ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និង​វៀតណាម​គាំទ្រ​ចលនា​មហាជន​
05, Nov 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ហា ធី​ឃៀត (Ha Thi Khiet) សមាជិក​គណៈ លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ម​ជ្ឈឹ​ម​ប​ក្សក​ម្មុនី​ស្ត​វៀតណាម និង​គណៈប្រតិភូ​បាន​ជួបប្រជុំគ្នា​កាលពី​ព្រឹក​មិញ​។ ប្រទេស​កម្ពុជា និង​វៀតណាម​គាំទ្រ​ចលនា​មហាជន​នៃ​ប្រទេស​កម្ពុជា​-​វៀតណាម​។



​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក រវាង​ចលនា​មហាជន នៃ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ប្រធានបទ​ដែល​លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ហា ធី​ឃៀត (Ha Thi Khiet) សមាជិក​គណៈ លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ម​ជ្ឈឹ​ម​ប​ក្សក​ម្មុនី​ស្ត​វៀតណាម និង​គណៈប្រតិភូ បាន​លើក​យកមក​ជជែក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។

​លោកស្រី ហា ធី​ឃៀត បាន​លើកឡើងថា ប្រទេស​វៀតណាម​បាន​បង្កើត​ចលនា​មហាជន​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ទើបតែ​បង្កើត​ចលនា​មហាជន កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ លោក​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្តន៍​សកម្មភាព​ចលនា​មហាជន​នេះ​ជា​យូរ​ឆ្នាំ​មកហើយ ក្នុងការ​ស្វែងយល់​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ជួន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​។

​លោកស្រី​ប្រធាន​គណៈប្រតិភូ បានលើកឡើង​ពី​បេសកកម្ម ចលនា​មហាជន​ថា បង្កើតឡើង​ដើម្បី​ឆ្លើយតប​សំណូមពរ ប្រជាពលរដ្ឋ ហើយ​មាន​ភារកិច្ច​ដោះស្រាយ​នូវ​រាល់ បញ្ហា​របស់​ប្រជាពលរដ្ឋ​។

​លោកស្រី ហា ធី​ឃៀត បាន​ជម្រាបជូន​លោក​ប្រធានរដ្ឋសភា​ថា ប្រទេស​វៀតណាម ត្រៀម​ចែករំលែក​បទពិសោធន៍​ការងារ ជាមួយ​ប្រទេស​កម្ពុជា នៅក្នុង​ចលនា​មហាជន​នេះ​។ ជាមួយគ្នានេះ​លោកស្រី​បានស្នើ​សុំ​លោក​ប្រធានរដ្ឋសភា​មេត្តា​ផ្តល់​អនុសាសន៍ និង ជួយ​ជំរុញ​ដើម្បី​ចលនា​មហាជន​នៃ​ប្រទេស​វៀតណាម ក៏ដូចជា​ប្រទេស​កម្ពុជា ធ្វើដំណើរ​ទៅមុខ ក្នុងការ​បម្រើ​ផល​ប្រ​ជោ​យ​ជន៍​ជូន ប្រជាជន និង​ប្រទេស​ទាំងពីរ​។  «​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម  ដែលមាន​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ជា​អ្នកជិតខាង​ល្អ​នឹង​គ្នា តាំងពី​យូរ​មកហើយ​»​។ នេះ​គឺ​ការគូសបញ្ជាក់​របស់លោក​ស្រី ហា ធី​ឃៀត​។​

​ជាការ​ឆ្លើយតប លោក​ប្រធានរដ្ឋសភា ក៏បាន​រម្លឹក​ពី​ចំណងមិត្តភាព​កម្ពុជា វៀតណាម ពិសេស​ការដែល​ប្រទេស​វៀតណាម​បាន​ជួយសង្គ្រោះ​កម្ពុជា ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៧៩ ។ លោក ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់ គណបក្ស រដ្ឋាភិបាល និង​ប្រជាជន វៀតណាម ដែល​បាន​ជួយ​ប្រទេស​កម្ពុជា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។  ជាមួយគ្នានេះ       លោក ហេង សំរិន សូម​គាំទ្រ​ចំពោះ​ចលនា​មហាជន នៃ​ប្រទេស​ទាំងពីរ ដែល​បាន​បង្កើតឡើង​ក្នុង បុព្វហេតុ​ជាតិ និង​ប្រជាជន​៕

(​អត្ថបទ​ផ្តល់​ដោយ​ក្រុម​ព័ត៌មាន​រដ្ឋសភាជាតិ​)


© រក្សាសិទ្ធិដោយ thmeythmey.com