អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​មិន​ខ្វល់ខ្វាយ​ពី​ការព្រមាន​ពី​ចិន ដោយ​បន្ត​បញ្ជូន​នាវាចម្បាំង​ជា​រៀងរាល់​ត្រីមាស​
03, Nov 2015 , 11:04 am        
រូបភាព
ដោយ:
 
​បន្ទាប់ពី​ការបញ្ជូន​នាវាចម្បាំង​ជា​លើកដំបូង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជោគជ័យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​នឹង​បញ្ជូន​នាវាចម្បាំង​បន្ថែមទៀត​ទៅ កាន់​តំបន់​ជម្លោះ​រៀងរាល់ ត្រីមាស​ក្រោម​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​។ ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ហាក់ដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​ការព្រមាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការផ្ទុះ​សង្គ្រាម​នៅក្នុង​តំបន់​សមុទ្រ​នោះទេ​។​



​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក បាន​អះអាងថា រដ្ឋាភិបាល​អាមេរិក នឹង​បញ្ជូន​នាវាចម្បាំង​យ៉ាងតិច​មួយដង​ក្នុង​មួយ​ត្រីមាស​មក​ក្បែរ​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​នាវា​បន្ថែម​របស់​អាមេរិក គឺ​ដើម្បី​បង្ហាញ​ចិន និង រដ្ឋ​ផ្សេងទៀត​ពី​ការ អនុវត្ត​ច្បាប់​អន្តរជាតិ ឬ សិទ្ធិសេរីភាព​នៃ​ការ​ចរាចរ​តាម​ដែនសមុទ្រ​អន្តរជាតិ​។
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ចុងខែ​តុលា​កន្លងទៅនេះ អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេពី​កោះ​សិប្បនិម្មិត​របស់​ចិន​។ វត្តមាន​លើកដំបូង​នោះ មិនមែន​ការប៉ះទង្គិច​គ្នា​តាមរយៈ​យោធា​នៅក្នុង​តំបន់​ជម្លោះ​នោះទេ​។ 
 
​ប្រតិបត្តិ​ជោគជ័យ​នេះ បាន​ជុំរុញ​ឲ្យ​អាមេរិក​ប្រកាស​ត្រៀម​បញ្ជូន​នាវាចម្បាំង​បន្ថែមទៀត​មកកាន់​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ តាម​ការអះអាង​របស់​មន្ត្រី​ការពារជាតិ​អាមេរិក ប្រតិបត្តិការ​ក្នុង​តំបន់ ជម្លោះ នឹងត្រូវ​ធ្វើឡើង​ដោយ​ទៀងទាត់ តែ មិនមែនជា​សកម្មភាព​នៃ​ការប្រកួតប្រជែង​នោះទេ​។ 
 
​លោក Ben Rhodes អនុប្រធាន​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា នឹងមាន​សកម្ម​ភាពជា​ច្រើន​បន្ថែមទៀត​របស់​យោធា​អាមេរិក​ក្នុងការ​ការពារ​នូវ​សិទ្ធិ​នៃ​ការ​ចរាចរ​ដោយ​សេរី​នៅក្នុង​តំបន់​។ ហើយ​នេះ គឺជា​ផលប្រយោជន៍​របស់​អាមេរិក​ក្នុងការ​អនុវត្ត​គោលការណ៍​នៃ​សិទ្ធិសេរីភាព នៃ​ការ​ចរាចរ​ក្នុង​ដែនសមុទ្រ​។​
 
​គោលនយោបាយ​នេះ បាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក និង​ចិន បាន​បរាជ័យ​ក្នុងការ​ចរចា​លើ​វត្តមាន​លើកដំបូង​របស់​អាមេរិក​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​។ តាមពិតទៅ អ្វីដែល​អា​មេ រិ​ក ចង់បាន​ពិតប្រាកដ​នោះ​គឺ ចិន ត្រូវ​បញ្ឈប់​សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង ងាក​ទៅរក​ការដោះស្រាយ​ក្រោម​ច្បាប់​អន្តរជាតិ​វិញ​។​
 
​ថ្វី​ដ្បិត អាមេរិក អះអាងថា​សកម្មភាព​ខ្លួន​គឺ​ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​ក៏ដោយ វត្តមាន​អាមេរិក​ជាច្រើន ដង​ក្នុង​តំបន់​ជម្លោះ នឹង​ក្លាយជា​ក្តីបារម្ភ​សម្រាប់​សន្តិសុខសម្រាប់​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​នៅ អាស៊ីអាគ្នេយ៍​។ នោះ ក៏​ព្រោះ​តែបើ​ចិន មិន​ចុះ​ញ​ម​ចំពោះ​វត្តមាន​អាមេរិក ហើយ ជំនួស​មកវិញ​នូវ​ការ ប្រើប្រាស់​កងកម្លាំង​យោធា​ដូច​ទៅនឹង​ការព្រមាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កន្លងមក​នោះ សន្តិសុខ នឹង​ត្រូវបាន​គំរាមកំហែង​ជាក់​ជាពុំខាន​៕ 

Tag:
 អាមេរិក
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com