង ជាដើម។ តើ​អ្វី​ជា​មូលហេតុ​ចម្បង​នៅ​ពីក្រោយ​បញ្ហា​នេះ? តើ​វា​ផ្ដល់​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​សង្គម?

  


មាន​មូលហេតុ​មួយចំនួន​ត្រូវបាន​គេ​គិតថា​ជា​ឬ​សគល់​នៃ​ភាពមិន​ស្មើគ្នា​ក្នុងការ​អនុវត្ត​ច្បាប់​ក្នុងសង្គម​ខ្មែរ៖

1.    អ​ត្មា​និយម​របស់​អ្នកដឹកនាំ (មនុស្ស​ភាគច្រើន​តែងតែ​លម្អៀង​ទៅរក​ខ្លួនឯង ទាំង​ប្រជាជន​សាមញ្ញ ទាំង​អ្នកដឹកនាំ, អ​ត្មា​និយម​នេះ មាន​ទាំង​កម្រិត​បុគ្គល គ្រួសារ ក្រុម​តូច និង បក្សនយោបាយ)។

2.    ទំនៀមទម្លាប់ (ទំនៀមទម្លាប់​ភាគច្រើន​របស់​ប្រជាជន​ខ្មែរ ចាប់បង្ខំ​ឱ្យ​ក្មេង​គោរព​ចាស់ អ្នកតូច​គោរព​អ្នកធំ អ្នកក្រ​គោរព​អ្នកមាន ទោះបីជា​ត្រូវ ឬ​ខុស​ក៏ដោយ)។ 

3.    ផ្នត់គំនិត​ចាស់​ដែល​បានមកពី​ឥទ្ធិពល​មនោគមវិជ្ជា​នយោបាយ​ផ្ដាច់ការ (ការដឹកនាំ ជាទូទៅ ធ្វើតាម​ទម្លាប់​ចាស់​បែប​ផ្ដាច់ការ ឆន្ទៈ ឬ ឆន្ទានុសិទ្ធិ ជាជាង​ធ្វើតាម​ច្បាប់)។

4.    ភាពមិនច្បាស់លាស់​នៃ​ខ្លឹមសារ​ច្បាប់ និង ភាពលម្អៀង​នៃ​ការអនុវត្ត​ច្បាប់ (តិច​ឬ​ច្រើន ច្បាប់​តែងតែ​ខ្វះចន្លោះ​ដោយ​ចេតនា​ឬ​អ​ចេតនា ឯ​ការអនុវត្ត​ច្បាប់ ក៏​តែងតែមាន​ភាពលម្អៀង​ទៅតាម​ឆន្ទៈ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​ដែរ)។

5.    ភាពទន់ខ្សោយ​របស់​អា​ជ្ញា​ធរ និង ស្ថាប័នរដ្ឋ (សមត្ថភាព​មាន​កម្រិត​របស់​ធនធាន​មនុស្ស ឆន្ទៈ មនសិការ និង ជីវភាព​របស់​មន្ត្រីរាជកា​រ ហើយ​មធ្យោបាយ​បំពេញការងារ​ក៏​មិន​គ្រប់គ្រាន់​និង​មិនទាន់​ឆ្លើយតប​នឹង​ការងារ​ដែរ ឯ​ស្ថាប័ន​វិញ ត្រូវបាន​ដឹកនាំ​ដោយ​អំណាច​បុគ្គល​ជាជាង​ដោយ​ច្បាប់)។

6.    កង្វះ​ការទទួលខុសត្រូវ គណនេយ្យភាព និង កាតព្វកិច្ច 

7.    អំពើពុករលួយ(ក្នុង​ស្ថាប័ន អាជ្ញាធរ និង តុលាការ)

