ជាតិ
សង្គមជាតិ
ប្រទេស​៧​របស់​អាស៊ាន​ចុះ​កម្មសិក្សា​ស្រាវជ្រាវ​ក្នុង​រមណីយដ្ឋាន​អង្គរ​
30, Oct 2015 , 3:57 pm        
រូបភាព
 
​សៀមរាប​៖ ប្រទេស​ចំនួន​៧​របស់​អាស៊ាន បាន​ចុះ​ធ្វើ​កម្មសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ការស្រាវជ្រាវ​នេះដែរ គឺ​ដើម្បី​សិក្សា​ពី​របៀប​គ្រប់គ្រង ការអភិវឌ្ឍ និង​ផែនការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ ផ្សារភ្ជាប់​នឹង​វិស័យ​ទេសចរណ៍​ឲ្យ​មាន​និរន្តរភាព​។​

​អ្នកស្រាវជ្រាវ និង​ធ្វើការ​ផ្នែក​វិទ្យាសាស្ត្រ​មាន​គ្រូបង្រៀន និង​សាស្ត្រាចារ្យ​ជាដើម ប្រមាណ​៦០​នាក់ មកពី​ប្រទេស​ចំនួន​៧ ក្នុង​តំបន់​អាស៊ាន បាន​ចុះ​ធ្វើ​កម្មសិក្សា​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​។ គោលបំណង​នៃ​កម្មសិក្សា​នេះ គឺ​ផ្តោត​សំខាន់​លើ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ហើយ​កន្លងមក​ពួកគេ​ធ្លាប់​ចុះទៅ​ក្នុង​តំបន់​ផ្សេងៗ​រួចមកហើយ​។​
 
​អនុប្រធាននាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ នៃ​អាជ្ញាធរ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​គេ​ជ្រើសរើស​ខេត្តសៀមរាប ធ្វើជា​គោលដៅ​ដើម្បី​ធ្វើជា​ករណី​សិក្សា ព្រោះថា​ការរៀបចំ​បេតិកភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ គឺមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។ មានន័យថា ការរៀបចំ​តំបន់​បេតិកភណ្ឌ​ដែលមាន​ទំនាក់ទំនង​នឹង​វិស័យ​ទេសចរណ៍ របស់​អាជ្ញាធរ​អប្សរា​គឺ​បានល្អ ដែល​អន្តរជាតិ​ទទួលស្គាល់​។ លោក សុខ​រិទ្ធី បន្តថា នៅ​តំបន់​អង្គរ គេ​នឹងសិក្សា​លើ​ករណី​ចំនួន​២ ទីមួយ​គឺ​នៅ​តំបន់​ប្រាសាទ និង​សហគមន៍​រស់នៅ​តំបន់​អង្គរ​។ 
 
​លោក សុខ​រិទ្ធី ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖« នៅ​តំបន់​ប្រាសាទ ទាក់ទង​នឹង​ការរៀបចំ ការគ្រប់គ្រង​ប្រាសាទ និង​វិស័យ​ទេសចរណ៍​ឲ្យ​មាន​និរន្តរភាព​នឹង​គ្នា​។ ធ្វើ​យ៉ាងម៉េច​ទើប​យើង​អាចធ្វើ​បាន​។ ទី​ពីរ គឺ​និយាយ​ពី​សហគមន៍ ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ តើ​ការគ្រប់គ្រង​មាន​និរន្តរភាព​ជាមួយ​ទេសចរណ៍ ឫ​ក៏​សមរស់​ជាមួយគ្នា រវាង​បេតិកភណ្ឌ​និង​សហគមន៍​ដែរ​ឫ​អត់​»​។​
 
​ប្រទេស​ចំនួន​៧ ដែល​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មានដូចជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មី​យ៉ាន់​ម៉ា និង​កម្ពុជា ដែលមាន​ប្រទេស​ជា​ភ្ញៀវ​ចំនួន​៣​ទៀត មាន​ស៊ុយអែត ប៉ា​គី​ស្ថាន និង​អា​ល្លី​ម៉​ង់​។ អ្នកចូលរួម​អស់ តម្រូវ​ឲ្យ​រិះរក​គំនិត ចុះ​ស្រាវជ្រាវ និង​អង្កេត​ផ្ទាល់​នៅតាម​ទីតាំង​ផ្សេងៗ ដើម្បី​រក​វិធានការ ធ្វើយ៉ាងណា ឲ្យ​ប្រាកដថា ការអភិវឌ្ឍ​ដែល​ផ្សារភ្ជាប់​នឹង​វិស័យ​ទេសចរណ៍ ត្រូវមាន​និរន្តរភាព​។ 
 
​តាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី ការរៀបចំ​ឲ្យ​មាន​ផែនការ​គ្រប់គ្រង​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​ត្រូវបាន​អាជ្ញាធរ​អប្សរា គិតគូរ​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​។ ចំពោះ​ចំណុច​នេះ លោក សុខ​រិទ្ធី មាន​សុទិដ្ឋិនិយម​ថា ការចុះ​សិក្សា​ស្រាវជ្រាវ​របស់​សិក្ខាកាម​ទាំងអស់ នឹងមាន​ផល​វិជ្ជមាន​។ ពួកគេ​នឹង​ប្រមូលបាន​នូវ​អ្វីដែល​ពួកគេ​ចង់បាន ហើយ​រៀនសូត្រ ស្រង់​យក​បទពិសោធន៍​ពី​អាជ្ញាធរ​អប្សរា សម្រាប់​ចងក្រង​ជា​ឯកសារ ដើម្បី​យកទៅ​អនុវត្តន៍​នៅ​តំបន់​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុខ​រិទ្ធី​។​
 
​គួរបញ្ជាក់ថា ការចុះកម្មសិក្សាខាងលើនេះ រៀបចំឡើងដោយសកលវិទ្យាល័យបច្ចេកវិទ្យារបស់ម៉ាឡេស៊ី។ សកម្ម​ភាពចុះ​សិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ព្រឹក​មិញនេះដែរ ក្រៅពី​ចុះទៅ​ប្រាសាទអង្គរវត្ត​ហើយ​នោះ អ្នកស្រាវជ្រាវ​ទាំងអស់ ក៏បាន​ចុះទៅ​ភូមិ​ស្រះស្រង់​ជើង និង​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប​។ នៅ​ទីនោះ ពួកគេ​បាន​ស្វែងយល់​ពី​ការរស់នៅ និង​ស្វែងយល់​ពី​ទេសចរណ៍​សហគមន៍រ​បស់​អ្នកភូមិ​ជាដើម​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com