អន្តរជាតិ
ចិន​មិនអាច​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋ​អាស៊ាន​ទេ បើ​ខ្លួន​នៅតែ​បន្ត​បំពាន​នៅក្នុង​តំបន់​ជម្លោះ
19, Oct 2015 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ត្រឹមតែ​ជា​បញ្ហា​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​នៅក្នុង​តំបន់​នោះទេ តែ​បញ្ហា​នេះ កំពុងតែ​ក្លាយ​ប្រធានបទ​រសើប​មួយ​ដែល​គេ​យកទៅ​ជជែក​នៅ​ឆាក​អន្តរជាតិ ដ្បិត​ជម្លោះ​កំពុងតែ​វិ​វត្ត​ទៅរក​ស្ថានភាព​មួយ​គួរ​ព្រួយបារម្ភ។ ជាមួយគ្នានេះដែរ គេ​សង្កេតឃើញថា ចិន បាន​សន្យា ក្នុង​ការចរចា​ជាមួយ​អាស៊ាន​ដើម្បី​ដោះស្រាយ​ជម្លោះ ក៏ប៉ុន្តែ​ខ្លួន​នៅតែ​បន្តសកម្មភាព​នៃ​ការ សាងសង់​នៅក្នុង​កោះ​សិប្បនិម្មិត។ រដ្ឋ​អាស៊ាន​មួយចំនួន បាន​ក៏​ព្រលះ​ចិន​ជា​បន្តបន្ទាប់ ព្រោះ​ចិន មិនដែល​ធ្វើ​អ្វី​ដូច​ទៅនឹង​ការសន្យា​របស់ខ្លួន​នោះទេ។



សូមស្ដប់ពត៌មានលម្អិត៖



មេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី លោក Tan Sri Zulkefli Mohd Zin បាន​ព្រលះ​ចិន​មួយ​ប្រាវ​ពី​សកម្មភាព នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដ៏​កម្រ លោក បានចាត់ទុក​សកម្មភាព​ចិន គឺជា​សកម្មភាព​មួយ​ដែល​មិនអាច​ទុកចិត្តបាន​នោះទេ។ ការលើកឡើង​នេះ កើតឡើង ក្រោយ​តែ៣ថ្ងៃ​បន្ទាប់ពី​ចិន បានលើកឡើង​ពី​សំណើ​នៃ​ការធ្វើ​លំ​ហាត់​យោធា​ជាមួយ​អាស៊ាន​តែ ប៉ុណ្ណោះ ។
 
សូម​រម្លឹកថា កាលពី​ថ្ងៃទី១៦ តុលា​កន្លងទៅនេះ លោក Chang Wanquan រដ្ឋមន្ត្រី​ការពារ​ជាតិចិន​បាន​ប្រាប់​ទៅកាន់​សម​ភាគី​ទាំង​ដប់​រដ្ឋ​របស់​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​នៅ​ក្រុង​ប៉េកាំង ថា ចិន​ពិតជា​ត្រូវការ​ភាគី​ទាំងអស់​ដើម្បី​ជំរុញ​ឲ្យ​មាន​ចំណង​នៃ​ការអភិវឌ្ឍន៍​មួយ​ដ៏​ត្រឹមត្រូវ។ ក្នុងនោះ​លោក បានលើកឡើង​ពី​សំណើ​នៃ​ការធ្វើ​សមយុទ្ធ​នៅ​ឆ្នាំក្រោយ ដើម្បី​អនុវត្ត​គោលការណ៍​មួយចំនួន​ក្នុងការ​ប្រឆាំង​និង​ទប់ស្កាត់​នូវ​ហ​និ​ភ័យផ្សេងៗដែល​អាច​កើតឡើង​នៅក្នុង​តំបន់​ជម្លោះ​ក្នុងពេល​ប្រតិបត្តិ​រុករក​ឬ​សង្គ្រោះ​ដែល​កន្លងមក​បានកើត​ឡើង​ហើយ​ធ្វើ​ឲ្យ​មាន​ការយល់ច្រលំ​គ្នា​រហូត​ឈានដល់​ការប៉ះទង្គិច​គ្នា​ទៀតផង។
 