8.    សីលធម៌​វិជ្ជាជីវៈ និង សីលធម៌​សង្គម ធ្លាក់ចុះ

9.    ការមិន​ទទួលយក​ការណ៍​ពិត​និង​មិន​ហ៊ាន​ទទួលទោស ពី​ភាគី​អ្នកធំ​និង​អ្នកមាន

10.    កង្វះ​ភាព​ជិតស្និទ​និង​សេចក្ដីស្រឡាញ់​ពិត រវាង​អ្នកដឹកនាំ អ្នកគ្រប់គ្រង និង ប្រជាពលរដ្ឋ(ដែល​ធ្វើឱ្យ​ភាគី​ទាំងពីរ​លែង​យល់​សុខទុក្ខ​គ្នា និង​ងាយ​មាន​ជម្លោះ​ជាមួយគ្នា)។
ដោយសារ​កត្តា​ទាំងនេះហើយ ដែល​ជំរុញឱ្យមាន​ភាពមិន​ស្មើគ្នា​ក្នុងការ​អនុវត្ត​ច្បាប់​លើ​គ្រប់​ទិដ្ឋភាព។ ច្បាប់​បានកំណត់​ទាំង​សិទ្ធិ អំណាច កាតព្វកិច្ច ភារកិច្ច របស់​អ្នកដឹកនាំ​និង​អ្នក​ដែល​ត្រូវគេ​ដឹកនាំ ឬ​ប្រជាពលរដ្ឋ។ ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង ប្រជាពលរដ្ឋ​ភាគច្រើន មិន​ទទួលបាន​នូវ​អ្វីដែល​ច្បាប់​បានកំណត់​នោះទេ ដោយសារតែ​ពួកគេ​មិនសូវ​យល់ដឹង​អំពី​បញ្ហា​នេះ និង ដោយសារតែ អាជ្ញាធរ​មួយចំនួន​ព្យាយាម​បាន​បិទបាំង, រំលោភ និង ប​ង្ក្រា​ទៅ​ពួកគេជារឿយៗ ដូចជា សិទ្ធិ​បញ្ចេញ​មតិយោបល់, សិទ្ធិ​ទទួលបាន​ព័ត៌មាន, សិទ្ធិ​តវ៉ា​ប្រឆាំងនឹង​អំពើ​អ​យុ​តិ្ត​ធម៌, សិទ្ធិ​តស៊ូ​មតិ​ដើម្បី​ផលប្រយោជន៍​ត្រឹមត្រូវផ្សេង។ល។ ប្រជាពលរដ្ឋ​ទទួល​បានតែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ ចំពោះ​អ្នកដឹកនាំ អ្នកគ្រប់គ្រង ឬ អាជ្ញាធរ​វិញ ពួកគេ​មិន​ត្រឹមតែ​អាច​ទទួលបាន​អ្វីដែល​បានកំណត់​នៅក្នុង​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ថែមទាំង​អាចធ្វើអ្វីៗតាម​ទំនើងចិត្ត ដោយ​គ្មាន​ទោស​ទៀតផង។ ក្នុង​ករណីខ្លះ ពួកគេ​បានធ្វើ​ខុសច្បាប់ ឬ​សន្យា​ខុសច្បាប់​ហើយ ទើប​បង្កើត​ច្បាប់​សម្រាប់​គាំទ្រ​ជា​ក្រោយ​ក៏មានដែរ។ មាន​ភស្តុតាង​ជាច្រើន ដែល​បង្ហាញឱ្យឃើញថា អ្នកធំ​ឬ​អាជ្ញាធរ ចង់​និយាយ​អ្វី​ក៏បាន​ដែរ ទាំង​ពាក្យ​គ្រោតគ្រាត ទាំង​ការបំភិតបំភ័យ ទាំង​ការ​បំផ្លើស ដូចជា ការប្រមាថ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ, ការ​បំភ័យ​ឬ​ការ​គំរាមថា ប្រសិនបើ​បក្ស​កាន់អំណាច​ប​ច្ច​ប្បន្ន​មិន​ឈ្នះឆ្នោត​នឹងមាន​ស​ង្ក្រា​ម, ការ​និយាយថា កងយោធពល​ខេមរភូមិន្ទ​គឺជា​របស់​បក្ស​ប្រជាជន​កម្ពុជា, ការបង្ក្រាប​បាតុករ​ដោយ​ប្រើ​អាវុធ ជាដើម។

លើសពីនេះទៅទៀត មាន​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុស ហើយក៏​មិនបាន​ទទួលទោស​ដែរ ពួកគេ​គ្រាន់តែ​បាន​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ គ្រាន់តែ​បាន​ឆ្លងកាត់​នីតិវិធី​ច្បាប់​ក្នុង​យុត្តាធិការ​របស់​តុល​ការ ដោយ​លាក់លៀម ដើម្បី​បំភាន់​ភ្នែក​របស់​មហាជន​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ​ចំពោះ​ពលរដ្ឋ​សាមញ្ញ​ឬ​សមាជិក​បក្សប្រឆាំង​វិញ មហាជន​បាន​មើលឃើញថា ការចោទប្រកាន់​ត្រូវបាន​គេ​កែច្នៃ​ពី​គ្មាន​រឿង​ឱ្យទៅជា​មានរឿង និង ពី​រឿង​តូច​ឱ្យ​ជា​រឿង​ធំ។ ម្យ៉ាងទៀត តើ​បក្សប្រឆាំង​អាច​និយាយថា បើ​បក្ស​របស់ខ្លួន​ចាញ់​នឹងមាន​សង្គ្រាម​ឬ​អាច​ប្រមាថ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ដោយ​គ្មាន​ទោស​បាន​ដែរឬទេ? 

