ជាតិ
សេដ្ឋកិច្ចកម្ពុជា​ធ្លាក់​ចុះក្រោម៧% ព្រោះ​ទេសចរណ៍ និង​កសិកម្ម​ចុះខ្សោយ
07, Oct 2015 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ការបន្ត​ធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​បាន​នាំ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ថយចុះ​ក្រោម៧ភាគរយ។ នេះ​បើតាម​ការវិភាគ​របស់​ក្រុម​អ្នកសេដ្ឋកិច្ច​នៃ​ធនាគារពិភពលោក។ សេដ្ឋវិទូ​នៃ​ធនាគា​ពិភពលោក​បាន​ឲ្យ​ដឹង​ដែរ​ថា ការនាំចេញ​សម្លៀកបំពាក់​បាន​ថយចុះ​ផងដែរ នៅក្នុង​អំឡុងពេល​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៥នេះ។



កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​គឺ​ត្រូវបាន​ព្យាករណ៍​ទុក​ថា នឹង​ថយចុះ​បន្តិច​មក​នៅត្រឹម៦,៩%គឺ​ចុះ​ពី៧,១%ក្នុង​ឆ្នាំ២០១៤ ដោយសារតែ​ការបន្ត​ធ្លាក់ចុះ​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​ដែល​ផ្អែកទៅលើ​តម្រូវការ​ពី​ខាងក្រៅ និង​តម្លៃ​ផលិតផល​អន្តរជាតិ។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន និង​បទ​វិភាគ​សេដ្ឋកិច្ចកម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែ​នាំមុខ​ដោយ​វិស័យ​សំណង់ ការនាំចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍។ វិស័យ​សំណង់​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់បំផុត​នៃ​កំណើនសេដ្ឋកិច្ច ដោយសារតែ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ​ឡើងវិញ និង​មាន​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​ឡើងវិញ។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា មាន​សញ្ញាណ​មួយចំនួន​នៃ​ការបន្ត​ធ្លាក់ចុះ ជាពិសេស វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ហើយនឹង​ការនាំចេញ​សម្លៀកបំពាក់ ខណៈដែល​ការសាងសង់ និង​តម្រូវការ​ក្នុងស្រុក​នៅតែមាន​ភាពខ្លាំង​នៅឡើយ។

លោក​សូ​ដេ​ត លី សេដ្ឋវិទូ​នៃ​ធនាគារពិភពលោក បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖

«កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​បាន​ថយចុះ​ក្នុងអំឡុងពេល​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។  ដូច្នេះ ការ​កែខៃ​អត្ថប្រយោជន៍​ប្រកួតប្រជែង​របស់​កម្ពុជា​គឺជា​អាទិភាព​មួយ»។

ដោយឡែក បទ​បង្ហាញ​របស់​ក្រុម​សេដ្ឋវិទូ​នៃ​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ដែរ​ថា កសិកម្ម​នៃ​ប្រទេស​កម្ពុជា​នៅតែ​ពឹងផ្អែក​ជា​ចម្បង​លើ​ភ្លៀង​ធ្លាក់ បើទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​ក៏ដោយ។ នៅក្នុង​ឆ្នាំ២០១៥នេះ ការ​ច្រូតកាត់​ប្រមូល​ផល​កសិកម្ម​បានអូសបន្លាយ​ពេល ដោយសារ​ទឹកភ្លៀង​ធ្លាក់​យ៉ាង​យឺត។