យ៉ាងណាក៏ដោយ ការចេញមុខ​រិះគន់​របស់​ម៉ាឡេស៊ី​ភា្លមៗគ្នា​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា ចិន មិនអាច​បង្កើន​ទំនុកចិត្ត​ជាមួយនឹងរ​ដ្ឋ​អាស៊ាន ជាពិសេស​ភាគី​ពាក់​ព​ន្ធ័​នៃ​ជម្លោះ​នោះទេ។ នោះ ក៏​ព្រោះតែ ការសន្យា​ខ្យល់​របស់​ចិន បាន​ក្លាយជា​ទម្លាប់​មួយ​ដែល​មិនអាច​កែប្រែបាន​ទៅហើយ។ នោះ គឺ​ចិន​នៅតាម​បន្តសកម្មភាព​នៅក្នុង​កា​រ​សាងសង់​កោះ​សិប្បនិម្មិត ដែល​ត្រូវបាន​គេ​ជឿជាក់ថា វា​កំពុង តែ​បំ​លែង​ទៅជា​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​ចិន។  បើ​យោងតាម​របាយការណ៍រ​បស់​អាមេរិក តាមរយៈ ផ្កាយរណប ចិន ចូលទៅ​កាន់កាប់​តំបន់​ជម្លោះ​ប្រមាណ​ជាង​ប្រាំបី​រយ​ហិច​តា ដែល​ត្រូវបាន​គេ​ស្គាល់ ថា​កោះ​សិប្បនិម្មិត​នោះឯង។ 
 
តាមពិតទៅ វា​មិនមែនជា​រឿង​ដែល​ថ្មី​នៃ​ការចេញមុខ​រិះគន់​របស់​មេដឹកនាំ​អាស៊ាន​នោះទេ ពោលគឺ សកម្មភាព​នេះ បានកើត​ឡើងជា​បន្តបន្ទាប់។ ក្នុង​នោះគេ​ឃើញថា កាលពីពេល​ថ្មី​នេះ ហ្វីលីពីន ដែល ជា​រដ្ឋ​អាស៊ាន​មួយ​ដ៏​ខ្លាំងក្លា​ដែល​បាន​ប្រកួតប្រជែង​ជាមួយ​ចិន ក៏បាន​រិះគន់ខ្លាំងៗ និង ថែមទាំង​ចំអក​ទៅកាន់​ចិន​ចំពោះ​ការលើកឡើង​ពី​ការចរចា​ទ្វេភាគី ផងដែរ។ 
 
ងាក​មក​ចាប់អារម្មណ៍​ស្ថានភាព​សន្តិសុខ​សមុទ្រ​ចិន​ខាងត្បូង​បន្តិច គេ​ឃើញថា ភាព​តានតឹង​កំពុងតែ ផ្ទុះឡើង​ជាថ្មី រវាង​អាមេរិក និង​ចិន ។ ហើយ​នោះ​គឺ សហរដ្ឋអាមេរិក រួមជាមួយ​សម​ភាគីរ​បស់​ខ្លូន អូស្ត្រាលី បាន​អះអាង​ពី​គម្រោង​ចុងក្រោយ​របស់ខ្លួន ក្នុងការ​ត្រៀម​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយយោង​តាមច្បាប់​អន្តរជាតិ។

យ៉ាងណាមិញ បើតាម​ការបញ្ជា​ក់រប​ស់ ប្រមុខ​ការពារជាតិ​អាមេរិក ការបញ្ជូន​នាវាចម្បាំង នឹងធ្វើ​ឡើង​តាម​ស្ថានភាព និង ពេលវេលា​ចាំបាច់ បានបង្ហាញ​រូបភាព​ពិតជា​ស្រេច​ហើយ​ថា អាមេរិក​នឹង​អន្តរាគមន៍ ប្រសិនបើ ចិន​មាន​វិធាន​ក្តៅ​ណាមួយ នៅក្នុង​តំបន់​ជម្លោះ។ តែ​ចិន បាន​អះអាង​ខ្លួន នឹងមិន​ប្រើ​កងកម្លាំង​ជា​ជម្រើស​ចុងក្រោយ​នៃ​ដំណោះ ស្រាយ ខណៈដែល​ខ្លួន​កំពុងតែ​សាងសង់​មូលដ្ឋាន​យោធា​នៅក្នុង​តំបន់​ជម្លោះ។
 
សូមបញ្ជាក់ថា ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រាប់បញ្ចូល​រដ្ឋ​អាស៊ាន​បួន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ចិន។ ក៏ប៉ុន្តែ​បច្ចុប្បន្ន គេ​សង្កេតឃើញថា មាន​ភាគី​ច្រើន​បន្ថែមទៀត កំពុងតែ​ចង់ពា​ក់ព​ន្ធ័ ក្រោម​ស្លាក​នៃ​ការគំរាមកំហែង​សន្តិសុខ៕ 
 

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com