ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ CNRP នឹងដាក់​បេក្ខភាព​ជំនួស​ឬទេ​? បើ​ដាក់ គឺជា​ការសម្លាប់​ខ្លួនឯង​មែន​ឬទេ​?
30, Oct 2015 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភាជាតិ​កូតា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមាជិក​រដ្ឋ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែតុលា​ឆ្នាំ​២០១៥​នេះ​។ ក្រោយ​ការដកតំណែង​លោក កឹម សុខា ភ្លាម សំណួរ​ជាច្រើន​បាន​លើកឡើងថា តើ​តំណាងរាស្ត្រ​រូប​ណា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​មក​ជំនួស​លោក កឹម សុខា​?



​នេះ​ជា​សំណួរ​ដែល​គេ​ពិបាក​នឹង​ផ្តល់​ចម្លើយ​ភ្លាមៗ​។ បើ​ផ្អែកលើ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី មុនពេល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កូតា​តំណែង​ដឹកនាំ​រដ្ឋសភា​ត្រូវតែ​មកពី​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា​។ រីឯ តំណែង​នាយករដ្ឋមន្ត្រី​ត្រូវ​ផ្តល់ជូន​កូតា​មកពី គណបក្ស​សម រង្ស៊ី គឺ​លោក សម រង្ស៊ី តែម្តង​។
​ចុះ​នៅពេលដែល​គេ​ដក​លោក កឹម សុខា ចេញពី​តំណែង តើន​រណា​នឹងត្រូវ​មក​ជំនួស​រូបលោក​?

​បើ​ផ្អែកលើ​កូតា​រវាង​ក្រុម​លោក សម រង្ស៊ី និង​លោក កឹម សុខា អ្នក​ដែល​ត្រូវ​មក​ជំនួស​លោក កឹម សុខា ត្រូវតែ​មកពី​ក្រុម​លោក កឹម សុខា ដដែល​។ តែ​បញ្ហា​នៅត្រង់ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​បុគ្គល​ណា​ម្នាក់​មកពី​ក្រុម​លោក កឹម សុខា ថា​តើ សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត​ជូន​ក្រុម​លោក កឹម សុខា ម្តងទៀត​ដែរឬទេ​?

​ចុះ​ប្រសិនបើ​ក្រុម​លោក សម រង្ស៊ី ស្នើ​តំណាងរាស្ត្រ​ណា​ម្នាក់​ពី​ក្រុម​របស់ខ្លួន​ឲ្យ​មក​ជំនួស​តំណែង​លោក កឹម សុខា វិញ តើ​ជំរើស​នេះ​ទៅរួច​ដែរឬទេ​?

​នេះ​ជា​ជម្រើស​សមរម្យ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​សមរម្យ​សម្រាប់​ក្រុម​លោក សម រង្ស៊ី​។ ប៉ុន្តែ​រូបភាព​នេះ​បាន​បង្ក​ឲ្យ​គេ​មើលឃើញថា ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បាន និង​កំពុង​ឈានទៅរក​ការបែកបាក់​យ៉ាងពិត​ប្រាកដ​។

​ប្រសិនបើ​សេណា​រី​យ៉ូ​ទី​១ និង​ទី​២​ពិបាក​នឹង​ទៅរួច​នោះ តើ​ប៉ុស្តិ៍​ជំនួស​លោក កឹម សុខា នឹង​ទៅជា​យ៉ាងណា​?

​លោក សយ សុភាព អគ្គនាយក​គេហទំព័រ​ដើម​អំពិល​បាន​អត្ថាធិប្បាយ​ថា ភ្លាមៗ​នេះ CNRP ពិបាក​សម្រេចចិត្ត​ណាស់ ពីព្រោះ ការសម្រេចចិត្ត​ណាមួយ​មិន​ត្រឹមត្រូវ​អាចធ្វើ​ឲ្យ​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្ស​។ បើតាម​លោក សយ សុភាព គណបក្ស​សង្គ្រោះ​ជាតិ​អាច​រក្សា​ប៉ុស្តិ៍​នេះ​ឲ្យ​នៅ​ទំនេរ​មួយរយៈ​សិន​។

​ងាក​មក​លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យ​វិញ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្នើសុំ​បេក្ខភាព​ជំនួស​លោក កឹម សុខា ទេ​, ពេលនោះ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ប្រមូលយក​តំណែង​ប្រធាន​គណៈកម្មការ​ទាំងអស់​មកវិញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អាច​យក​តំណែង​អនុប្រធាន​ទី​១​ពី​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ សម្រាប់​លោក កែម ឡី ដំណើរ​ទៅមុខ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ត្រូវ​បន្ត​ចូលប្រជុំ​នៅក្នុង​រដ្ឋសភា​ធម្មតា តតាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​។

​លោក កែម ឡី គិតថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ចូលប្រជុំ​សភា​ដដែល​។ ប៉ុន្តែ​លោក សយ សុភាព ប្រមើល​មើលថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ដើរ​ចេញពី​សភា​នៅពេល​ណាមួយ​មុន​ការបោះឆ្នោត​ឃុំ​សង្កាត់ ឬ​ការបោះឆ្នោតជាតិ​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com