អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង៖ ចិន ថា អាមេរិក​និង​អូស្ត្រាលី​កំពុង​យក​ប្រេង​ចាក់​លើ​អណ្តាតភ្លើង
15, Oct 2015 , 4:39 pm        
រូបភាព
ដោយ:
 
ខណៈ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កំពុង​តែមាន​ភាព​តានតឹង រដ្ឋាភិបាល​អាមេរិក និង អូស្ត្រាលី បាន​សម្តែង​ការព្រួយបារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់ ដ្បិត​ចិន​កំពុង​បន្តសកម្មភាព​នៅលើ​តំបន់​ជម្លោះ ជាពិសេស​សកម្មភាព​នៃ​ការសាងសង់​មូលដ្ឋាន​យោធា។ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន បាន​ព្រលះ​រដ្ឋាភិបាល​ទាំងពីរ ថា​កំពុងតែ​យក​ប្រេង​មក​ដាក់​បន្ថែម​លើ​អណ្តាតភ្លើង។ 

ម្សិលមិញ​នេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​អាមេរិក និង អូស្ត្រាលី​ពី​ការព្រួយបារម្ភ​ពី​សន្តិសុខ​នៅក្នុង​តំបន់​ដោយសារតែ​សកម្មភាព​របស់​ចិន​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​អាមេរិក និង អូស្ត្រាលី បាន​ជជែក​គ្នា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង ថែមទាំង​គ្រោង​បញ្ជូន​វា​ចម្បាំង និង យន្តហោះ​ល្បាត​មក​ក្បែរ​តំបន់​ជម្លោះ​ទៀតផង។
 
អគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី ចោទថា​ការរិះគន់​របស់​អូស្ត្រាលី និង អាមេរិក មិនមែនជា​ការទទួល​ខុសត្រូវ និង ស្ថាបនា​នោះទេ។ ហើយ ចិន ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់​ព​ន្ធ័​បញ្ឈប់​សកម្មភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ជាន់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ 
 
អគ្គរដ្ឋទូត​រូបនេះ បាន​បន្ថែមទៀតថា វា គឺជា​រឿង​មួយ​ដ៏​ល្អប្រសើរ​ប្រសិនបើ​ភាគី​ទាំងពីរ អាច​ប្រកាន់​គោលជំហរ​កណ្តាល​លើ​ភាគី​ពាក់​ព​ន្ធ័​នៃ​ជម្លោះ និង បន្ត​ការលើកកម្ពស់​សន្តិភាព​និង ស្ថិរភាព​ក្នុង​តំបន់ ជាជាង​ការបន្ថែម​បញ្ហា​ដែល​ប្រៀប​ទៅនឹង​ការបន្ថែម​ប្រេង​ទៅលើ​អណ្តាតភ្លើង។ 
 
សូម​រម្លឹក​ផងដែរ​ថា កាលពីពេល​ថ្មី​នេះ ប្រមុខ​ការពារជាតិ​អាមេរិក និង អូស្ត្រាលី បាន​បើក​កិច្ចប្រជុំ​ទ្វេរ​ភាគី​រយៈពេល​ពីរ​ថ្ងៃ​ដែល​ភាគច្រើន​ផ្តោតលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ជា​លទ្ធផល ភាគី​ទាំងពីរ បាន ព្រមព្រៀងគ្នា​លើ​កិច្ចប្រតិបត្តិការ​នៃ​ការពង្រឹង​កងទ័ពជើងទឹក​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ភាព​តានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។  ជាមួយគ្នានេះដែរ ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ash Carter ក៏បាន ប្រកាសថា អាមេរិក នឹង​បញ្ជូន​នាវាចម្បាំង និង យន្តហោះ​ល្បាត​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ​ក្នុងពេល​មួយ​ដែល​ចាំបាច់។
 
យ៉ាងណាក៏ដោយ អន្តរាគមន៍​នៃ​រដ្ឋ​ខាងក្រៅ​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ជម្លោះ​នោះទេ។ ផ្ទុយទៅវិញ ចិន ក៏​មិនគួរ​បន្តសកម្មភាព​ព្រងើយកន្តើយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​រដ្ឋ​អាស៊ាន​ផងដែរ ពោលគឺ​ចិន ត្រូវ​បញ្ឈប់​សកម្មភាព​នៅក្នុង តំបន់​ជម្លោះ ហើយ​ចូល​តុ​ចរចា ប្រសិនបើ​ចិន​មិន​ចង់ឃើញ​វត្តមាន​រដ្ឋ​ខាងក្រៅ​ចូលមក​លូកដៃ។
 
សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន។ កន្លងមក មេដឹកនាំ​អាស៊ាន បាន​ព្យាយាម ស្វែងរក​យន្តការ​នានា​ដើម្បី​ទាញ​ចិន​មកកាន់​តុ​ចរចា ខណៈ​ចិន នៅតែ​បន្ត​វាតទី​ជា​ឯកតោភាគី​នៅក្នុង តំបន់​ជម្លោះ​ដោយ​រួមបញ្ចូល​ទាំង​ការសាងសង់​កោះ​សិប្បនិម្មិត​ដើម្បី​ធ្វើជា​មូលដ្ឋាន​យោធា​នៅ​ទីនោះ​ទៀតផង៕ 
 
 
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com