អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ និង​ជប៉ុន​ ចង់​បន្ថយ​​ភាព​តានតឹង​នឹង​គ្នា​ឡើងវិញ
15, Oct 2015 , 11:19 am        
រូបភាព
 
នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ី​ន​សូ អា​បេ និង​តំណាង​រដ្ឋាភិបាល​ចិន លោក​Yang Jiechi បាន​សន្យា​រួមគ្នា នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា នឹង​បន្ត​ធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​ចិន បានល្អ​ប្រសើរ​ឡើងវិញ ទោះជា​ប្រទេស​ទាំង២មាន​ជម្លោះ​នឹង​គ្នា​ក៏ដោយចុះ។

 
លោក​Yang Jiechi ជាទី​ប្រឹក្សា​រដ្ឋ​ចិន បាន​ចុះទៅ​ទស្សនកិច្ច​នៅ​ក្រុង​តូ​ក្យូ ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ី​ន​សូ អា​បេ។ លោក​អា​បេ បានលើកឡើង​ទៅ​តំណាង​រដ្ឋាភិបាល​ចិន​ថា លោក​ចង់​លើក​តំកើង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន​ឡើងវិញ ដោយ​លោក​ចង់អោយមាន​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំងពីរ។ 
 
លោក​អា​បេ ថែមទាំង​ប្រាប់ថា លោក​អន្ទះសា​ចង់​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ជាថ្មី​ម្តងទៀត ក្នុងជំនួប​កំពូលG20 និង​Apec ដែល​ត្រូវ​រៀបចំ​ឡើងនៅ​ខែវិច្ឆិកា​ខាងមុខ​ទៀតផង។ 
 
មុននឹង​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន ទីប្រឹក្សា​រដ្ឋ​ចិន Yang Jiechi បានលើកឡើង​រួចហើយ​ដែរ​ថា ចិន​និង​ជប៉ុន​ជា​ប្រទេសជិតខាង​សំខាន់​នឹង​គ្នា ចិន​ចង់​ខិត​ទៅរក​ជប៉ុន ហើយក៏​ចង់​ធ្វើអោយ​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​ជប៉ុន​បាន​ប្រសើរឡើង​ផងដែរ។ 
 
គួរ​បញ្ជាក់ថា ក្រៅពី​ជម្លោះ​បូរណភាព​ដែនទឹក​នៅ​សមុទ្រ​ចិន ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​កើនភាពតានតឹង​នឹង​គ្នា​ខ្លាំង ដោយសារតែ​សប្តាហ៍​មុន យូណេស្កូ​បាន​កត់ត្រា​ចូលក្នុង​បញ្ជី​ចងចាំ​ពិភពលោក នូវ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ដែល​កងទ័ព​ជប៉ុន បាន​បង្កឡើង​ក្នុង​ខែត្រ​ណាន​ជី​ង ប្រទេស​ចិន ក្នុង​ឆ្នាំ១៩៣៧។ ដោយសារ​រឿងនេះ ជប៉ុន​បាន​គំរាម​លែង​ឧបត្ថម្ភ​អង្គការ​យូណេស្កូ​តទៅទៀត៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com