ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ សភា​៖ តើ​ពេលណា​ទើប​ពួក​ខ្ញុំ​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​?
11, Nov 2015 , 4:58 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក គង់ សភា
រូបពីហ្វេសប៊ុកលោក គង់ សភា
 
​លោក គង់ សភា ដែល​ទទួល​នូវ​ការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ ជាមួយ លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ចុងខែ​តុលា​កន្លងទៅ បាន​ត្អូញត្អែរ​ពី​វិធានការ​រ​របស់​សមត្ថ​កិច្ច ក្នុង​ការចាប់​ជនដៃដល់​ដែល​បាន​វាយដំ​មកលើ​ពួកលោក​ទាំងពីរ​។ លោក គង់ សភា បាន​លើកឡើងថា តើ​ពេលណា​ទៅ ទើប​ពួកលោក រួមទាំង​ប្រជាពលរដ្ឋ​រងគ្រោះ​ដទៃទៀត​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​?


​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​១១​វិច្ឆិកា​នេះ លោក គង់ សភា បាន​ចា​តុ​ទុក​អំពើហិង្សា កាលពី​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៥ កន្លងទៅ ថា​ជា​ព្រឹត្តិការណ៍​ដ៏​សាហាវយង់ឃ្នង ដោយ​មិនអាច​បំភ្លេចបាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ជនដៃដល់​មួយក្រុម បានរៀបចំ​ផែនការ​ប៉ុនប៉ង​វាយ​សម្លាប់​រូបលោក និង​លោក ញ៉យ ចំរើន​។ ជាងនេះទៅទៀត អ្នកតំណាងរាស្ត្រ​ជា​ជនរងគ្រោះ​រូបនេះ ក៏បាន​សម្តែង​ពី​ភាពមិនប្រាកដប្រជា​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ក្នុងការ​ចាត់វិធានកា​រ ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​។​
 
​លោក​បានលើកឡើង​យ៉ាងនេះ​ថា​៖ «​តើ​នៅពេលណា​ទៅ ទើប​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​ជនដៃដល់រ​ផ្សេងទៀត​បាន ក្រៅពី​ជនសង្ស័យ ៣​នាក់ ចេញមុខ​មក​សារភាព​នោះ​? តើ​ពេលណា ទើប​ពួក​ខ្ញុំ​ទាំងពីរ​នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ផ្សេងទៀត ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​?»
 
​ទាក់ទង​នឹង​អំពើហិង្សា​នេះ​ផងដែរ កាលពី​ថ្ងៃទី​១០ វិច្ឆិកា ម្សិលមិញ លោក គង់ សភា និង​លោក ញ៉យ ចំរើន បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ជនល្មើស​ពីបទ «​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ​និង​ទាមទារ​សំណង​ពី​ជនល្មើស​ក្នុង​ម្នាក់ៗ​ចំនួន​១០០​លាន​រៀល​។​
 
​សូម​រម្លឹកថា លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​វាយដំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន អ្នកតំណាងរាស្ត្រ​ទាំងពីរ​រូបនេះ កំពុងតែ​សម្រាក​ព្យាបាល​ជំ​ងី​នៅ​ប្រទេស​ថៃ​។ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនដៃដល់​បីនាក់ ចូល​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច និង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ពួកគេ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ការចោទប្រកាន់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស​៕

Tag:
 គង់ សភា
  ញ៉យ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com