ប្លែកៗ
អន្តរជាតិ
Companion កម្មវិធី​រក្សា​សុវត្ថិភាព​សម្រាប់​ស្ត្រី​ធ្វើដំណើរ​ពេលយប់​តែម្នាក់ឯង
25, Oct 2015 , 3:32 pm        
រូបភាព
ដោយ: ធីតា
ការធ្វើដំណើរ​ពេលយប់​តែម្នាក់ឯង​លែង​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀតហើយ សម្រាប់​ស្ត្រី​នៅ​ប្រទេស​ជាច្រើន។ កម្មវិធី​ទូរស័ព្ទដៃ​មួយ​អាចជួយ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​កក់ក្តៅ និង​អាច​បង្ការ​ករណី​រំលោភបំពាន​ផ្លូវភេទ​ទៀតផង។



កម្មវិធី​ទូរស័ព្ទ​ធានា​សុវត្ថិភាព​នេះ​មាន​ឈ្មោះថា « Companion » ។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​និស្សិត​អាមេរិកាំង ៥ នាក់​នៃ​សាកលវិទ្យាល័យ Michigan ដើម្បី​ទប់ស្កាត់​អំពើ​រំលោភ​ផ្លូវភេទ។ ដោយហេតុថា នៅ​សហរដ្ឋអាមេរិក បើតាម​ស្ថិតិ និស្សិត​ស្រី​ម្នាក់​ក្នុងចំណោម ៥ នាក់​រងគ្រោះ​ដោយសារ​អំពើ​រំលោភ​ផ្លូវភេទ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ។

កម្មវិធី​នេះ​ងាយស្រួល​ប្រើប្រាស់​ណាស់។ ដំបូង អ្នកប្រើប្រាស់​ត្រូវ​ជ្រើសរើស «ដៃគូ​រួម​ដំណើរ» ជាមុនសិន។ បន្ទាប់មក ត្រូវ​ប្រាប់​ពី​ទីតាំង​បច្ចុប្បន្ន​ដែល​អ្នក​កំពុង​ស្ថិតនៅ និង​គោលដៅ​ដែល​ត្រូវ​ទៅ។ អ្នកធ្វើដំណើរ​តាម​លំនាំ​ផ្លូវ​ដែល​បានបង្ហាញ​ក្នុង​កម្មវិធី​ទូរស័ព្ទ ហើយ​មិត្ត​រួម​ដំណើរ​នោះ​នឹង​តាមដាន​ពី​សកម្មភាព​របស់​អ្នក។ បើសិនជា​អ្នកដើរ​ខុសពី​គោលដៅ​កំណត់ អ្នក​ចាប់ផ្តើម​រត់ ឬ​អ្នក​ដក​កាស​ត្រចៀក​ចេញ កម្មវិធី​នេះ​ចាត់ទុកថា ជា​ប្រតិកម្ម​ខុសធម្មតា រួច​នឹង​ជូនដំណឹង​ទៅ​មិត្ត​រួម​ដំណើរ។ ដៃគូ​នេះ​អាចធ្វើ​អន្តរាគមន៍ភ្លាមៗ ដោយ​ទូរស័ព្ទ​ទៅកាន់​ប៉ូលិស។ ឬ​មិន​ដូច្នោះ​ទេ អ្នកប្រើប្រាស់​កម្មវិធី​នេះ​អាច​ចុច​ប៊ូ​តុង​ក្នុង​កម្មវិធី ប្តឹង​ប៉ូលិស​ដោយ​ខ្លួនឯង​ក៏បាន ប្រសិនបើ​យល់ថា ខ្លួន​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់។

Companion ជា​កម្មវិធី​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បង្ការ​អំពើ​រំលោភ​ផ្លូវភេទ។ សម្រាប់​ពេលនេះ កម្មវិធី​នេះ​មិន​ត្រឹម​តែមាន​អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ នៅ​អឺរ៉ុប​ក៏​ទទួលបាន​ការគាំទ្រ​ផងដែរ គឺ​ដូចជា​នៅ​ប្រទេស​ដា​ណឺ​ម៉ាក និង​ហូ​ឡង់​ជាដើម។ អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​នេះ​តាមរយៈ Google Play និង App Store ៕



© រក្សាសិទ្ធិដោយ thmeythmey.com