អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ធ្វើ​ពិព័រណ៍​បង្អួត​ពី​សមត្ថភាព​បង្កើត​សព្វាវុធ​ដោយ​ខ្លួនឯង​
03, Nov 2015 , 8:19 pm        
រូបភាព
ដោយ: &
​ក្រសួងការពារជាតិ​ថៃ បានរៀបចំ​ពិព័រណ៍​មួយ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល និង គម្រោង​នៃ​ការអភិវឌ្ឍន៍​សព្វាវុធ​ដែល​ផលិត​ដោយ​រោងចក្រ​ការពារជាតិ​ថៃ និង ក្រុមហ៊ុន​ឯកជន​បរទេស​នៅក្នុង​ប្រទេស​ថៃ​។ ពិព័រណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ថៃ បាន​ក្លាយជា​រដ្ឋ​មួយ​ដែលមាន​សមត្ថភាព​ក្នុង​ការផលិត​អាវុធ​ដោយ​ខ្លួនឯង​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ​។​



លម្អិត​ព័ត៌មាន​នេះ​ដោយ លោក រ៉ឹ​ម ភា​រី​៖



​ឧបនាយករដ្ឋមន្ត្រី​ទទួល​កិច្ចការ​សន្តិសុខ​ថៃ លោក Prawit Wongsuwon បាន​អះអាងថា រោងចក្រ​ការពារជាតិ​ថៃ អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​សព្វាវុធ​នៅក្នុង​ប្រទេស​តាមរយៈ​ការចាប់​គូ ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​បរទេស​។

​ថ្លែង​នៅក្នុង​ការបើក​ពិព័រណ៍​ការពារ និង សន្តិសុខ​ប្រចាំឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍ Prawit បាន​អះអាងថា ក្រសួងការពារជាតិ​ថៃ មាន​តួនាទី​ក្នុងការ​ស្រាវជ្រាវ និង អភិវឌ្ឍន៍​លើ​សព្វាវុធ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ និង ដឹកនាំ​ឲ្យ​មានការ​ផលិត​អាវុធ​ដោយ​ខ្លួនឯង​ផងដែរ​។ 

​ក្នុងឱកាស​នោះដែរ លោក​បានបង្ហាញ​នូវ​គម្រោង​ចំនួន​២០​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា លើ​វិស័យ​ការពារជាតិ ទាំង​ផ្នែក​ទ័ពជើងគោក ទ័ពអាកាស និង ទ័ពជើងទឹក​ផងដែរ​។ ក្នុងនោះ ក៏មាន​សព្វាវុធ​មួយចំនួន ដែល​ថៃ​បានសម្រេច​ហើយ​ផងដែរ​។ ជាក់ស្តែង​នោះ​គឺ ថៃ​បានដាក់​បង្ហាញ​រថ​គ្រោះ​ដែលមាន​ឈ្មោះថា «Black Widow Spider « ជា​ផលិតផល​លើកដំបូង ដែល​ថៃ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ខ្លួន តាំងពី​ពីរ​ឆ្នាំមុន​មកម្ល៉េះ​។

​ដោយសារតែ​សមត្ថភាព និង ថវិកា សម្រាប់​ការអភិវឌ្ឍន៍​សព្វាវុធ​នៅមានកម្រិត លោក Prawit ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចសហការ​ជាមួយនឹង​រដ្ឋ​របស់​អា​ស៊ាន​មួយចំនួន ក៏ដូចជា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​បរទេស ដើម្បី​មក​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​ថ្វី​ដ្បិត ការសម្រេច​របស់​ថៃ​លើ​ការផលិត​សព្វាវុធ មិនទាន់​លក្ខណៈ​ល្អប្រសើរ​នៅឡើយ​បើ​ប្រៀបធៀប ជាមួយនឹង​ការវិវត្ត​ប​ចេ្ច​ក​វិទ្យា​សព្វាវុធ​បច្ចុប្បន្ន សមិទ្ធផល​នេះ នៅតែ​បង្ហាញថា​ថៃ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ផងដែរ​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com