អន្តរជាតិ
លោក ពូ​ទីន​ក្លាយជា​តួឯក​ក្នុង​សំណុំរឿង​ស៊ី​រី
25, Oct 2015 , 7:30 pm        
រូបភាព
លោក អាសាដ ទៅអរគុណលោក ពូទីន ដល់មូស្គូ ទាក់ទង​នឹងអន្តារគមន៍​រុស្ស៊ីនៅ​ស៊ីរី
លោក អាសាដ ទៅអរគុណលោក ពូទីន ដល់មូស្គូ ទាក់ទង​នឹងអន្តារគមន៍​រុស្ស៊ីនៅ​ស៊ីរី
ក្រោយ​រុស្ស៊ី​សម្រេចចិត្ត​អន្តរាគមន៍​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ក្នុង​ទឹកដី​ស៊ី​រី​គ្រប់គ្នា​ចាប់ផ្តើម​ចោល​ភ្នែក​លើ​បុរស​ខ្លាំង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន។ សូម្បីតែ​អាមេរិក​ដែល​សន្យាថា ដោះស្រាយ​បញ្ហា​ស៊ី​រី​ឲ្យ​បាន​នោះ ហាក់ដូច​បន្ទន់ឥរិយាបទ និង​ងាក​មក​ចរចា​ជាមួយ​រុស្ស៊ី​ក្នុង​សំណុំរឿង​វិបត្តិ​ស៊ី​រី​ផងដែរ។ គោលនយោបាយ​រុស្ស៊ី​ដើម្បី​បោសសម្អាត​ក្រុម​ភេរវជន និង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​នេះ​បញ្ជាក់ថា វិមាន​ក្រេ​ម​ឡាំង​ក្លាយជា​តួឯក​ក្នុងការ​ដោះស្រាយ​វិបត្តិ។





អន្តរាគមន៍​របស់​វិមាន ក្រេ​ម​ឡាំង​ក្នុង​បញ្ហា​ស៊ី​រី ក្លាយជា​ក្តីសង្ឃឹម​មួយ​ថ្មី​សម្រាប់​អនាគត​ប្រទេស​ស៊ី​រី។ ថ្វីបើ​គេ​មិនទាន់​ដឹងថា សង្គ្រាមស៊ីវិល​មាន​រយៈពេល៤ឆ្នាំនេះ ចប់​របៀប​ណា ក្តី គេ​ក៏​ឃើញ​ពីស​ញ្ញា​វិជ្ជមាន​ខ្លះ​ហើយ​ដែរ។ សហរដ្ឋអាមេរិក​ដែល​ធ្លាប់តែ​អះអាងថា ជួយ​ស្រាយ​បញ្ហា​ឲ្យ​ប្រជាជន​ស៊ី​រី នោះ ស្រាប់តែ​បន្ទន់​ជំហរ បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​លូកដៃ​ម្តង ព្រោះថា​ខ្លួន​មិនទាន់មាន​លទ្ធភាព​ដោះស្រាយបាន។

ការបន្ទន់​ឥរិយាបទ​របស់​ក្រុង​វ៉ាស៊ីនតោន​ស្តែងឡើង​តាមរយៈ​ការឯកភាព​លើ​កិច្ចព្រមព្រៀង​ជាមួយ​មូ​ស្គូ​ដើម្បី​ការពារ​ការប្រឈមមុខ ឬ​ការប៉ះទង្គិច​គ្នា​ជាយថាហេតុ ក្នុងពេល​អន្តរាគមន៍​ប្រឆាំង​ភេរវជន​ក្នុង​បញ្ហា​ស៊ី​រី។ ហើយ​អ្វីដែល​ច្បាស់​ជា​នេះ គឺ​ការរៀបចំ​វេទិកា​ពិភាក្សា ពហុភាគី​នៅ​ទីក្រុង​វី​យ៉ែ​ន កាលពី​ថ្ងៃ​សុក្រ​ដោយមាន​វត្តមាន​ប្រមុខ​ការទូត​រុស្ស៊ី អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត និង តួ​ក​គី។ ប្រធានបទ​នៃ​កិច្ចពិភាក្សា​គឺ​ផ្តោតលើ​ជម្លោះ​ស៊ី​រី ហើយ​រុស្ស៊ី កំពុងមាន​ប្រៀប​លើ​លោកខាងលិច​ក្នុង​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ។

បើ​យោងតាម​របាយការណ៍​ដែល​បង្ហាញ​ដោយសារ​ព័ត៌មាន​បារាំង France 24 មន្ត្រីការទូត​លោកខាងលិច​លួច​បង្ហើប​ថា ពួកគេ​យល់ព្រម​បើកទ្វារ​ឲ្យ​លោក ពូ​ទីន ចាប់យក​ឱកាស​ជា​អ្នក​សាង​សន្តិភាព​នៅ​ទឹកដី​ស៊ី​រី តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​នយោបាយ ឬ បង្កើត​រដ្ឋាភិបាល​អន្ត​រ​កាល​មុន​ឈានដល់​ការផ្ទេរអំណាច​តាម​ការបោះឆ្នោត​ជាដើម។

