អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​បារាំង​ច្រឡំ​មាត់​បន្ទន់​ជំហរ​រក​ប្រធានាធិបតី​ស៊ី​រី?
09, Oct 2015 , 12:35 pm        
រូបភាព
ដោយ: &
 
កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine បាន​លើកឡើងថា ប្រធានាធិបតី​បារាំង François Hollande បានស្នើ​ទៅ​លោក​នូវ​គំនិត​ដ៏​គួរអោយ​ចាប់អារម្មណ៍​មួយ។ គំនិត​នោះ គឺថា លោក​ហូ​ឡង់​ចង់ឃើញ​សម្ព័ន្ធភាព​រវាង​លោក​អាសាដ និង​ចលនា​សេរី​ស៊ី​រី ដែលជា​ក្រុមប្រឆាំង។ យោងតាម​លោកពូ​ទីន លោក​ហូ​ឡង់​ចង់ឃើញ​មានការ​ប្រឹងប្រែង​រួមគ្នា​រវាង​កងទ័ព​រដ្ឋា​ភិ​បាល​លោក Bachar el-Assad និង​ក្រុមប្រឆាំង។ រដ្ឋាភិបាល​បារាំង​បាន​បដិសេធ​នូវ​ការលើកឡើង​របស់លោក​ពូ​ទីន។ ខណៈ​រុស្ស៊ី​កំពុង​បង្ហាញ​សក្តានុពល​យោធា​នៅ​ស៊ី​រី ដោយ​ជំនួយ​ពី​កងទ័ព​ស៊ី​រី និង​អ៊ីរ៉ង់ ក្នុង​យុទ្ធនា​ការកំទេច​ក្រុម​រដ្ឋ​អ៊ីស្លាម គេ​មិនដឹងថា តើ​លោក​ហូ​ឡង់​ពិតជា​ចង់​បន្ទន់​ជំហរ ទៅរក​លោក​អាសាដ​វិញ​រឺ​យ៉ាងណា?


អ្នកស្រី ព្រំ​សឿន សូលី​ណា លម្អិតព័ត៌មាននេះ


បើ​យោងតាម​លោកពូ​ទីន ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ (François Hollande) បានស្នើ​លោក នូវ​គំនិត​ចង់អោយមាន​ការប្រឹងប្រែង​រួមគ្នា​រវាង​កងទ័ព​លោក​អាសាដ និង​កងកម្លាំង​ក្រុមប្រឆាំង​ស៊ី​រី។ លោក​ហូ​ឡង់​បានស្នើ​ដូច្នេះ កាលពី​ថ្ងៃ​សុក្រ ក្នុងពេល​មាន​ជំនួប​កំពូល​ក្រុងប៉ារីស ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ ក្រុម​ជំនិត​ប្រធានាធិបតី​បារាំង​បាន​បដិសេធ​សម្តី​លោកពូ​ទីន។ ពួកគេ​តប​ទៅវិញ​ថា ប្រធានាធិបតី​ហូ​ឡង់​បាន​ជជែក​ជាមួយ​លោកពូ​ទីន ពី​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ស៊ី​រី ដើម្បី​អាចអោយ​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុមប្រឆាំង​ចរចា​ព្រមព្រៀងគ្នា បង្កើត​ចេញ​នូវ​រដ្ឋាភិបាល​មួយ។
 
