អន្តរជាតិ
ហេតុអ្វី​កូរ៉េខាងត្បូង​មិន​ប្រថុយ​ជាមួយ​អាមេរិក​និង​ជប៉ុន​ក្នុង​ប្រតិបត្តិការ​សមុទ្រ​ចិន​ខាងត្បូង​?
03, Nov 2015 , 9:39 pm        
រូបភាព
ដោយ:
​សកម្មភាព​វាតទី​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​រដ្ឋាភិបាល​ក្រុង​បេ​កាំ​ង បានក្លាយ​ជាការ​គំរាមកំហែង​មួយ​នៅក្នុង​តំបន់​ទាំង​ផ្នែក​សន្តិសុខ និង ផ្នែក​ពាណិជ្ជកម្ម​ដែនសមុទ្រ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​រដ្ឋ​ខាងក្រៅ​ដែល​រួមមាន​ទាំង​អាមេរិក​និង សម្ព​ន្ធ័​មិត្ត​របស់ខ្លួន ចាប់ផ្តើម​លូកដៃ​ចូល​ជ្រៅ​ដើម្បី​អន្តរាគមន៍​ក្រោម​ស្លាក​នៃ​ការការពារ និង អនុវត្ត​តាមច្បាប់​អន្តរជាតិ​។ ដោយឡែក កូរ៉េខាងត្បូងដែលជាសម្ពន្ធ័មិត្តយ៉ាង​ជិតស្និទ​របស់​អាមេរិក បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ប្រតិបត្តិការ​ក្នុង​ដែនសមុទ្រ​ជម្លោះ ចិន​ខាងត្បូង​ទៅវិញ​។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ស្ទាក់ស្ទើរ​មិន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​?



​មកទល់ពេលនេះ កូរ៉េខាងត្បូង​ដែលជា​សម្ព​ន្ធ័​មិត្ត​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅតែ​រក្សា​គោលជំហ​ស្ងប់ស្ងាត់​ចំពោះ​ប្រតិបត្តិ​ការរក្សា​សន្តិភាព និង ការពារ​សិទ្ធិសេរីភាព​នៃ​ការ​ចរាចរ​តាម​ដែនសមុទ្រ​ចិន ខាងត្បូង​ដែល​កំពុងតែ​ដឹកនាំ​ដោយ​អាមេរិក​។ យ៉ាងណាក៏ដោយ ភាពស្ងប់ស្ងាត់​នេះ មិនមែន​មកពី​កូរ៉េ ខាងត្បូង​មិនមាន​សមត្ថភាព​ដើម្បី​បញ្ជូន​នាវា​របស់ខ្លួន​នោះទេ តែ​នោះ​ក៏​ព្រោះ ការ​លូកដៃ​របស់​កូរ៉េ ខាងត្បូង នឹងធ្វើ​ឲ្យ​កូរ៉េខាងត្បូង​នឹងត្រូវ​ខាតបង់​នូវ​ផលប្រយោជន៍​។

​ក្នុងជំនួប​លើកដំបូង​រវាង​មេដឹកនាំ​កំពូល​កូរ៉េខាងត្បូង និង ជប៉ុន កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ លោក នាយករដ្ឋមន្ត្រី ស្ហ៊ិ​ន​ហ្សូ អា​បេ បានស្នើ​ទៅកាន់​លោកស្រី​ប្រធាន​ធិបតី ផាក ហ្គ​ន​ហេ ដើម្បី​ចូលរួម ប្រតិបត្តិ​ការរក្សា​សន្តិភាព និង សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ក៏ប៉ុន្តែ សំណើ​នេះ មិនមាន​ការឆ្លើយតប​នោះទេ ពោលគឺ​កូរ៉េខាងត្បូង គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​រួម​ក្នុង​ប្រតិ​ប ត្តិ​ការ​នេះ ទោះបីជា​អាមេរិក​ជា​អ្នកដឹកនាំ​ក៏ដោយ​។ ហើយ វា​មាន​ហេតុផល​មួយចំនួន​ជុំវិញ​អវត្តមាន កូរ៉េខាងត្បូង​លើ​ប្រតិបត្តិការ​នេះដែរ​។

១. ទំនាក់ទំនង​ពាណិជ្ជកម្ម
​កូរ៉េខាងត្បូង គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ និង ជិតស្និទ​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ បើ​យោងតាម​សារព័ត៌មាន The Diplomat ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរបាន​កើន​ឡើងជា​បន្តបន្ទាប់​ពោលគឺ​ចំនួន​បាន​កើនឡើង​ពី​ប្រមាណ​២០០​ពាន់​លាន មកដល់​ជាង​៣០០​ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ និង ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិតល្មួត​នឹង​គ្នា​នោះ​គឺ កាលពី​ខែមិថុនា​កន្លងទៅនេះ កូរ៉េខាងត្បូង និង ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង គ្នា និង ថែមទាំង​សន្យា​នឹង​បន្ត​ចរចា​លើ​ការ​លុប​របាំង​ពាណិជ្ជកម្ម​លើ​វិស័យ​មួយចំនួន​នៅ​ឆ្នាំ​២០១៧ ផងដែរ​។ មួយវិញទៀត​នោះ​គឺ ភាគី​ទាំងពីរ ក៏​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ដែល​ផ្តួចផ្តើម​ដោយ​ចិន​ផងដែរ​។

​ក្នុង​ចំណុច​នេះ មានន័យថា បើ​កូរ៉េខាងត្បូង ចូលរួម​ប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្មើនឹង​សកម្មភាព​ប្រឆាំង​ចិន​នោះ គឺ​ហាក់ដូចជា​កូរ៉េខាងត្បូង​បំផ្លាញ លើ​ទំនាក់ទំនង​ដែល​ខ្លួន​បាន​ព្យាយាម​កសាង​តែម្តង​។

២. ការ​គំរាម​លើ​បញ្ហា​ន​សន្តិសុខ​
​កត្តា​សំខាន់​មួយវិញទៀត គឺ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​។ ថ្វី​ដ្បិត​កូរ៉េខាងត្បូង និង ចិន មិនមាន​ភាព រង្គោះរង្គើរ​ខ្លាំង​ជាមួយគ្នា​លើ​បញ្ហា​សន្តិសុខ​ក៏ដោយ គេ​មិនអាច​មើលរំលង​ចិន គឺជា​សម្ព​ន្ធ័​មិត្ត​ដ៏​ធំ​របស់​កូរ៉េខាងជើង​នោះទេ​។ នេះ មានន័យថា​ប្រសិន​កូរ៉េខាងត្បូង ហ៊ាន​ចេញមុខ​ប្រឆាំង​ចិន​ខ្លាំងក្លា​ដូច​ទៅនឹង ជប៉ុន​និង​អាមេរិក​នោះ ចិន អាច​វាយបក​ទៅកាន់​កូរ៉េខាងត្បូង​វិញ​តាមរយៈ​កូរ៉េខាងជើង​ជាក់ ជាពុំខាន​៕


Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com