អន្តរជាតិ
ភាពខុសគ្នា​ពិតប្រាកដ​រវាង​អ្នកមាន និង​អ្នកក្រ​មិនមែន​ចំនួន​ទឹកប្រាក់​ដែល​រក​បានទេ​
02, Nov 2015 , 6:01 pm        
រូបភាព
ដោយ: ធីតា
 « ពិភពលោក​នៅ​រង់ចាំ​អ្នក​ឲ្យ​ក្លាយជា​សេដ្ឋី​ជានិច្ច » នេះ​ជា​អ្វីដែល​លោក Robert Kioyosaki អ្នកជំនាញ​ផ្នែក​ទ្រឹស្តី​អភិវឌ្ឍន៍​ខ្លួនឯង បាន​សរសេរ​ក្នុង​សៀវភៅ​របស់លោក​ដែលមាន​ចំណងជើង​ថា Rich Dad Poor Dad (​ឪពុក​អ្នកមាន និង​ឪពុក​អ្នកក្រ​) ។​

 
​ប៉ុន្តែ មនុស្ស​ជាច្រើន​មិនអាច​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀ​បាន ដោយសារតែ​ភាពមិន​ជឿជាក់ និង​ការភ័យខ្លាច​។ « ភាពខុសគ្នា​សំខាន់បំផុត​រវាង​អ្នកមាន និង​អ្នកក្រ គឺ​ការចេះ​គ្រប់គ្រង​ការភ័យខ្លាច » នេះ​ជាការ​លើកឡើង​របស់លោក Kiyosaki ។ លោក​បាន​បញ្ជាក់ថា លោកធំ​ធាត់​ឡើង ដោយ​សង្កេត​មើលឃើញ​ល​ក្ខ​ណៈ​ខុសគ្នា​រវាង​ឪពុក​អ្នកមាន​ដែល​បានចាប់ផ្តើម​ដោយ​ការយក​ប្រាក់កាស​ដែល​ខ្លួន​មាន​បន្តិចបន្តួច​ទៅ​ប្រថុយ និង​ឪពុក​អ្នកក្រ​ដែលជា​ឪពុក​រូបលោក​ផ្ទាល់​។ ឪពុក​លោក​បាន​បាត់បង់​ជីវិត ដោយមាន​បំណុល​ជាច្រើន​រុំកោះ​ដោះស្រាយ​មិន​ចប់ ។​
 
​មនុស្ស​គ្រប់រូប​ទាំងអស់ សូម្បីតែ​មហាសេដ្ឋី​ក៏ដោយ ត្រូវតែ​ប្រឈមមុខ​នឹង​ការភ័យខ្លាច​ចំពោះ​ភាពបរាជ័យ និង​ការ​ចាញ់​។ នេះ​ជា​អារម្មណ៍​ដែល​ចៀស​មិន​ផុត ជាពិសេស​ចំពោះ​បញ្ហា​ទាក់ទិន​នឹង​លុយកាក់​។ ចំណុច​សំខាន់​គឺ មិនត្រូវ​ភ័យខ្លាច​ចំពោះ​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ទេ​។ « អ្នកចេះ​គ្រប់គ្រង​អារម្មណ៍​ភ័យខ្លាច​របស់ខ្លួន​ចំពោះ​ការ​ចាញ់ និង​ការបរាជ័យ​បាន​ប៉ុណ្ណា នេះហើយ​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​ជីវិត​ខុសគ្នា​រវាង​អ្នកមាន និង​អ្នកក្រ »​។​
 
​លោក​បាន​សរសេរ​ទៀតថា​៖ « អ្នកមាន​ដឹងថា តើ​គេ​ត្រូវ​ប្រឈមមុខ​នឹង​ការបរាជ័យ​យ៉ាងដូចម្តេច ដើម្បី​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ជ័យជម្នះ​វិញ​។ ឪពុក​អ្នកមាន​ដឹងថា ភាពបរាជ័យ​នោះ​នឹងធ្វើ​ឲ្យ​គាត់​រឹងមាំ និង​វៃឆ្លាត​ជាង​មុន​។ ពេលដែល​បរាជ័យ គាត់​ដឹងថា ហេតុអ្វី​បានជា​គាត់​បរាជ័យ ហើយ​គាត់​នឹងធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​ជោគជ័យ​វិញ »៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com