មែនទែនទៅ បំណង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនធំ​ពេក​នោះទេ គឺ​លោក​ត្រឹម​ជួយ​របប​ដឹកនាំ​បច្ចុប្បន្ន​ដែល​លោក​ចាត់ទុកថា​ជា​រដ្ឋាភិបាល​ស្របច្បាប់ ប្រមូល​អំណាច និង​ខ្លាំង​ឡើងវិញ​ដើម្បី​គ្រប់គ្រង​ប្រទេស។ ជំហាន​ដំបូង​ដែល​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើ​រួចហើយនោះ​គឺ​ការ​កម្ចាត់​រាល់​បញ្ហា​អសន្តិសុខ​ដែល​បង្កដោយ​ក្រុម​ភេរវជន ក៏ដូចជា​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច។ វា​ជា​ការពិត​ដែល​លោក ខាងលិច​ថា រុស្ស៊ី​ឆ្លៀត​វាយ​សំពោង​ក្រុម​ប្រដាប់អាវុធ​ដែល​ខ្លួន​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ក្នុងការ​បង្វឹក​ឲ្យ​ផ្តួលរំលំ​លោក អាសាដ កន្លងមក។ ព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​លោកខាងលិច​ក៏​មិន​ប្តូរ​គោលជំហរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​នេះដែរ។

អាច​ថា យុទ្ធសាស្ត្រ​ជំហាន​ដំបូង​របស់លោក ពួ​ទីន មាន​ផ្លែផ្កា​ច្រើន​បន្តិច​ទៅ​ចុះ ព្រោះ​លោក អាសាដ ហ៊ាន​មក​អរគុណ​លោក ដល់​ក្រុង​ម៉ូស្គូ។ វត្តមាន​អាសាដ​នៅក្រៅ​ប្រទេស ជា​រឿង​កម្រ​បំផុត​តាំងពី​ស៊ី​រី​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ឆ្នាំ ២០១១ ហើយ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រុស្ស៊ី​នេះ ប្រាកដ​ណាស់​ថា​ជា​ចេតនា​មួយ​បង្ហាញ​ទៅកាន់​ពិភពលោក​ថា របប​ដឹកនាំ​លោក​អាច​ក្តោប​ក្តាប់​ស្ថានការណ៍​បាន​ឡើងវិញ​ហើយ។

គេ​ទទួលបាន​ដំណឹង​ថា ក្រោម​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ ទ័ព​អាសាស្ម័គ្រ​លោក អាសាដ បាន​ដណ្តើម​ទឹកដី​ច្រើន​ពី​ក្រុម​ភេរវជន​និង​ក្រុម​ឧទ្ទាម ហើយ​កម្ទេច​ទីតាំង​សំខាន់​ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ច្រើន​ផងដែរ។ សូមបញ្ជាក់​បន្តិច​ដែរ​ថា កងទ័ព​ជើង​អាកាស​រុស្ស៊ី​បានចាប់ផ្តើម​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី​ដំបូង​បំផុត​កាលពី​ចុងខែ​កញ្ញា ពោលគឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​លោក ពូ​ទីន ជួប​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​នៅ​ទីក្រុង​ញូវយ៉ក។

យ៉ាងណាក៏ដោយ​ផ្លូវ​ដែល​លោក ពូ​ទីន ត្រូវ​ដើរ​នៅ​វែង​ទៀត​ដើម្បី​បញ្ចប់​វិបត្តិ​ស៊ី​រី។ ប៉ុន្តែ​យើង​អាច​និយាយថា ការ​ទុក លោក អាសាដ ក្នុង​តំណែង ឬ​បង្ខំ​ឲ្យ​លោក ចុះ​ពី​តំណែង​លែង​ជា​ចំណុច​ស្នូល​នៃ​កិច្ចពិភាក្សា​រវាង​លោកខាងលិច​និង​រុស្ស៊ី​ទៀតហើយ។ ទោះជា​កន្លងមក​លោកខាងលិច​ទាមទារ​យ៉ាង​រឹង​ត្អឺ​ង​ថា អាសាដ​គ្មាន​តួនាទី​អ្វី​ក្នុង​ដំណោះស្រាយ​នយោបាយ​ក៏ដោយ បច្ចុប្បន្ន ប្រទេស​ទាំងនេះ រួមទាំង​ក្រុម​ឧទ្ទាម​ផង​នោះបាន​បន្ធូរបន្ថយ​ការទាមទារ​ដោយ​ព្រលយ​ពាក្យ​ថា អាសាដ អាច​ស្ថិតក្នុង​តំណែង​រយៈពេល​បណ្តោះអាសន្ន​សិន​ទម្រាំ​មានការ រៀបចំ បោះឆ្នោត ឬ​ផ្ទេរអំណាច។ តែ​ការបែងចែក​អំណាច​របៀប​ម៉េច​ដើម្បី​ធានា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​ប្រទេសមួយ​នេះ​ទៅ​ថ្ងៃមុន​ក្លាយជា​រឿង​ស្រពិចស្រពិល​នៅឡើយ៕



Tag:
 ពូទីន
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com