ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន និង​មេបក្ស​ប្រឆាំង ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​គ្នា
08, Oct 2015 , 4:18 pm        
រូបភាព
ខណៈដែល​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​កន្លែង​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ប្រើប្រាស់ ដើម្បី​បង្ហាញ​ពី​សកម្មភាព និង​មតិយោបល់​នោះ អ្នកនយោបាយ​ក៏​ចាប់ផ្ដើម យក​បណ្ដាញ​ហ្វេ​ស​ប៊ុ​កមួយ​នេះ ដើម្បី​បញ្ចេញ​សារ​រិះគន់​វាយប្រហារ​គ្នា​ទៅវិញទៅមក។ ​ចុង​ក្រោយនេះ លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏បាន​វាយប្រហារ​លោក សម រង្ស៊ី និង​លោក កឹម សុខា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​មិន​សំចៃ​នោះឡើយ។



ក្រោយពី​ប្រកាស​ទទួលស្គាល់​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ហើយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​យក​បណ្ដាញ​សង្គម​មួយ​នេះ រិះគន់ឬ​វាយប្រហារ​បក​ទៅលើ លោក សម រង្ស៊ី និង​លោក កឹម សុខា វិញ ដូច​ទៅនឹង​ទង្វើ​ដែល​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ​នេះ ធ្លាប់ធ្វើ​ដាក់ខ្លួន​កន្លងមក។ តាមពិត​ទៅ​​ លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ដើរ​មួយ​ជំហាន​មុន​លោក ហ៊ុន សែន រួចហើយ ពោលគឺ​លោក​ទាំង​ពីរបាន​យក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​រដ្ឋាភិបាល និង​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

សារ​នយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង ដែល​លើកឡើង​ពាក់ព័ន្ធ​នឹង​ការរៀបចំ​តុលាការ​ឯករាជ្យ រក្សា​មុខតំណែង​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ និង​បញ្ហា​អប់រំ​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃនេះ​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ត្រូវបាន​លោក ហ៊ុន សែន វាយប្រហារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កតប​ទៅវិញ​ថា ជា​សារ​នយោបាយ​ដ៏​គ្រោះថ្នាក់ នៅពេលដែល​គណបក្សប្រឆាំង​ជាប់ឆ្នោត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជាក់ថា លោក​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លួន វាយបក​ទៅលើ​គណបក្សប្រឆាំង​វិញ។ «ខ្ញុំ​នឹង​បន្តធ្វើ​ការអត្ថាធិប្បាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក(Facebook)ផ្ទាល់​របស់ខ្ញុំ​លើ​បញ្ហាផ្សេងៗដែល​អ្នកនយោបាយ​នានា​លើកឡើង​រាប់ទាំង​ប្រធាន​បក្សប្រឆាំង»។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល។

ដើមឡើយ​លោក ហ៊ុន សែន មិនដែល​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដើម្បី​រិះគន់​ ឬ​វាយប្រហារ​ទៅ​គណបក្សប្រឆាំង​នោះទេ ពោលគឺ​លោក ហ៊ុន សែន តែងតែ​ចេញមុខ​វាយបក​តបត​ដោយ​ពាក្យសម្ដីខ្លាំងៗ តាមរយៈ​ឧគ្ឃោសន​សព្ទ​​នៅក្នុង​កម្មវិធីផ្សេងៗ ឬ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទៅកាន់​គណបក្សប្រឆាំង​ប៉ុណ្ណោះ។ តែ​ពេលនេះ​ទំនងជា​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ជាទី​ពេញនិយម​ដែលមាន​ប្រសិទ្ធភាព​ច្រើន​នោះ ទើបបានជា​លោក ហ៊ុន សែន ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​សម្រាប់​វាយប្រហារ​ទៅលើ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com