ជាតិ
សង្គមជាតិ
តំណាង​អយ្យ​ការស្នើ​តុលាការ​ផ្តន្ទាទោស លោក យ៉ែម ជ្រិ​ន ជាប់ពន្ធនាគារ​អស់​មួយជីវិត
29, Oct 2015 , 7:22 pm        
រូបភាព
រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ៖ តំណាង​អយ្យការ​បានស្នើ​តុលាការ​ឲ្យ​ផ្តន្ទាទោស លោក យ៉ែម ជ្រិ​ន ជាប់ពន្ធនាគារ​អស់​មួយជីវិត។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោយពី​សាលាដំបូង​ខេត្តបាត់ដំបង​បានបញ្ចប់​សវនាការ​ជំនុំជម្រះ​លើ​រឿងក្តី​គ្រូពេទ្យ​អត់​អាជ្ញាប័ណ្ណ យ៉ែម ជ្រិ​ន ពាក់ព័ន្ធ​នឹង​ករណី​ចម្លងជំងឺ​អេដស៍​ពលរ​ដ្ឋ​ក្នុង​ឃុំ​រកា​ជាង ២០០នាក់ នៅ​ថ្ងៃទី២៨ ខែតុលា​នេះ។ តុលាការ​នឹង​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។



ស្របពេល​លោក យ៉ែម ជ្រិ​ន បដិសេធ​បទចោទប្រកាន់ ព្រះរាជអាជ្ញា​បានស្នើ​សុំឱ្យ​តុលាការ ត្រូវ​ផ្តន្ទាទោស​ជនជាប់ចោទ យ៉ែម ជ្រិ​ន ដាក់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ ប្រកាន់​ចំនួន ៣ គឺ ទីមួយ, ការប្រព្រឹត្ត​រាលដាល​មេរោគ​អេដស៍​ក្នុង​ចេតនា ចម្លង​អ្នកដទៃ តាម​មាត្រា ១៨ និង៥០ នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍/ជំងឺអេដស៍,ទី ២ ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី៣ បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង សុខាភិបាល។

សវនាការ​បាន​ប្រព្រឹត្ត​អស់​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ខែតុលា​នេះ។ បើតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ  ក្នុង​សវនាការ​ថ្ងៃ​ចុងក្រោយ​ថ្ងៃទី២៨  ចៅក្រម​ជំនុំជម្រះ តំណាង​អយ្យការ និង​មេធាវី​ការពារ​ជនជាប់ចោទ បានធ្វើការ​សាកសួរ​ដេញដោល​ជនរងគ្រោះ​ដែលជា​ដើមបណ្តឹង តំណាង​ក្រសួងសុខាភិបាល ជនជាប់ចោទ និង​សាក្សី​ខាង​ជនជាប់ចោទ ចាប់ពី​ម៉ោង ៣រសៀល​រហូតដល់​ម៉ោង ៧កន្លះ​យប់ ទើប​តុលា​ការបិទ​បញ្ចប់​នីតិវិធី​សាកសួរ​ទាំងស្រុង។

តាម​ប្រភព​ដដែល ក្រោយពី​តំណាង​អយ្យការ​បាន​បូកសរុប​សេចក្តីសន្និដ្ឋាន​ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ជាង ១០០នាក់ និង​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ស៊ើបអង្កេត​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ការសាកសួរ​ដេញដោល​ជនរងគ្រោះ ជនជាប់ចោទ និង​សាក្សី​ពាក់ព័ន្ធ តំណាង​អយ្យការ​បានស្នើ​តុលាការ​ឲ្យ​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ យ៉ែម ជ្រិ​ន ដាក់ពន្ធនាគារ​អស់​មួយជីវិត។

យ៉ាងណា មេធាវី​ការពារ​ក្តី​ជនជាប់ចោទ ​លោក ឯម សុវណ្ណ បានស្នើ​សុំឱ្យ​តុលាការ​ពិចារណា​ទំលាក់ចោល​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ រីឯ​បទល្មើស​ចំនួន២ករណី​ទៀត លោក​សុំឱ្យ​តុលាការ​ពិចារណា​អនុវត្ត​តាមច្បាប់​ជា​ធរមាន​ចុះ។

លោក​មេធាវី​អះអាងថា កូនក្តី​របស់លោក​ពុំមាន​ចេតនា​ណាមួយ ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នោះទេ។ ហើយ​ថា យ៉ែម ជ្រិ​ន ជា​មនុស្ស​មាន​សប្បុរស​ធម៌ ដែល​តែងតែ​ជួយ ព្យាបាល​អ្នកជំងឺ​ខ្លះ​មាន​ជីវភាព​ក្រខ្សត់ ហើយ​អ្នកជំងឺ​ខ្លះ​លោក​មិន​យកប្រាក់ ខ្លះ​ជំពាក់​ប្រាក់​ក៏​លោក​មិន​ទាមទារ​ផង។

ជនជាប់ចោទ​ឈ្មោះ យ៉ែម ជ្រិ​ន បាន​និយាយ​ក្នុង​អង្គ​សវ​ការ សុំឱ្យ​តុលាការ​បន្ធូ​បន្ថយទោស​ដល់​រូបលោក ដោយ​លោក​លើកឡើងថា លោក​គ្មាន​ចេតនា​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ ឱ្យ​ឆ្លង​មេរោគ​អេដស៍​នោះឡើយ គឺ​លោក​ចង់តែ​ព្យាបាល​ពួកគេ​ជាសះស្បើយ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា ករណី​នៃ​ការរីក​រាលដាល​ឆ្លង​មេរោគ​អេស​ដស៍​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ផ្ទុះឡើង​កាលពី​ខែធ្នូ ឆ្នាំ ២០១៤ ។ រហូតមកដល់​ពេលនេះ មនុស្ស​ចំនួន ២៩០ នាក់​បាន​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ ក្នុងចំណោម​នោះ អ្នកស្លាប់​មាន​ចំនួន ១០នាក់ (ស្រី ៦នាក់)។

ករណីនេះ ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​អិន​អេដស៍ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម បញ្ជាក់​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការឆ្លង​រាលដាល​មេរោគ​អេដស៍​ដែល​រួមបញ្ចូល​ទាំង​ការសិក្សា​លើ​ករណី​ឆ្លង និង​មិន​ឆ្លង​មេរោគ​អេដស៍​ថា អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​ចាក់ ថ្នាំ និង​ចាក់​ស៊ី​រ៉ូម​មាន​កម្រិត​ខ្ពស់ជាង​អ្នក​មិន​ឆ្លង​មេរោគ​អេដស៍៕



Tag:
 យ៉ែម ជ្រិន
  អេដស៍
© រក្សាសិទ្ធិដោយ thmeythmey.com