បើ​ធៀប​នឹង​ការដាំដុះ​ក្នុង​ខែកក្កដា​ឆ្នាំនេះ​ទៅនឹង​ការដាំដុះ​ក្នុងពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៤ បាន​ឲ្យ​ដឹងថា ការដាំ​ស្រូវ​នៅក្នុង​រដូវវស្សា​បាន​ថយចុះ​ពី១លាន៨សែន​ហិកតា​មក​ត្រឹម១លាន៧សែន​ហិកតា បើ​គិត​ជា​ភាគរយ​គឺ​បាន​ថយចុះ៥,៧% រីឯ​ស្រូវ​ដែល​ត្រូវបាន​ច្រូតកាត់​រួច​បាន​ថយចុះ​ពី២៨៤.៣៩០តោន​មក​ត្រឹម១៩១.២៦៣តោន បើ​គិត​ជា​ភាគរយ​គឺ​បាន​ថយចុះ៣២,៧%។ ក្រុម​អ្នក​សេដ្ឋវិទូ​បានបញ្ជាក់​ថា មាន​សញ្ញាណ​ច្រើន​នៃ​ការ​ងើបឡើង​វិញ​នៃ​តម្រូវការ​ក្នុងស្រុក ដោយសារ​តែមាន​ស្ថិរភាព​នយោបាយ​ឡើងវិញ និង​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់ចុះ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម​ក្នុង​ការធ្វើ​ជំនួញ និង​បង្កើន​ការជឿទុកចិត្ត​របស់​អតិថិជន។ ពួកគេ​ឲ្យ​ដឹងថា ការបើក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ទាក់ទាញ​បាន​នូវ​សកម្មភាព​ជំនួញ និង​ការវិនិយោគ រីឯ​កំណើន​នៃ​ការសាងសង់​ក៏​នឹង​បន្ត​ទៅមុខទៀត។

លោក​កេ​ន រដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​លើ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​សម្លៀកបំពាក់​ទេ ដោយ​លោក​និយាយថា លោក​មិនមាន​ឯកសារ​ស្ថិតិ​សម្រាប់​ពន្យល់។

ក៏ប៉ុន្តែ លោក​ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ ថ្លែងថា វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត​នៅ​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស ដែល​បង្ក​មកពី​កត្តា​អាកាសធាតុ។ រីឯ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​សម្លៀកបំពាក់​វិញ លោក​ពន្យល់ថា៖ «ឯការ​កាត់ដេរ​សម្លៀក​បំពាក់​យើង​មានការ​កម្មង់​ទិញ​តិចជាង​មុន បើតាម​របាយការណ៍​ពី​ខាង​សហគមន៍​រោងចក្រ​កាត់ដេរ​ហៅ​កាត់​ថា GMAC នោះ។ យើង​សួរថា ហេតុ​អី​មានការ​កុម្មង់​ទិញ​តិចជាង​មុន ហើយ​យើង​ទាល់តែ​មានការ​អង្កេត​ស្រាវជ្រាវ​សួរ​អ្នកទិញ។  ប៉ុន្តែ​បើតាម​របាយការណ៍​នៅក្នុង​ស្រុក​យើង គេ​ថា គេ​ហាក់ដូចជា​មិនសូវ​ទុកចិត្ត​អំពី​ការនាំ​ទំនិញ​ពី​កម្ពុជា​យើង​ទៅដល់​គេ​ទាន់ពេលវេលា ព្រោះតែ​យើង​នៅមាន​កូដកម្ម​តាម​រោងចក្រ​មួយចំនួន​ដែល​អាក់ខាន​ការនាំ​ទំនិញ​ទៅ​គេ។ អញ្ចឹង​ការទុកចិត្ត​ទាំងស្រុង​មកដល់​ប្រទេស​កម្ពុជា​យើង​គឺថា បាន​ថយចុះ​ខ្លះ ហើយ​ម្យ៉ាងទៀត​រោងចក្រ​មួយចំនួន​មានការ​ត្អូញត្អែរ​ពី​ការចំណាយ​លើ​ប្រាក់ខែ​កម្មករ​ច្រើនជាង​មុន»។

អ្នកសេដ្ឋកិច្ច​រូបនេះ​សម្តែង​ក្តីបារម្ភ​អំពី​ការបញ្ចេញ​ប្រាក់កម្ចី​ច្រើន​ទៅលើ​សកម្មភាព​ពាណិជ្ជក​ម្ម​ក្នុងស្រុក ដូចជា​វិស័យ​អចលនទ្រព្យ​នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើការ​សិក្សា​និង​រក​វិធី​បង្កា​វិបត្តិ​ឥណទាន និង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​អាច​កើតមាន​នៅពេល​ខាងមុខ​តាមរយៈ​ការបញ្ចេញ​ប្រាក់កម្ចី​ច្រើន​ជ្រុល​នេះ។ លោក​បាន​មើលឃើញ​ផងដែរ​ថា ហានិភ័យ​អាច​កើតមាន​ម្តងទៀត​នៅក្នុង​វិស័យ​សំណង់ ដោយសារ​ការសង់​ច្រើន​ហួស​ពី​តម្រូវការ។

