ពីនេះ ពីនោះ
សាសនា​មាន​តួនាទី​សំខាន់​ក្នុង​ការកសាង​សន្តិភាព
23, Nov 2018 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដោយសារតែ​នៅក្នុង​សង្គមនីមួយៗរមែងតែងតែ​មាន​ភាព​ចម្រុះ​សាសនា​នៅក្នុង​សង្គម​នោះ ដែលជា​ប្រភព​ជំនឿ​របស់​អ្នក​កាន់សាសនានីមួយ។ ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជាមាន​សាសនា​បី​ដែលជា​សាសនាសំខាន់ៗជាងគេ គឺ​រួមមាន ព្រះពុទ្ធសាសនា អ៊ីស្លាម​សាសនា និង​គ្រឹ​ស្ដ​សាសនា។ ដែល​ប្រភព​សាសនា​ទាំងបី​នេះ​បាន​កំពុង​ដឹកនាំ​មនុស្ស​ខ្មែរ​តាមរយៈ​ច្បាប់​របស់​សាសនា​ខ្លួន ឬ​គម្ពីរ​បស់​សាសនា​ខ្លួនមួយ។



ជាការ​ពិត​គ្រប់​សាសនិក​នៃ​សាសនា​ណាក៏ដោយ​តែងតែ​ឲ្យ​តម្លៃ​ចំពោះ​គម្ពី ទ្រឹស្ដី និង​ព្រះ ឬក៏​អាទិ​ទេ​ព្វ ឬ​បុគ្គល​អស្ចារ្យ​នៅក្នុង​សាសនា​របស់ខ្លួន។  តែ​គ្រប់​សាសនិក​នៃ​សាសនា​ទាំងអស់​គួរតែ​គិត​ផងដែរ​ថា ខ្លួន​ឲ្យ​តម្លៃ​សាសនា​ខ្លួន អ្នក​កាន់សាសនាផ្សេងៗក៏​គេ​គោរព និង​ឲ្យ​តម្លៃ​សាសនា​របស់គេ​ដែរ។ ហេតុនេះ​ត្រូវ​ជៀសវាង​ការលើក​តំកើង​សាសនា​ខ្លួន ហើយ​មើលទៅ​សាសនា​ដទៃ​ថា​មិនមាន​ភាពល្អប្រសើរ​ស្មើ​សាសនា​ខ្លួន។ តែ​ត្រូវ​ចាំ​ថា គ្រប់​សាសនា​ទាំងអស់​គឺមាន​ភាពល្អរ​បស់​គេ មនុស្ស​ទេ​ដែល​ធ្វើ​ឲ្យ​សាសនា​អាក្រក់ យក​សាសនា​ធ្វើ​អាជីវកម្ម ជំនឿ​សាសនានិយម​ជ្រុល​ដែល​នាំទៅរក​ជម្លោះសាសនា​កើតមានឡើង។

សាសនិក​គួរតែ​ចង់ចាំ​ថា បំណង​ដ៏​សំខាន់​មួយ ដែល​យើង​ចង់ឃើញ ចង់បាន ដូចៗគ្នា នោះ​គឺ​សន្ដិភាព ។ នៅពេល​មាន​សន្តិភាព​សាសនា នាំ​ឲ្យ​អ្នក​កាន់សាសនានីមួយៗ អាច​រស់នៅ​ជាមួយគ្នា មាន​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា ស្រឡាញ់គ្នា កសាង​សុខុមាលភាព​សង្គម​ជាមួយគ្នា។ អាច​កសាង​សេចក្ដី​ថ្នៃ​ថ្នូរ​សង្គម​ជាមួយគ្នា កសាង​សន្ដិភាព​សង្គម​ហើយ​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​សន្ដិភាព​ជាមួយគ្នា រួមគ្នា​កសាង​សមភាព​សង្គម ក្នុងនាម​ជាម​នុស្ស​ដូចគ្នា ដោយ​មិន​លើកយក​និន្នាការ​សាសនា​មក​ធ្វើជា​កត្តា​កំណត់​លើ​ប្រភព​ទំនាក់ទំនង​ប្រចាំថ្ងៃ។ ដែល​ទាំងអស់នេះ​គឺ​សុទ្ធតែជា​បេសកកម្ម​របស់​សាសនានីមួយៗនានា​ចង់បាន។ ព្រោះ​គ្មាន​សាសនា​ណាមួយ​បង្រៀន ឬ​ដឹកនាំ​មនុស្ស​ឱ្យ​សាង​នូវ​អំពើអាក្រក់ ឬ​អំពើ​បាប​នោះឡើយ។

ជា​សរុប​រួម​មកវិញ​ដើម្បី​ដឹកនាំ​សង្គម​មួយ​ឱ្យ​សន្ដិភាព យុត្តិធម៌ ការគោរព​សិទ្ធមនុស្ស ការគោរព​តម្លៃ​មនុស្ស ហើយ​នាំឱ្យ​សង្គម​មួយ​មានកា​រីកចម្រើន​ក្នុង​ផ្លូវត្រូវ​យើង​ត្រូវការ​របស់​ពីរ​យ៉ាង ដែលជា​ធាតុ​សំខាន់បំផុត​នោះ​គឺ សាសនា និង​ច្បាប់សង្គម។ របស់​ទាំងពី​ចាំបាច់​ត្រូវតែមាន។ ព្រោះ​សាសនា​គឺមាន​នាទី​សំខាន់បំផុត​ក្នុងការ​ដាក់ទោស​ផ្នែក​ស្មារតី និង​អប់រំ​ផ្នែក​សតិ​ស្មារតី​ឱ្យ​គិតពិចារណា​ក្នុង​មាគ៌ា​មួយ​ដែល​ត្រឹមត្រូវ នាំទៅរក​ការប្រព្រឹត្ត​ត្រូវ។ រីឯ​ច្បាប់សង្គម​គឺមាន​នាទី​ខាង​កម្រិត​ភាពល្អ អាក្រក់​ទៅលើ​ការប្រព្រឹត្ត និង​រាល់​សកម្មភាព​ប្រតិបត្តិ​នានា។

« ចូល​ដាក់​ជំនឿ​របស់​អ្នក​ទៅក្នុង​បេះដូង និង​ការយល់ឃើញ​របស់​អ្នក ហើយ​ចូល​ប្រើកា​រស់នៅ​របស់​អ្នក​ដោយ​ប្រើ​មូលដ្ឋាន​នៃ​ការឱ្យ​តម្លៃ​ចំពោះ​អ្នក​ដ៏​ទៃ។ ចូល​ចាត់ទុក​តម្លៃ​សាសនា​ដ៏​ទៃ​ដូច​អ្នក​បានឱ្យ​តម្លៃ​ចំពោះ​សាសនា​របស់​អ្នក។ ចូល​អ្នកគោរពច្បាប់​សង្គម​របស់​អ្នក​ប្រកបដោយ​ទំនួល​ខុសត្រូវ។ ចូល​អ្នកយក​មូលដ្ឋាន​ការគិត​ពិចារណា​ជាធំ​ក្នុងការ​ដឹកនាំ​ខ្សែជីវិត​របស់​អ្នក»៕


© រក្សាសិទ្ធិដោយ thmeythmey.com