ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ៖ អ្នក​ទាមទារ​ដក​វិភាគទាន​វិញ នៅតែ​មិនទាន់​បង្ហាញខ្លួន
03, Oct 2015 , 2:34 pm        
រូបភាព
ប្រជាពលរដ្ឋ​ដែល​ទាមទារ​ប្រាក់​វិភាគទាន​បង្កើត​ទូរទស្សន៍ ពី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មិនបាន​បង្ហាញខ្លួន​ឡើយ រហូតមកដល់​ពេលនេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​សកម្មភាព​នេះ​ថា គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ។ មិន​ត្រឹមតែ​មិន​សមបំណង​របស់​ពួកគេ ផ្ទុយទៅវិញ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ទង្វើ​នេះ​រឹតតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់​តែមាន​ជំនឿ​ចិត្ត​មកលើ​គណបក្ស​សង្គ្រោះ ជាតិ​បន្ថែមទៀត។



រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ដែល​ប្រកាស ឬ​សរសេរ​ញត្តិ​ទាមទារ​ប្រាក់​វិភាគទាន​ដែល​ពួកគេ​ផ្តល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ទូរទស្សន៍​នោះ បង្ហាញខ្លួន​ឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗយ៉ាងនេះ​ថា៖«យើង​ទាមទារ​ឲ្យ​ពួកគេ​បង្ហាញខ្លួន ព្រម​ជាមួយនឹង​វិក្កយបត្រ​ដែល​បានផ្តល់​ប្រាក់​ដល់​មូលនិធិ​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មកដល់ពេលនេះ​មិនឃើញ​ពួកគេ​បង្ហាញខ្លួន​ទេ»។

លោក យឹម សុវណ្ណ បានចាត់ទុក​សកម្មភាព​នេះ​ថា គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ។ ផ្ទុយទៅវិញ ទង្វើ​នេះ​រឹតតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ កាន់​តែមាន​ជំនឿ​ចិត្ត​មកលើ​គណបក្ស​សង្គ្រោះ ជាតិ​បន្ថែមទៀត។

លើសពីនេះទៅទៀត អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ទៀតថា ការប្រមូល​វិភាគទាន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ គឺ​ប្រព្រឹត្ត​ទៅដោយ​ភាពជោគជ័យ​បើទោះបី​ជាមាន​បញ្ហា​រអាក់រអួល​មួយចំនួន ដូចជា​ទាមទារ​ដក​ប្រាក់​វិភាគទាន​វិញ និង​ការហាមឃាត់​មិន​ឲ្យ​ប្រមូល​មូលនិធិ​នៅតាម​ទីសាធារណៈ​កាលពីពេល​ក​ន្ល​ង​ទៅ​ក៏ដោយ។

លោក យឹម សុវណ្ណ ដែល​បាន​ហៅ​កម្ពុជា​ថា​ជា​ប្រទេស​ក្រីក្រ​នោះបាន​បញ្ជាក់ថា៖« វា​ជា​ភាពជោគជ័យ​មួយ​របស់​គណបក្ស ពីព្រោះ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ប្រទេស​ក្រីក្រ ដែល​អាច​ប្រមូល​វិភាគទាន​បាន​រហូតដល់​ទៅជា​ង៧០ម៉ឺន​ដុល្លារ»។

គិត​ត្រឹម​ថ្ងៃទី៣ខែតុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​វិភាគទាន និង​ទុនវិនិយោគ​ជាង៧០ ម៉ឺន​ដុល្លារ​អាមេរិក ពី​សប្បុរសជន ក្នុងនោះ​ទឹកប្រាក់​ប្រមាណ៥០ម៉ឺន​ដុល្លារ ប្រមូលបាន​នៅក្នុង​ប្រទេស  និង​ប្រមាណ២០ម៉ឺន​ដុល្លារ​ទៀត ប្រមូលបាន​នៅក្រៅ​ប្រទេស។ មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥មក។

បើតាម​គម្រោង ទូរទស្សន៍​ព្រះអាទិត្យ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ជា​ទូរទស្សន៍​ដែល​និយាយ​ការពិត ឥត​លម្អៀង ផ្តល់ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ បង្ហាញ​ការពិត​នៅក្នុង​សង្គម ផ្តល់​ការអប់រំ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ  មិនមែន​បម្រើ​ប្រយោជន៍​គណបក្ស​នោះ​នឹង​ដំណើរការ​យ៉ាងយូរ​នឹង​នៅ​ចុងឆ្នាំ២០១៥នេះ។

បើតាម​លោក យឹម សុវណ្ណ  មិនមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​បង្កើន​ទូរទស្សន៍​ឡើយ ខណៈដែល​ក្រុមការងារ​កំពុង​ស្វែងរក​ទិញ​ដី សម្ភារ អ្នកបច្ចេកទេស និង​ធនធាន​ពាក់ព័ន្ធ​ផ្សេងទៀត។ កន្លងមក​មន្ត្រីជាន់ខ្ពស់​រូបនេះ ធ្លាប់បាន​អះអាងថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវការ​ថវិកា​ចន្លោះ​ពីមួយ​លាន​កន្លះ ទៅ៣លាន​ដុល្លារ អាស្រ័យ​លើ​កម្លាំង​នៃ​ការផ្សាយ និង​ការទិញ​ដី​ផង មិនចាំបាច់​កំណត់ថា​ទាល់​តែមាន​ប្រាក់៣លាន​ដុល្លារ​នោះទេ៕

 
 

Tag:
 យឹម​ សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com