ពីនេះ ពីនោះ
រដ្ឋបាល​សាធារណៈ​រញ៉េរញ៉ៃ អ្នក​លំបាក​គឺ​រាស្ត្រ​!
10, Nov 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ មានការ​បែងចែក​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ការបំពេញ​សេវាសាធារណៈ​ជូន​ប្រជាជន​។ តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ មាន​ការចែង​យ៉ាងច្បាស់​ដើម្បី​ឲ្យ​មន្ត្រី​គ្រប់រូប​ទៅ​បំពេញ​ទៅតាម​មុខនាទី តំណែង​របស់ខ្លួន​។ ចុះ​ហេតុអ្វី​កន្លងទៅ​ចេះតែមាន​ប្រជាពលរដ្ឋ​ឡើងមក​ភ្នំពេញ​ដើម្បី​សុំ​ការ​អន្តរា​គម​ន៍​ពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល ជាពិសេស​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ទៅវិញ​?



​អស់​រយៈពេល​ជាង​ពីរ​ទស្សវត្ស​មកហើយ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ស្ទើរតែ​លែងមាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ក្នុងប្រទេស​របស់ខ្លួន ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា នៅពេល​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​នានា​។ ពេលខ្លះ​ពលរដ្ឋ​មាន​បញ្ហា ទៅរក​មេភូមិ មេភូមិ​បញ្ជូនទៅ​ឃុំ ឃុំ​បញ្ជូនទៅ​ស្រុក ស្រុក​បញ្ជូនទៅ​ខេត្ត​ជាដើម​។ មិនតែប៉ុណ្ណោះ​ខេត្ត​បែរ​មិន​ហ៊ាន​ដោះស្រាយ​ហើយ​បញ្ជូន​ទៅដល់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។ នៅពេលដែល​ប្រជាពលរដ្ឋ​មក​ថ្នាក់ជាតិ គេ​ថា​មិនមែនជា​ដែន​សមត្ថកិច្ច​ដែល​គេ​ត្រូវ​ដោះស្រាយ​ទេ បញ្ហា​នេះ​គឺ​ដោះស្រាយ​ត្រឹម​ថ្នាក់​ខេត្ត មកដល់​ខេត្ត​ខេត្ត​ថា​ជា​កិច្ចការ​របស់​ថ្នាក់ស្រុក មកដល់​ស្រុក​ស្រុក​ថា​ជា​តួនាទី​របស់​ឃុំ ពេល​ពលរដ្ឋ​ទៅដល់​ឃុំ​ឃុំ​ថា​គ្មាន​សមត្ថភាព​ដោះស្រាយ​។ ទីបំផុត​ពលរដ្ឋ​ពិបាក​ស្វែងរក​ថា អ្នកណា​ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​បញ្ហា​របស់ខ្លួន​ឲ្យ​ពិតប្រាកដ​។

​ព្រោះ​តែមាន​បញ្ហា ហើយ​ពិបាក​រក​អ្នកទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បែបនេះហើយ ទើប​គេ​ឃើញថា​ពេល​ពលរដ្ឋ​មាន​បញ្ហា​ម្ដងៗ ពលរដ្ឋ​តែងតែ​នាំគ្នា មករក​ប្រមុខ​ដឹកនាំ​ប្រទេស​ដើម្បី​ធ្វើការ​អន្តរាគមន៍​។ ដែល​បញ្ហា​ទាំងនោះ​ត្រឹមតែ​មន្ត្រី​ថ្នាក់ឃុំ​ក៏​អាច​ដោះស្រាយបាន តែ​ពលរដ្ឋ​បែ​ជា​ឡើងមក​រកតែ​ប្រមុខ​រដ្ឋាភិបាល​ទៅវិញ​។ នេះ​សរ​បញ្ជាក់ថា​ប្រព័ន្ធគ្រប់គ្រង​ថ្នាក់​ក្រោយ​ជាតិ​នៅមានកម្រិត ព្រោះ​គ្រាន់តែ​រឿង​តូចតាច​ក៏​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ឡើងមក​តវា​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នោះដែរ​។ ដោយហេតុថា​ម្រ​មុខ​រដ្ឋាភិបាល​មាន​តួនាទី និង​ភារកិច្ច​ធំៗ បញ្ហា​ថ្នាក់ជាតិ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ចុះបើ​រឿង​តូចតាច​ក៏ត្រូវ​ការ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដោះស្រាយ​ដែរ ចុះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បង្កើតឡើង​ដើម្បី​អ្វី​?

​នៅពេលដែល​ការគ្រប់គ្រង​រដ្ឋបាល​ចេះតែ​បន្ត​បែបនេះ គ្មាន​អ្នកណា​លំបាក​ក្រៅតែពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងសង្គម​នោះទេ​។ ព្រោះ​ជាទូទៅ​ពលរដ្ឋ ប្រហែល​មិន​ចង់​ធ្វើដំណើរ​មករក​មន្ត្រីជាន់ខ្ពស់​នៅ​ក្រុង​នោះទេ តែដោយសារ​តែ​នៅ​ថ្នាក់ក្រោម​បាន​ទាញ​ជំនឿ​ចិត្ត​ពួកគាត់​ឲ្យ​បាត់បង់ លែង​ទុកចិត្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com