ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌​ប្រកាស​ស្រាវជ្រាវនិង​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទូទាំងប្រទេស
01, Oct 2015 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចាប់ផ្តើម​ស្រាវជ្រាវ និង​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នានា​នៅ​ទូទាំងប្រទេស ដើម្បី​ចងក្រង​ជា​ឯកសារ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ឲ្យ​ស្ថិតនៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។



លោក សំរាំង កម្សាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មានប្រសាសន៍ថា ក្រសួង​ត្រៀម​ចុះ​ស្រង់​ស្ថិតិ​រាល់​ទម្រង់​វប្បធម៌​អរូបី​ទាំងអស់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស ដើម្បី​ចងក្រង​ទៅជា​ទិន្នន័យ​ថ្នាក់ជាតិ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម សម្រាប់​ជា​ឯកសារ​ស្រាវជ្រាវ ការថែរក្សា​ការពារ និង​ការ​ផ្ទ​រ​បន្តទៅ​អ្នកជំនាន់ក្រោយ។លោក​ថា នៅពេល​ចុះបញ្ជី​រួចរាល់​ហើយ ចំពោះ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ណា​ដែលមាន​វ័យ​ចំណាស់​ហើយ​ប្រឈម​នឹង​ការបាត់បង់​នោះ ក្រសួង​លើកទឹកចិត្ត​ឲ្យ​មានការ​បណ្តុះបណ្តាល​ដល់​អ្នកជំនាន់ក្រោយ​ដើម្បី​កុំ​ឲ្យ​រលាយ​សាបសូន្យ។ ការ​ថ្លែង​របស់លោក សំរាំង កម្សាន្ត ធ្វើ​ឡើងនៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​វិធីសាស្ត្រ​ការចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នៅ​ទីស្ដីការក្រសួង​វប្បធម៌។
 
លោកស្រី អាន ឡឺ​មេស៍ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ផែនការ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​កម្ពុជា​នេះ គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ បន្ទាប់ពី​កម្ពុជា​បានផ្តល់​សច្ចាប័ន​ក្លាយជា​ប្រទេស​សមាជិក​របស់​អង្គការ​យូណេស្កូ ក្នុងការ​ការពារ ថែរក្សា បេតិកភណ្ឌ​វប្បធម៌​អរូបី ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា។ លោកស្រី បន្តថា ការ​ចងក្រង​បាន​នូវ​ទ​ន្និ​ន័យ​ទាំងអស់នេះ វា​មិន​ត្រឹមតែ​បានបង្ហាញ​ពី​តម្លៃ​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បណ្តុះ​គំនិត​ឱ្យ​កូន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​ការពារ​កុំឱ្យ​មានការ​បាត់បង់។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា​បានទទួល​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ពី​អង្គការ​យូណេស្កូ​បាន​ចំនួន​ពីរ​ទម្រង់​ហើយ គឺ​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ឆ្នាំ២០០៣ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​ឆ្នាំ​កាលពី​ឆ្នាំ២០០៥៕

ប្រភពពី​៖AKP
 

© រក្សាសិទ្ធិដោយ thmeythmey.com