សេដ្ឋកិច្ច
អន្តរជាតិ
Global Witnessទំលាយ​ព័ត៌មាន​ស្តីពី​ការជួញដូរ​ថ្លើមថ្ម​នៅ​មី​យ៉ាន់​ម៉ា
25, Oct 2015 , 11:20 am        
រូបភាព
ដោយ:
អង្គការ ប្រឆាំង​អំពើពុករលួយ Global Witness បាន​ចុះផ្សាយ កាលពី​ថ្ងៃ​សុក្រ នូវ​របាយការណ៍​អង្កេត ទាក់ទង​នឹង​ពាណិជ្ជកម្ម​ថ្លើមថ្ម​នៅ​មី​យ៉ាន់​ម៉ា។ ជា​របាយការណ៍​ទំលាយ​ថា មី​យ៉ាន់​ម៉ា រកបាន​ចំណូល​សន្ធឹកសន្ធាប់​ពី​ធនធាន​ថ្លើមថ្ម​ក្នុងស្រុក ដល់​ទៅ៣១ពាន់​លាន​ដុល្លារ ក្នុងមួយឆ្នាំ។ ហើយ​អតីត​មេដឹកនាំ​របប​សឹក និង​ក្រុម​ជួញដូរ​គ្រឿងញៀន សុទ្ធតែជា​អ្នកទទួល​ចំណូល​ពី​ថ្លើមថ្ម​មី​យ៉ាន់​ម៉ា។



របាយការណ៍ នេះ​រៀបរៀងឡើង​ដោយ​លោក Mike Davis និង​ក្រុមការងារ​របស់​អង្គការ​Global Witness ដែល​បាន​ចុះទៅ​អង្កេត​ច្រើន​ខែ​នៅ​មី​យ៉ាន់​ម៉ា។ យោងតាម​របាយការណ៍ ការជួញដូរ​ថ្លើមថ្ម​បាន​នាំ​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ដល់​ភូមា ក្នុង​មួ​ួ​យឆ្នាំៗ លើសពី​ការជួញដូរ​ធនធាន​រ៉ែផ្សេងៗទៀត។ ក្នុង​ឆ្នាំ២០១៤ ថ្លើមថ្ម​បានផ្តល់​ចំណូល៣១ពាន់​លាន​ដុល្លារ​ដល់​មី​យ៉ាន់​ម៉ា គឺ​ស្មើនឹង៤៨ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក។ រីឯ​ចំណូល​បានមកពី​ការនាំចេញ​ឧស្ម័ន មានតែ៤១០០លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​តិចតួច​ប្រៀប​នឹង​ថ្លើមថ្ម។

ប៉ុន្តែ សម្រាប់​អង្គការ​Global Witness មានតែ​ក្រុមមនុស្ស​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​ទទួល​ប្រយោជន៍​ពី​ការជួញដូរ ថ្លើមថ្ម ក្នុងនោះ​មានកូន​ប្រុស២នាក់​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​Than Shwe។ ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តា​ក្រុមហ៊ុន​ដែល​រកចំណូលបាន​ជាង ២០០លាន​ដុល្លារ ពី​ពាណិជ្ជកម្ម​ថ្លើមថ្ម។

មេក្លោង​គ្រឿងញៀន ដែល​អាមេរិក​ចំណាំ​មុខ​ទុក​នៅ​អាស៊ីអាគ្នេយ៍ ដូចជា​Wei Hsueh-Kangក៏មាន​ចំណែក​ក្នុង​ថ្លើមថ្ម​ក្នុង​តំបន់​ដែរ។ របាយការណ៍​Global Witnessក៏​ចោទ​បន្ថែម ទៅលើ​ក្រុមហ៊ុនធំៗដូចជា Coca-Cola និង​ក្រុមហ៊ុន Caterpillar ផងដែរ។ យោងតាម​អង្គការ កូកាកូឡា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្លើមថ្ម ដែល​ទាហាន​មី​យ៉ាន់​ម៉ា​កាន់កាប់។ ហើយ​ក្រុមហ៊ុន​Caterpillarវិញ បានផ្តល់​សម្ភារៈ​ការដ្ឋានសំខាន់ៗ ដល់​ក្រុមហ៊ុន​ចំនួន៥របស់​ស្តេច​ជួញដូរ​គ្រឿងញៀន Wei Hsueh-Kang៕



Tag:
 ថ្លើមថ្ម
  Global Witness
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com