ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «វិទ្យាសាស្ត្រ​កសិកម្ម» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
22, Oct 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម ដូចខាងក្រោម៖



ដើម្បី​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជាៈ គីមីវិទ្យា និង​ជីវវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល៤ឆ្នាំ ស្មើនឹង១៦០ក្រេ​ឌី​ត។ 
 
ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង៖ ទី១. ផ្នែក​វិទ្យាសាស្ត្រ​ដី គឺ​ដឹង​ពី​ប្រភព​កំណរ​កំណើត និង​វិភាគ​លើ​លក្ខណៈ​រូប-គីមី​នៃ​ដី យល់ដឹង​ពី​ការប្រើប្រាស់​ដី​កសិកម្ម និង​ប្រព័ន្ធ​កសិកម្ម​ចំរុះ យល់ដឹង​ពី​ការប្រើប្រាស់​ជីគីមី នី​ជីធម្មជាតិ​តាមរយៈ​បច្ចេកទេស​ផលិតកម្ម​ដំណាំ យល់ដឹង​ពី​លក្ខណៈ​ជីវសាស្ត្រ និង​សារធាតុចិញ្ចឹម​របស់​ដំណាំ​បច្ចេកទេស​ដាំ​ដុះ ការរក្សា​ទុក និង​ការកែច្នៃ​ផលិតផល យល់ដឹង​ពី​បច្ចេកទេស​បង្កាត់​ពូជ ការ​ផ្សាំ និង​ការរក្សា​គ្រាប់ពូជ យល់ដឹង​ពី​ការជ្រើសរើស​ដំណាំ​តាម​ស្ថានភាព​ដី និង​អាកាសធាតុ។ ទី២. ការការពារ​ដំណាំ គឺ​យល់ដឹង​ពី​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វល្អិត ស្គាល់​ពី​សត្វ​មាន​ប្រយោជន៍ និង​សត្វ​បំផ្លាញ​ដំណាំ ដឹង​ពី​ជំងឺ​រុក្ខជាតិ វិធានការ​ការពារ និង​កំចាត់​សត្វល្អិត​ចង្រៃ និង​ដឹង​ពី​បច្ចេកទេស​ប្រើប្រាស់​ថ្នាំពុល​គីមី និង​ថ្នាំពុល​ធម្មជាតិ
 
និស្សិត​ដែល​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម ឬ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កសិកម្ម នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ(ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ) អង្គការ និង​ក្រុមហ៊ុន​នានា អ្នក​បណ្ដុះបណ្ដាល​សាស្ត្រាចារ្យ​តាម​វិទ្យាស្ថាន​ឬ​សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ចូលរួម​ការងារ​អភិវឌ្ឍន​សហគមន៍​និង​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន។ 
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com