លោក ហ៊ុន សែន និង​ភរិយា​តែងតែ​បោះឆ្នោត​គាំទ្រ​បេក្ខជន Cambodian Idol
09, Oct 2015 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ បាន​សរសេរ​សរសើរ​មិន​ដាច់​ពី​មាត់​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស។ លោក​បាន​អះអាងថា លោក​និង​ភរិយា តែងតែ​បោះឆ្នោត​គាំទ្រ​ជានិច្ច។

 
លោកនាយក​រដ្ឋមន្ត្រី បាន​រៀបរាប់ថា៖ «បន្ទាប់ពី​រឿង​នយោបាយ​យ៉ាងច្រើន ដោយ​ថ្ងៃនេះ​ជា​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​ផង និង​ឈានដល់​ជិត​ថ្ងៃបុណ្យ​ភ្ជុំ​ផង គឺ​ខ្ញុំ​សូម​យក​នាទី​នេះនិយាយ​អំពី​សិល្បៈ​ខ្មែរ​ម្តង»។ 
 
តាមរយៈ​ការ​លើកឡើងថា លោក និង​ភរិយា​គាំទ្រ​ដែល​ផលិត​ដោយ​ទូរទស្សន៍​ហង្ស​មាស ដូចជា The Voice of Cambodia និង Cambodian Idol លោក ហ៊ុន សែន បាន​បន្ថែមថា៖ «ខ្ញុំ និងភរិយា បាន​តាមដាន​កម្មវិធីល្អៗទាំង និង​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​ដែល​ខ្ញុំ​ពេញចិត្ត​តាំងពី​នៅ​ទីក្រុង​ភ្នំពេញ​រហូតដល់​ទីក្រុង New York»។ 
 
លោកនាយក​រដ្ឋមន្ត្រី បាន​សរសើរ និង​សម្តែង​ការពេញចិត្ត​ចំពោះ​សមត្ថភាព​របស់​ចៅក្រម ដូចជា​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគ​ន្ឋ​កញ្ញា លោក ឆន សុវណ្ណ​រាជ និង លោក ណុប បា​យ៉ា​រិ​ទ្ឋ និង​ពិធីករ ពិធី​ការិនី​ក្នុង​កម្មវិធី។
 
ជាមួយគ្នានេះ លោក ហ៊ុន សែន បាន​សម្តែង​ការសោកស្តាយ​ដែល​លោក និង​ភរិយា មិនអាច​មាន​ល​ទ្ឋ​ភាព​ដើម្បី​បោះឆ្នោតអោយ​បេក្ខជន និងបេ​ក្ខ​នារី​ដែល​ខ្លួន​ពេញចិត្ត​នា​ថ្ងៃអាទិត្យ​ខាងមុខ ដោយសារ​មាន​បេសកកម្ម​ទៅ​ប្រទេស​ចិន។
 
លោក​បានសរសេរថា៖ «ខ្ញុំ​សូម​ជូនពរ​ចំពោះ​បេក្ខជន​និង​បេ​ក្ខ​នារី​ទាំង៦រូប ដែលនឹង​បន្ត​ក្នុង​វគ្គ Live Show ក្នុងពេល​ខាងមុខ​ទទួលបាន​នូវ​ការគាំទ្រ​ពីសំណាក់​អ្នក​និយម​កម្មវិធី Cambodia Idol ទាំងអស់គ្នា។ ខ្ញុំ​ក៏មាន​ការសោកស្តាយ​ចំពោះក្មួយៗដែល​បាន​ចាក​ចេញពី​កម្មវិធី​រួចមកហើយ។ ទោះបីក្មួយៗចាកចេញ​មែនពិត តែ​សមត្ថភាព​របស់ក្មួយៗទាំងអស់ពិតជា​ខ្ពស់​ដែល​ពូ​សង្ឃឹមថាក្មួយៗនឹង​បន្ត​ខិតខំ ដើម្បី​ក្លាយខ្លួនជា​អ្នកចម្រៀង​អាជីព​នៅពេល​ខាងមុខ»៕
 

Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com