អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ពន្យារពេល​ដ​កទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន
16, Oct 2015 , 11:58 am        
រូបភាព
រដ្ឋាភិបាល​អាមេរិក​បានប្រកាសថា ខ្លួន​នឹងមិន​ទាន់​ដក​កងកម្លាំង​ទាំងអស់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ២០១៦នោះទេ។ កងទ័ព​របស់​អាមេរិក​ជិត១ម៉ឺន​នាក់ នឹង​នៅ​បន្ត​ជួយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ឧទ្ទាម​តា​លី​បង់​ដែល​កំពុង​អុកឡុក​ពាសពេញ​ប្រទេស ខណៈ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​ទន់ខ្សោយ​នៅឡើយ។


 ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា កងទ័ព​ចំនួន៥៥០០នាក់ នឹង​បន្ត​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ដើមឆ្នាំ២០១៧។ លោក​ថា៖ ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក លោក​នឹងមិន​អនុញ្ញាតឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ទីកន្លែង​វាយប្រហារ​អា​មេ​រិ​ក​នោះទេ។ ការបន្ត​រក្សាទុក​កង​ទ័ព​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​រឿង​ដ៏​ត្រឹមត្រូវ ហើយ​លោក​បាន​ទទួលស្គាល់ថា កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខ្សោយ​នៅឡើយ។
 
ជាមួយ​ការប្រកាស​នេះ កងទ័ព​អាមេរិក​នឹង​បន្ត​ស្ថិតនៅ​ទីតាំង​ចំនួន៤ គឺ ទីក្រុង​Kabul ,មូលដ្ឋាន​អាកាស Bagram  ខេត្ត Jalalabadនៅ​ភាគ​ខាងកើត និង​ខេត្ត​Kandaharនៅ​ភាគខាងត្បូង ស្របពេល​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ពង្រីក​ការគ្រប់គ្រង​របស់ខ្លួន​នៅ​បណ្ដា​ខេត្តសំខាន់ៗដ៏ទៃទៀត។ 
 
‹‹ប្រតិបត្តិការ​ប្រយុទ្ធរ​បស់​យើង​នឹងត្រូវ​បញ្ចប់។ បេសកកម្ម​បន្តទៀត​គឺ ការជួយ​ហ្វឹកហ្វឺន​និង​ផ្ដល់​ប្រឹក្សា​បច្ចេកទេស​ដល់​កងក​ម្លាំ​ង​អា​ហ្វ​ហ្គា​នី​ស្ថាន›។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​លោក Carter។ លោក​បន្តថា អាមេរិក​នឹង​ជួយ​ពង្រឹង​ស្ថិរភាព​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​វែង។ 
 
ចំណែកឯ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​Ashraf Ghani បានប្រកាស​ស្វាគមន៍​គម្រោងការ​នេះ ដោយ​លោក​បាន​លើកឡើងថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ក្រោយ​មានការ​ពិភាក្សាគ្នា​ជាច្រើន​ខែ​រវាង​លោក​និង​លោក​អូ​បា​ម៉ា។ លោក Ghaniបន្ថែមថា នេះ​ជាការ​ពង្រឹង​ភាពជា​ដៃគូ ក៏ដូចជា​ទំនាក់ទំនង​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អាមេរិក។  
 
ដោយឡែក​ក្រុម​ឧទ្ទាម​តា​លី​បង់​ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​បន្ត​ការប្រយុទ្ធ​រហូតដល់​ពេល​អាមេរិក​ដក​កងទ័ព​ទាំងអស់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន។ បើតាម​អ្នកនាំពាក្យ​របស់​ក្រុម​នេះ បានឱ្យដឹងថា ពួកគេ​សម្រេចចិត្ត​ឈ្លានពាន​យើង ប៉ុន្តែ​យើង​ជា​អ្នក​សម្រេចចិត្តថា ពួកគេ​ចាកចេញ​នៅពេលណា។ 
 
គួរ​បញ្ជាក់ដែរថា អាមេរិក​បាន​ឈ្លានពាន​ចូល​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​មាន​ព្រឹត្តិការ​ណ៏​ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១ដើម្បី​វាយ​កម្ចាត់​ក្រុម​អាល់​កៃ​ដា។ ជម្លោះ​នេះ​បាន​បណ្ដាលឱ្យ​ទាហាន​អាមេរិក​ប្រមាណ២០០០នាក់​បាត់​បង់ជីវិត និង​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​សា្​ន​រាប់​មឺ​ុ​ន​នាក់​បាន​ស្លាប់​និង​របួស។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com