អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា នឹង​ផ្តើម​ទស្សនកិច្ច​ពង្រីក​ទីផ្សារ​អាមេរិក​ក្នុង​កិច្ចប្រជុំ​នៅ​តួ​ក​គី ហ្វីលីពីន និង​ម៉ាឡេស៊ី​
27, Oct 2015 , 5:11 pm        
រូបភាព
ដោយ:
 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា នឹង​ផ្តើម​ទស្សនកិច្ច​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ​បី​ដាច់ដោយឡែក​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខនេះ​។ កិច្ចប្រជុំ​ទាំងនោះ នឹងត្រូវ​ធ្វើឡើង​ក្នុង ប្រទេស ទួ​ក​គី ហ្វីលីពីន និង ម៉ាឡេស៊ី​។ 


 
​បើ​យោងតាម​សេចក្តីប្រកាស​របស់​សេត​វិមាន ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ផ្តើម ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ចាប់ពី​ថ្ងៃទី​១៤​ដល់​២២ ខែវិច្ឆិកា​ខាងមុខ​។​ ​លោក អូ​បា​ម៉ា នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​G20 នៅ​ទួ​ក​គី កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា​APEC​នៅ​ហ្វីលីពីន និង កិច្ចប្រជុំ​កំពូល​នៅ​ម៉ាឡេស៊ី​ដែល​ទាក់ ទង​ជាមួយ​អាស៊ាន និង អាមេរិក និង​ដៃគូ​សន្ទនា​របស់​អាស៊ាន​ផងដែរ​។​
 
​តាម​ការអះអាង​របស់​សេត​វិមាន​អាមេរិក ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ជាង​មួយ​សបា្តហ៍​នេះ នឹង​ផ្តល់ ឱកាស​ដល់ លោក អូ​បា​ម៉ា ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នកជំនួញ កម្លាំង​ពលកម្ម​ និង ការនាំចេញផលិតផលអាមេរិកនៅលើ​ទីផ្សារ​អន្តរជាតិ​។ ការអះអាង​បែបនេះ គឺ​ស្រប​ពេលដែល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​អាមេរិក ទើបតែ​ចុះហត្ថលេខា​ទទួលយក​ពី​ភាគី​១២​រដ្ឋ​កាលពីពេល​ថ្មីៗ​។ រដ្ឋ​ទាំង​១២​នោះ មានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​។​
 
​យ៉ាងណាក៏ដោយ ជុំវិញ​នៃ​វត្តមាន​របស់​ប្រ​ធានា​អាមេរិក​លោក អូ​បា​ម៉ា ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ម៉ាឡេស៊ី ដែលជា​វិ​ទិ​កា​ដឹកនាំ​ដោយ​មេដឹកនាំ​អាស៊ាន គឺធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង កំពុង​តែមាន​ភាព​តានតឹង​ផងដែរ​។ ក្នុងនេះ​មានន័យថា អាច​នឹង​ការប្រឈមមុខគ្នា​រវាង​មេដឹកនាំ អាមេរិក និង ចិន​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ត្បូង ដ្បិត ចុងក្រោយ​នេះ អាមេរិក បានប្រកាស​គម្រោង នៃ ការបញ្ជូន​នាវាចម្បាំង​មក​ក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន​ដែល​សាងសង់​នៅក្បែរ​តំបន់​ជម្លោះ សមុទ្រ ចិន​ខាងត្បូង  ខណៈ​ចិន​ក៏បាន​ព្រមាន​អាមេរិក​មិន​ឲ្យ​លូកដៃ​ផងដែរ​នោះ​៕ 

Tag:
 អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com