ជាតិ
សង្គមជាតិ
សណ្ឋាគារ​ផ្កាយ​ប្រាំមួយ​បរិច្ចាគ​សម្ភារ​ប្រើប្រាស់​ដល់​អង្គការ​ចំនួន១៥
28, Oct 2015 , 9:41 am        
រូបភាព
សៀមរាប៖ សម្ភារ​ប្រើប្រាស់​មួយចំនួន មាន​ស្រោមពូក ស្រោមខ្នើយ កន្សែង​ជាដើម ត្រូវបាន​ថ្នាក់​គ្រប់គ្រង​នៃ​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា (Victoria Angkor) សៀមរាប រៀបចំ​ពិធី​ប្រគល់ ដល់​បណ្តា​អង្គការ​សម្បុ​រសធម៌​ចំនួន១៥ ។ ការបរិច្ចាគ​នេះ គឺ​ក្នុងន័យ​ការងារ​មនុស្សធម៌ ដែល​កន្លងមក សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​នេះ​ធ្លាប់ធ្វើជាហូរហែរ។



នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា លោក សុខុម សំអុល បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​សម្ភា​រ​ចំនួន ១៥០០សម្រាប់ បាន​បរិច្ចាគ​ដល់​អង្គការ​ចំនួន១៥ នៅ​ខេត្តសៀមរាប។ លោក សំអុល បញ្ជាក់ថា សម្ភារ​ទាំងនោះ គឺជា​សម្ភារ​របស់​សណ្ឋាគា​រ ដែល​ប្រើប្រាស់​រួចហើយ តែ​នៅ​មានគុណ​ភាពល្អ ក្នុងនោះ​រួមមាន កំរាលពូក ស្រោមខ្នើយ និង​កន្សែង​ជាដើម។

នេះ​ជា​លើក​ទី២ហើយ ដែល​ខាង​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​សម្ភារ​នេះ​ឡើង ដោយ​លើក​ទី១ធ្វើឡើង​នៅ​ឆ្នាំ២០១១ ។ អង្គ​ការដែល​ទទួលបាន​សម្ភារ​ទាំងនេះ​ភាគច្រើន​ជា​អង្គការ​ក្រៅ​ស្រុក ហើយ​ពួកគេ​ផ្តោត​សំខាន់​លើ​ការងារ​ជួយ​សហគមន៍​ក្រីក្រ​នៅតាម​តំបន់​ដាច់ស្រយាល ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច របស់ពលរដ្ឋ។ លោក សំអុល ពន្យល់​បន្ថែម៖« អង្គការ​ភាគច្រើន គាត់​ធ្វើ​ការចុះ​ផ្ទាល់​ទៅ​សហគមន៍។ ពួកគាត់​អាច​យកទៅ​បង្រៀន​ជំនាញ​កាត់ដេរ​ដល់​អ្នក​ក្រីក្រ និង​ចែក​ដល់​អ្នកក្រីក្រ​ប្រើប្រាស់ អាច​បាំងជញ្ជាំង ដំបូល​ជាដើម...»។


កន្លងមក​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា ធ្លាប់ធ្វើ​សកម្មភាព​មនុស្សធម៌​មួយចំនួន ដែល​រួមមាន​ជួយ​ដល់​អង្គការក្រៅរដ្ឋាភិបាល ជាពិសេស​គឺជា​ការរៀប​ចំ​កម្មវិធី​រាត្រីសមោស រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ កាលពី​ឆ្នាំ២០១៤ជាដើម។

គួរ​បញ្ជាក់ថា ពិធី​ប្រគល់​សម្ភារ​រៀបចំឡើង​នៅក្នុង​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា នៅ​ព្រឹក​ថ្ងៃទី ២៧ តុលា ដែលមាន​បណ្តា​អង្គការ​ចូលរួម។ អង្គ​ការដែល​ទទួលបាន​សម្ភារ​របស់​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា ដើម្បី​ចែក​បន្ត​ដល់​ជនក្រីក្រ​នោះ រួមមាន​អង្គការ HALO trust, The Global Child, Treak Community centre, The Lake Clinic, the life Cambodia,...៕



© រក្សាសិទ្ធិដោយ thmeythmey.com