អន្តរជាតិ
សាកសព​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​នៅ​អេ​ហ្ស៊ី​ប​បាន​ទៅដល់​រុស្សី​វិញ​ហើយ​
02, Nov 2015 , 10:19 pm        
រូបភាព
​សាកសព​ជនរងគ្រោះ​ចំនួន​១៤៤​នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​តំបន់​ស៊ី​ណៃ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប បាន​បញ្ជូន​ទៅដល់​ទីក្រុង Saint Petersburg ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​នេះ​មិនទាន់​ត្រូវ​បានដឹង​ទេ តែ​មន្ត្រី​រុស្សី​ថា យន្តហោះ​បាន​ផ្ទុះ​ឆេះ​នៅលើ​អាកាស​។​



​នៅ​ថ្ងៃ​ច័ន្ទ​នេះ យន្តហោះ​មួយគ្រឿង​របស់​រុស្សី​បាន​ដឹក​សាកសព​ចំនួន​១៤៤​នាក់ មកដល់​ព្រលានយន្តហោះ​ទីក្រុង​Saint Petersburg​ហើយ​។ ការស៊ើបអង្កេត​កំពុង​ត្រូវបានធ្វើ​យ៉ាង​ដុតដៃដុតជើង​ដើម្បី​រក​មូលហេតុ​ដែល​នៅ​ពីក្រោយ​នៃ​ការធ្លាក់​ដ៏​អាក្រក់​នេះ​ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់​២២៤​នាក់​។

​ក្រោយ​កើតហេតុ មាន​អ្នកស៊ើប​អង្កេត​មកពី​ប្រទេស​ជាច្រើន​ដោយមាន​ទាំង​រុស្សី​ផង បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក​ការពិត​នេះ​។ ក្រុម​ការស៊ើបអង្កេត បាន​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ ហើយ​លទ្ធផល​អាច​នឹង​ដឹង​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​។ ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត​របស់​រុស្សី​បាន​និយាយថា យន្តហោះ​បាន​បែក​ជា​បំណែក​តាំងពី​នៅលើ​អាកាស​មកម្ល៉េះ​។​

​ដោយឡែក សម្រាប់​សាកសព​ដែល​ដឹក​តាម​យន្តហោះ​នឹងត្រូវ​នាំយក​ទៅកាន់​កន្លែង​សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​។ ពេលនេះ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ទៅកាន់​មណ្ឌល​ពិនិត្យ​ឈាម​ដើម្បី​ផ្ដល់​ឈាម​សម្រាប់​ការបញ្ជាក់​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​។ មនុស្ស​ជាច្រើន​ក៏បាន​ទៅ​ដាក់​ផ្កា​នៅ​កន្លែង​កាន់ទុក្ខ​ដែល​ត្រូវ​បានរៀបចំ​សម្រាប់​ការគោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​។ 

​ជុំវិញ​មូលហេតុ​នៃ​ការធ្លាក់​នេះ ទាំង​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​និង​រុស្សី បាន​បដិសេធ​ការអះអាង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ថា ខ្លួន​ស្ថិតនៅ​ពីក្រោយ​ការធ្លាក់​នេះ​។ ម្យ៉ាងទៀត អ្នកស៊ើប​អង្កេត​មកពី​បារាំង អេ​ហ្ស៊ី​ប រុស្សី​និង​ក្រុមហ៊ុន Airbus​កំពុង​ដុតដៃដុតជើង​ស្វែងរក​មូលហេតុ​ដទៃទៀត​ដែល​នាំ​ដល់​ការធ្លាក់​យន្តហោះ​នេះ​។​

​សូម​រម្លឹក​ផងដែរ​ថា យន្តហោះ​រុស្ស៊ី​ដែល​បាន​ធ្លាក់​នោះ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ទីក្រុង Sharm el-Sheikh របស់​អេ​ហ្ស៊ី​ប​ទៅ​ទីក្រុង Saint Petersburg​របស់​រុស្សី មុននឹង​បាត់​ការទាក់ទង​ក្នុង​តំបន់​ស៊ី​ណៃ​។ ហើយ​ឧប្បទ្ទវហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ ជាហេតុ​ការណ៍ ដ៏​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​ហោះហើរ​របស់​ប្រទេស​រុស្សី​៕


© រក្សាសិទ្ធិដោយ thmeythmey.com