លោក គង់ សុភា​រៈ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ពី​ការធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖

«បាទ! កំណើន​ទាប​នេះ​បើ​យើង​មើល វា​មាន​បញ្ហា​ក្នុង​តំបន់។ កត្តា​តំបន់ ដូចជា​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ​នៅ​អីហ្នឹង។ បំផ្ទុះ​ហ្នឹង​វា​ប៉ះ​យើង​តិចតួច​ដែរ អញ្ចឹង​ទៅណា។ ទី​ពីរ​គឺ​នៅ​ដើមឆ្នាំ យើង​មាន​បញ្ហា​ជំងឺឆ្លង។ ហើយ​នៅ​ទី​បី យើង​ក៏​អាច​និយាយបានថា វា​មាន​តិចតួច​បញ្ហា​សង្គ្រាម​អី​នៅក្នុង​ម​ជ្ឈឹ​ម​បូព៌ា​អី​អញ្ចឹង ឬក៏​វិបត្តិ​នៅ​អឺរ៉ុប វិបត្តិ​ជនភៀសខ្លួន​អីហ្នឹង។ អាហ្នឹង​សុទ្ធតែជា​កត្តា​ដែល​ជះឥទ្ធិពល​តិចតួច​មកលើ​វិស័យ​ទេសចរណ៍​ទាំងមូល​ដែរ»។

យ៉ាងណាក៏ដោយ លោក​ថា កំណើន​ពី​វិស័យ​ទេសចរណ៍​នៅ​បន្ត​កើតមាន បើទោះជា​វា​តិចជាង​កំណើន​កាលពី​ឆ្នាំ២០១៤ក្តី។ លោក​បញ្ជាក់ថា ក្នុង​រយៈពេល៨ខែ​នៃ​ឆ្នាំ២០១៥ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង​បី​លាន​នាក់​ដោយមាន​អត្រា៥% ហើយ​ថា ភ្ញៀវ​វៀតណាម​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាងគេ គឺ​ប្រមាណ៦៣ម៉ឺន​នាក់​ក្នុង​អត្រាកំណើន១១,៥%  និង​ទី​ពីរ​គឺ​ភ្ញៀវ​ចិន​មាន​ចំនួន​ជាង៤៦ម៉ឺន​នាក់​ក្នុង​អត្រាកំណើន២៦,៥ភាគរយ។ លោក​បន្តថា ចំណូល​មកពី​វិស័យ​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​អាចមាន​ដល់​ជាង៣០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥ ដែល​កំណើន​នេះ​នឹង​កើន​ពី​ជាង២៧០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១។

ទាក់ទិន​នឹង​ការ​ប្រ​មើ​មើល​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅពេល​ខាងមុខ ក្រុម​សេដ្ឋវិទូ​នៃ​ធានា​គារ​ពិភពលោក​បាន​ឲ្យ​ដឹងថា ការនាំចេញ​សម្លៀកបំពាក់​នៅតែ​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច តែ​កំណើន​នេះ​នឹង​កើន​តិចតួច​ប៉ុណ្ណោះ។ ពួកគេ​បញ្ជាក់ថា គុណវិបត្តិ​នៃ​ហានិភ័យ​អាច​បណ្តាលមកពី​ភាពមិនប្រាកដប្រជា​នៃ​ការចរចា​ប្រាក់​ឈ្នួល​កម្មករ ការកើនឡើង​នៃ​អត្រា​ការប្រាក់​នៃ​លុយ​ដុល្លារ ការ​ដំអក់​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺ​រុ​ប ហើយនឹង​របត់​នៃ​ការធ្លាក់ចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន។ ពួកគេ​សង្កត់ធ្ងន់ថា ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង​គឺជា​ចំណុច​អាទិភាព​នៅក្នុង​ការរក្សា​បាន​កំណើន​សេដ្ឋកិច្ចកម្ពុជា៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ



Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com