ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​៖ កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​ផ្នែក​ធុរកិច្ច​ជាង​មុន​
28, Oct 2015 , 3:55 pm        
រូបភាព
 
​ប្រទេស​កម្ពុជា បាន​បន្តធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើងដល់​បរិយាកាស​ផ្នែក​ធុរកិច្ច​របស់ខ្លួន​ក្នុង​រយៈពេល​កន្លងមក​។ ក្នុងចំណោម​ប្រទេស​ចំនួន​១៨៩ កម្ពុជា​ត្រូវបាន​ធនាគារពិភពលោក​ចាត់​ជា​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៧ អំពី​ភាពល្អប្រសើរ​ផ្នែក​ធុរកិច្ច នា​ឆ្នាំ​២០១៥ នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​មួយ​របស់​ក្រុម​ធនាគារពិភពលោក បាន​ចុះផ្សាយ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ។


 
​បរិ​យាកាស​ផ្នែក​ធុរកិច្ច​នៅ​កម្ពុ​ជានាពេលបច្ចុប្បន្ន មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​។ ក្នុង​ឆ្នាំ​២០១៥ នេះ ប្រទេស​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ទី ១២៧ ក្នុងចំណោម​១៨៩​ប្រទេស បន្ទាប់ពី​ជាប់​ចំណាត់ថ្នាក់​ទី​១៣៣ កាលពី​ឆ្នាំ​២០១៤ ផ្នែក​បរិយាកាស​ល្អប្រសើរ​នៃ​ធុរកិច្ច​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក បាន​លើកឡើងថា អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​នោះ គឺ​កម្ពុជា​បានធ្វើ​ឲ្យ​ពួក​អ្នកវិនិយោគ និង​អ្នកជំនួញ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ដោយសារតែ​កម្ពុ​ជាមាន​សមត្ថភាព​ក្នុង​ផលិត​ថា​ពល​អគ្គិ​នី​ឲ្យ​មានការ​កើន​ឡើងជា​លំដាប់​។ 
 
​ប្រទេស​កម្ពុជា​ក៏បាន​កែលម្អ​ផងដែរ លើ​ការកាត់បន្ថយ​រយៈពេល​ដែល​ត្រូវ​ចំណាយ​ដើម្បី​ចាប់ផ្តើម​ធុរកិច្ច និង​បាន​កាត់បន្ថយ​ចំនួន​នៃ​នីតិវិធី​មួយចំនួន ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការចាប់ផ្តើម​ធ្វើ​ធុរកិច្ច​ដំបូង​។ ធនាគារពិភពលោក​បាន​អះ​អា​ថា នាពេល​អនាគត​កម្ពុជា​នឹងមាន​ឱកាស​ធ្វើ​ឲ្យ​ប្រសើរ​លើ​បរិយាកាស​ធុរកិច្ច​បន្ថែមទៀត ជាពិសេស​ការលុបចោល​នូវ​លក្ខខណ្ឌ ដែល​កំណត់​ដើមទុន​អប្បបរមា​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​ធុរកិច្ច​ថ្មី​មួយ​។ 
 
​លោក អា​ឡា​សាន សូ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​មានការ​រីកចម្រើន​ច្រើន​ក្នុង​ការជំរុញ​ធ្វើ​ឲ្យ​បរិយាកាស​ផ្នែក​ធុរកិច្ច​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ជាង​មុខ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​ភាព​រីកចម្រើន​ទាំងនេះ នឹង​ជួយ​កម្ពុជា​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​ការ​វិនិយោគ​លើ​ផ្នែក​ធុរកិច្ច និង​ការបង្កើត​ការងារ​ធ្វើ​»៕
 
 
 

Tag:
 ធនាគារពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com