ជាតិ
មន្ត្រីជាន់ខ្ពស់​CNRP គាំទ្រ​ការព្រមាន​ចាត់វិធានការ​មន្ត្រី​ពុករលួយ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​
08, Nov 2015 , 3:00 pm        
រូបភាព
​លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មកា​រ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​គាំទ្រ​ការព្រមាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ ដែល​បណ្តោយ​ឲ្យ​មាន​សំណង់​អនាធិបតេយ្យ ប៉ះពាល់​សោភណភាព​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បាន​សរសេរ​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​មន្ត្រី​មានអំណាច ពុករលួយ ស៊ីលុយ​ក្រុមហ៊ុន NAGA World & Casino ទើប​បើកដៃ​ឲ្យ​ក្រុមហ៊ុន​សង់​សំណង់​យ៉ាង​អានាធិបតេយ្យ​។ គាំទ្រ​ការចាត់វិធានការ​ជាក់ស្តែង​ចំពោះ​មន្ត្រី​ពុករលួយ​ទាំងនោះ​»​។



​ជុំវិញ​សារ​គាំទ្រ​នេះ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ថា រូបលោក​គាំទ្រ​គ្រប់​ចំណាត់​ការដែល​ផ្តល់​ផលប្រយោជន៍​ទៅ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ លោក​ថា​៖«​យើង​គាំ​ឲ្យ​តែ​វា​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ប៉ុន្តែ​បើ​ចេះតែ​និយាយ  យើង​ទុកចោល​មិន​ចាត់វិធានការ នោះ​យើង​ក៏​មិន​គាំទ្រ​ដែរ​»​។

​តែ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ មិនមែន​ចង់ឃើញ​តែ​ការចាត់វិធានការ​តែ​លើ​មន្ត្រី​ពុករលួយ​ក្នុង​វិស័យ​សំណង់​នេះ​ទេ លោក​ក៏​ចង់ឃើញ​ចំណាត់ការ​របស់ រដ្ឋាភិបាល ទៅលើ​មន្ត្រី​ពុករលួយ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែរ​។ លោក ក៏​បន្ត​ឃ្លាំមើល​ចំណាត់ការ​នេះ​បន្តទៀត​ដែរ​។​

​នៅ​ថ្ងៃអាទិត្យ ទី​៨​ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច និង​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ឃុបឃិត​គ្នា​សាងសង់​សំណង់​ហួស​ពី​ច្បាប់​បានកំណត់ សាងសង់​រំលោភ​លើផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ​ជាដើម​។​

​នៅក្នុង​សារ​ព្រមាន​ដែល​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​មាន​ខ្លឹមសារ​ថា​៖«​បើ​ធ្វើ​នៅ​ទីតាំង​កន្លែង​ណា គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់​ព័​ន្ឋ​ត្រូវតែ​ទទួលខុសត្រូវ​។ ចំពោះ​ក្រុមហ៊ុន​ឯកជន​ក៏​ដូច្នោះ​ដែរ គឺ​មិនមែន​បានទទួល​ច្បាប់​ធ្វើ​ប៉ុណ្ណេះ ដល់ពេល​សាងសង់​ធ្វើ​ហួស​ពី​ច្បាប់​បានកំណត់ ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ក៏មាន​ទោស​ដែរ​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥​ខែវិច្ឆិកា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​បានធ្វើ​ដំណើរ​ថ្មើរជើង​ទៅ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ នូវ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​Naga world ដែល​បាន​សាងសង់​ខុសច្បាប់​អនុញ្ញាត និង​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំងអស់  ប្រជុំពិភាក្សា និង​មាន​វិធានការ​កែលម្អ​ជាបន្ទាន់ ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សោភណភាព​សាធារណៈ​។ មួយថ្ងៃ​ក្រោយ​ការបញ្ជា​របស់លោក នាយករដ្ឋ​​មន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ផ្អាក និង​រុះរើ​សំណង់​ជាបន្ទាន់ ក្រោម​ហេតុផល​ថា សាងសង់​ខុសពី​ច្បាប់​អនុញ្ញាត​៕


Tag:
 ​អេង ឆៃអ៊ាង​
  ​ហ៊ុន សែន​
  សំណង់​អនាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com