ស្តាប់​ការបកស្រាយ​របស់​បារាំង​ដល់​ឃ្លាប្រយោគ​នេះ ស្តាប់​ចុះ ស្តាប់​ឡើង ជាមួយនឹង​ពាក្យ​ថា "បារាំង​ចង់ឃើញ​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុមប្រឆាំង​ព្រមព្រៀងគ្នា បង្កើត​រដ្ឋាភិបាល"   យើង​ហាក់​ច្របូកច្របល់ ពិបាក​យល់ថា តើ​បារាំង​ចង់អោយ​ក្រុម​លោក​អាសាដ និង​ក្រុមប្រឆាំង​រួបរួមគ្នា វិល​ទៅរក​ការចរចា​ម្តងទៀត ដើម្បី​សម្រេចបាន​រដ្ឋាភិបាល​រួបរួមគ្នា​មួយ  រឹ​យ៉ាងណា? បើ​ដូច្នេះ​មែន មិន​មានន័យថា លោក​ហូ​ឡង់​ចង់​បន្ទន់​ជំហរ​ទៅរក​លោក​អាសាដ​វិញ​ទៅហើយ​ទេ​រឺ? បើ​ដូច្នេះ​មែន យើង​មិន​ពិបាក​ឆ្ងល់​នូវ​ការលើកឡើង​របស់លោក​ពូ​ទីន ថា​លោក​ហូ​ឡង់​ចង់អោយ​កងទ័ព​លោក​អាសាដ និង​ក្រុមប្រឆាំង​ប្រឹងប្រែង​រួមគ្នា​នោះទេ។ 
 
បើ​បារាំង​ចង់​បន្ទន់​ជំហរ​រក​ប្រធានាធិបតី​អាសាដ​មែន​ក៏​មិនមាន​អ្វី​ត្រូវ​ឆ្ងល់​ដែរ ព្រោះ​ពេលនេះ គេ​ឃើញថា ក្នុង​យុទ្ធនាការ​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម រុស្ស៊ី​កំពុង​បង្ហាញ​សក្តានុពល​យោធា​យ៉ាង​សម្បើម​ដៃ នៅ​ស៊ី​រី ធ្វើអោយ​អង្គការ​ណា​តូ និង​អាមេរិក​ភ័យ​ញាក់សាច់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ីរ៉ង់​ដែលជា​ប្រទេស​ដ៏​ខ្លាំង​មួយ​ក្នុង​តំបន់​បូព៌ា ហើយ​ដែល​រួបរួម​ជាមួយ​អាមេរិក ក្នុង​យុទ្ធនាការ​កំចាត់​ក្រុម​ជី​ហាត​ដែរនោះ ក៏បាន​សហការ​ជាមួយ​រុស្ស៊ី​និង​ស៊ី​រី ក្នុងការ​កំចាត់​ក្រុម​នេះដែរ។ 
 
អ៊ីរ៉ង់ ស៊ី​រី រុស្ស៊ី ហាក់​កំពុង​បង្អួត​ឆាក​អន្តរជាតិ នូវ​សក្តានុពល​ទ័ពរៀងៗខ្លួន។ ពិសេស​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ទាំង៣នេះ ធ្វើអោយ​គេ​អាច​គិតថា បើ​អនាគត ក្រុម​ជី​ហាត​ត្រូវបាន​កំចាត់​អស់ហើយ​នោះ ប្រទេស​ទាំងនេះ​ពិតជា​ទទួល​ការអបអរ​ពី​ពិភពលោក​មិនតិច​ទេ។ គួរ​បញ្ជាក់ថា នៅ​តំបន់​បូព៌ា មេដឹកនាំធំៗ នៅតាម​ប្រទេស​ដូចជា​អ៊ីរ៉ាក់ រឺក៏​លី​ប៊ី ត្រូវបាន​គេ​ផ្តួល​រលំ​យ៉ាង​ងាយ។ ប៉ុន្តែ បើ​មើលទៅ​ស៊ី​រី​វិញ លោក​អាសាដ​រឹងមាំ​ណាស់ មិន​ងាយ​ដួលស្រួលៗឡើយ។ កងទ័ព​លោក​អាសាដ​ខ្លាំង​ដូច​ខ្លា ហើយ​របប​លោក​រឹងមាំ​ដូច្នេះ ក៏​អាច​ថា​លោក​បានទទួល​ការគាំទ្រ​ពី​រុស្ស៊ី​ដែរ។ ស៊ី​រី អ៊ីរ៉ង់ ជា​ប្រទេស​ខ្លាំង​ក្នុង​តំបន់ ហើយ​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​អស្ចារ្យ​ជាមួយ​រុស្ស៊ី​ទៀត បារាំង​ប្រហែល​ចង់​មាន​ចំណែក​ជា​មិត្ត​ដ៏៏​ធំ​នឹង​គេ​ដែរ​ទេ​ដឹង បានជា​លោក​ហូ​ឡង់​អាច​ច្រឡំ​មាត់ ចង់អោយមាន​ការប្រឹងប្រែង​រួមគ្នា​រវាង​កងទ័ព​លោក​អាសាដ និង​កងកម្លាំង​ក្រុមប្រឆាំង?
 