ករណី​មិន​ស្មើភាព​ផ្សេងទៀត ដូចជា ប្រសិនបើ​រឿងក្ដី​ណាមួយ​ទាក់ទង​នឹង​អ្នកធំ​ឬ​អ្នកមាន នឹងត្រូវ​បានទទួល​កា​រសើប​អង្កេត និង ការបើក​សវនាការភ្លាមៗ ដោយ​មិន​ចំណាយពេល​រង់ចាំ​យូរ​ខែ​ទេ។ ផ្ទុយទៅវិញ បើ​រឿងក្ដី​របស់​ពលរដ្ឋ​ធម្មតា​វិញ គេ​ផ្អិ​ប​សំណុំរឿង​ទុក​រាប់​ខែ ឬ រាប់​ឆ្នាំ ទើប​កាត់ក្ដី ដោយ​យក​លេស​ថា សំណុំរឿង​ច្រើនពេក​ចាត់ការ​មិនទាន់។

លើសពីនេះទៅទៀត ការបង្ក្រាប​ជនល្មើស​ដែលមាន​អំណាច ឬ​មាន​ខ្នងបង្អែក មិនមែនជា​ការងាយ​ទេ ឯ​ការបង្ក្រាប​អំពើពុករលួយ​វិញ ក៏ត្រូវ​បាន​មហាជន​មើលឃើញថា ធ្វើ​បានតែ​លើ​មន្ត្រី​តូចតាច​តែប៉ុណ្ណោះ ឯ​មន្ត្រី​ធំ​វិញ ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ មិនមាន​ផលប៉ះពាល់​ពួកគេ​ឡើយ។ ប្រសិនបើ​ច្បាប់​នេះ ត្រូវបាន​គេ​អនុវត្ត​ដោយ​ស្មើភាព​និង​ត្រឹ​ត្រូវ​នោះ ម្ល៉េះ​សម មាន​អ្នកធំ​មិនតិច​ទេ​ដែល​ត្រូវ​ជាប់ពន្ធនាគារ។

ភាពមិន​ស្មើគ្នា​លើ​ការអនុវត្ត​ច្បាប់​នេះ ជំរុញ​ឱ្យ​ផល​អវិជ្ជមាន​ជាច្រើន ដូចជា មាន​អំពើ​អយុត្តិធម៌​ក្នុងសង្គម ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ចំពោះ​អ្នកដឹកនាំ​និង​អាជ្ញាធរ ការ​អស់ជំនឿ​លើ​ស្ថាប័នរដ្ឋ អាជ្ញាធរ ប្រ​យុត្តិធម៌ និង ច្បាប់​រដ្ឋ​ព្រមទាំង​ធ្វើឱ្យមាន​គម្លាត​កាន់តែ​ឆ្ងាយ​រវាង​ពលរដ្ឋ​និង​អ្នកដឹកនាំ។ មិនតែប៉ុណ្ណោះ វា​ថែមទាំង​ជំរុញឱ្យមាន​ការដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​ច្បាប់ អំពើហិង្សា និ​ទណ្ឌ​ភាព និង ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬ តុលាការ កាន់តែច្រើនឡើងៗ ។

ហេតុនេះ ប្រសិនបើ​កម្ពុជា មិន​ប្រញាប់ប្រញាល់​ដោះស្រាយ​ភាពមិន​ស្មើគ្នា​លើ​ការអនុវត្ត​ច្បាប់​នេះ​ទេ សង្គម​ខ្មែរ​នឹង​នៅតែ​បន្ត​បែកបាក់, នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ​ក៏​មិនអាច​រីកចម្រើន​បានដែរ, និ​ទណ្ឌ​ភាព អំពើពុករលួយ អំពើហិង្សា ឃាតកម្ម ការជួញដូរ​គ្រឿងញៀន ការកាប់បំផ្លាញ​ព្រៃឈើ ការរំលោភ​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង បទល្មើសផ្សេងៗនៅតែ​បន្ត​កើតមាន។ ទីបំផុត ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព យុត្តិធម៌​សង្គម និង សុខដុម​នីយកម្ម​ក៏​មិនអាច​កើតមាន​បានដែរ៕   



Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com