អន្តរជាតិ
ចិន​-​អាមេរិក​ចោទ​ដាក់គ្នា​លើ​ការបរាជ័យ​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​វេទិកា​ការពារជាតិ​អាស៊ាន​
04, Nov 2015 , 8:19 pm        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​លើ​បញ្ហា​សមុទ្រ​ចិន ខាងត្បូង ក្រោយ​បញ្ចប់​វេទិកា​ការពារជាតិ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការបរាជ័យ​នេះ បានធ្វើ​ឲ្យ អាមេរិក និង​ចិន ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ផងដែរ​នោះ បាន​ទម្លាក់កំហុស​ដាក់គ្នា​ថា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​អាស៊ាន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​បាន​។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​



នៅ​ថ្ងៃទី​០៤​ខែវិច្ឆិកា​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែលជា​អ្នករៀបចំ​វេទិកា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បានសម្រេច​លុបចោល​ក​ម្ម​វិធី​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​នេះ​។ ការលុបចោល​នេះ ក៏​ព្រោះ​តែមាន​បញ្ហា​ចម្រូងចម្រាស​គ្នា​ខ្លាំង​លើ​បទបញ្ញត្តិ​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​វេទិកា​ការពារជាតិ​ដែលមាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង​ដប់ និង ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ផ្សេងទៀត​ដែល​រួមបញ្ចូល​ទាំង​ចិន អាមេរិក អូស្ត្រាលី ជប៉ុន និង ឥណ្ឌា បាន​ក្លាយជា​សមរភូមិ មួយ​ដ៏​តានតឹង​ក្នុងការ​ពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ជាពិសេស​នោះ វា​ក្លាយជា​ការប្រឈមមុខ រវាង​ចិន និង អាមេរិក ដែល​កំពុងតែ​បង្ហាញ​សាច់ដុំ​ដាក់គ្នា​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្រាប់​នោះ​។

​ជុំវិញ​ការ​លុប កម្មវិធី​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ មិនត្រូវ​បានបញ្ជាក់​ពី​មូលហេតុ​ឲ្យ​បាន​លម្អិត​ពី អ្នករៀបចំ​នៃ​កិច្ចប្រជុំ​នេះ​ទេ​។ ក៏ប៉ុន្តែ អ្វីដែល​គួរកត់សម្គាល់​នោះ មហាអំណាច​ពីរ អាមេរិក និង ចិន បាន​ប្រតិកម្ម និង លើកឡើង​ពី​ហេតុផល​មួយចំនួន​ដែល​បង្ខំ​អាស៊ាន មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​នេះ​បាន​។

​ក្នុងនោះ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក បាន​អះអាងថា ចិន បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋ​អាស៊ីអាគ្នេយ៍​ដើម្បី​ដកចេញ​នូវ​បញ្ហា​សមុទ្រ​ខាងត្បូង​ពី​សេចក្តីថ្លែងការណ៍​នោះ​។

​ប្រសិន បើ​ចិន​បញ្ចូល​បញ្ហា​នេះ​ក្នុង​សេចក្តីថ្លែងការណ៍ នោះ​ចិន​នឹងត្រូវ​ចងភ្ជាប់​នៅក្នុង​លិ​ខិ​តូ​បក​រណ៍​កាន់តែច្រើន ហើយ ចិន​ត្រូវតែ​គោរព​ទៅតាម​បទ​បញ្ញា​ត្តិ​ទាំងអស់នោះ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អាមេរិក មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិចិន បាន​អះអាងថា ប្រទេស​ខាងក្រៅ​អាស៊ីអាគ្នេយ៍ គឺជា​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការលុបចោល​នេះ​។ ទោះបីជា​ចិន មិនបាន បញ្ជាក់​ឈ្មោះ​ប្រទេស​ណាមួយ​ក៏ដោយ តែ​គេ​ដឹង​យ៉ាងច្បាស់​ថា​នោះ​គឺ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត របស់ខ្លួន​នោះឯង​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​សបា្តហ៍​មុន អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​កោះ​សិប្បនិម្មិត​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង បានប្រកាសថា នឹង​បញ្ជូន​នាវា​រៀងរាល់ ត្រីមាស​ទៀតផង​។ វត្តមាន​នេះ បានធ្វើ​ឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង និង ថែមទាំង​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម នៅក្នុង​តំបន់​ជម្លោះ ប្រសិនបើ​អាមេរិក​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ទៀត​៕


Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com