ក្រុម​ជំនិត​ប្រធានាធិបតី​បារាំង​បាន​ព្យាយាម​ចៀស​មិនអោយ​មានការ​យល់ច្រឡំ​ដូច្នេះ ដោយបាន​លើកឡើងថា លោក​ហូ​ឡង់​បានលើកឡើង​ជាថ្មី​ម្តងទៀត នៅ​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ពុធ នូវ​គោលបំណង​លោក ចង់ឃើញ​ប្រធានាធិបតី​អាសាដ ចុះ​ចេញពី​អំណាច ដើម្បី​អនាគត​ស៊ី​រី។ ដោយឡែក សម្រាប់​ដំណោះស្រាយ​នយោបាយ បារាំង​នៅតែ​ចង់ឃើញ​វត្តមាន​ក្រុមប្រឆាំង​ស៊ី​រី ក្នុង​តុ​ចរចា​ដដែល។ ប្រមុខ​ការទូត​បារាំង លោក​ឡូ​រ៉ង់ ហ្វា​ប៊ី​យុ​ស (Laurent Fabius) ឯណោះ​វិញ បាន​ខំ​លើកឡើង​ពី​ជំហរ​បារាំង​ជាថ្មី​ថា ដរាបណា​លោក​អាសាដ នៅតែ​កាន់អំណាច គឺ​ពិបាក​មានការ​រួបរួម​គ្នា​ណាស់ ដោយសារតែ​លោក​អាសាដ​បាន​បង្ក​បទឧក្រិដ្ឋ។ លោក​ហ្វា​ប៊ី​យុ​ស​ចង់​សំដៅ​ពីបទ​ឧក្រិដ្ឋ​សង្គ្រាម​នោះឯង។ 
 
តែបើ​ទោះជា​លោក​ហូ​ឡង់​បាន​ច្រឡំ​មាត់​បន្ទន់​ជំហរ​រក​លោក​អាសាដ​វិញ ក៏​អាច​ថា​លោក​ចង់​ការពារ​ក្រុមប្រឆាំង មិនអោយ​រងគ្រោះ​ដោយ​ប្រការ​ណាមួយ ពី​សំណាក់​រុស្ស៊ី​ដែរ។ ពេលនេះ គេ​កំពុងតែ​បារម្ភ​ថា កងទ័ព​រុស្ស៊ី​អាច​ឆ្លៀតឱកាស​យក​លេស​កំទេច​ក្រុម​ឧទ្ទាម ដើម្បី​កំទេច​ក្រុមប្រឆាំង​ស៊ី​រី​ទៅវិញ​ទេ។ ក្រុមប្រឆាំង​ស៊ី​រី​នេះ រួមទាំង​ក្រុម​ឧទ្ទាម​អាល់​ណូ​ស្រា កំពុងតែ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ី​រី។ ក្រុមប្រឆាំង​ស៊ី​រី​កំពុង​ចុះខ្សោយ។ ដូច្នេះ លោក​ហូ​ឡង់​អាច​ចង់​ធ្វើជា​ច្រឡំ​មាត់​ចង់ឃើញ​សម្ព័ន្ធភាព​រវាង​ក្រុមប្រឆាំង​ស៊ី​រី និង​លោក​អាសាដ ដើម្បីអោយ​រុស្ស៊ី​អនុគ្រោះ​ក្រុមប្រឆាំង​ស៊ី​រី ក្នុង​សមរភូមិ​ក៏​ថា​បាន៕
 

Tag:
 ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com