អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី អ៊ុង​សាន ស៊ូ​ជី បានការ​សាទរ​ពី​មេដឹកនាំ​កំពូល​អស់ហើយ​
12, Nov 2015 , 10:40 am        
រូបភាព
ដោយ:
 
​ចុងក្រោយ មេដឹកនាំ​បក្សប្រឆាំង​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន ទទួល​ទាំង​ការ​សាទរ និង ការទទួល​យល់ព្រម​ដើម្បី​ជួបពិភាក្សា​លើ​ការផ្សះផ្សារ​ជាតិ និង ផ្ទេរអំណាច​ពី​មេដឹកនាំ​កំពូល​បី​រូប​ដែល​រូ​ម​មាន​លោក​ប្រធានាធិបតី​ថេ​ន សេន ប្រធានសភា​លោក​ស្វេ ម៉ាន់ និង មេ​យោធា​លោក Min Aung Hlaing​។



​ក្រោយពី​ការផ្ញើ​លិខិត​បី​ដាច់ដោយឡែក​ពីគ្នា​របស់​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទៅកាន់​មេដឹកនាំ​កំពូល​បី​រូប​កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី បានទទួល​បានការ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត និង ជំនួប​លើ​ការផ្សះផ្សារ​ជាតិ និង ផ្ទេរអំណាច​។ 
 
​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក Ye Htut  បាន​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី ABC ថា លោក ថេ​ន សេន បាន​យល់ព្រម​តាម​សំណើសុំ​ជួប​ពី​សំណាក់​លោកស្រី​ស៊ូ​ជី ដើម្បី​ពិភាក្សា​ពី​ដើម្បី​ពិភាក្សា​រឿង​ផ្ទេរអំណាច ប៉ុន្តែ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​ឡើយ​ពោល​គឺអាច​រហូតដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវការ​ត្រូវបាន​បង្ហាញ​។​
 
​មិន​ខុសពី​លោក​ថេ​ន សេន ប្រធានរដ្ឋសភា ស្វេ ម៉ាន់ និង ជា​បេក្ខភាព​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ក៏បាន​យល់ព្រម​ជួប​ជាមួយនឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​អន​ឡាញ​មួយ លោក​ស្វេ ម៉ាន់ បាន​បញ្ជាក់ថា លោក នឹង​រៀបចំ​នូវ​ជំនួប​ជាមួយនឹង​លោកស្រី ស៊ូ​ជី ក្នុង​រយៈពេល​១​សបា្តហ៍ ដោយ​មិន​ត្រឹមតែ​ពិភាក្សា​លើ​ការផ្សះផ្សារ​ជាតិ​នោះទេ តែ​ក្នុង​គោលបំណង​ផ្សេងទៀត​ផងដែរ​។ ហើយ លោក សង្កត់ធ្ងន់ថា​៖ ខ្ញុំ សង្ឃឹមថា ខ្ញុំ​អាច​ចូលរួម​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍន៍​សម្រាប់​ជាតិ​ដ៏​ល្អ​មួយ​។ លោក ស្វេ ម៉ាន់ នឹង​បន្ត​តំណែង​ជា​ប្រធានសភា​រហូតដល់​ខែមករា ពោលគឺ​រហូតដល់​មានការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ខែ​មិនា​។​
 
​បុគ្គល​ចុងក្រោយ​ដែល​ទើបតែ​ទទួល​សំណើ​របស់​លោកស្រី​ស៊ូ​ជី​នោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing​។ ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing បាន​សាទរ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី ដែល​បានទទួល​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​៨​វិច្ឆិកា​។ ប្រមុខ​កងទ័ព​ដ៏​មានអំណាច​រូបនេះ ក៏បាន​យល់ព្រម​ជួប​ជាមួយ​លោកស្រី ស៊ូ​ជី​ផងដែរ នៅពេលដែល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ត្រូវបាន​ប្រកាស​រួចរាល់​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​មី​យ៉ាន់​ម៉ា ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា បានបញ្ចប់ ទៅដោយ​រលូន សន្តិសុខ និង តម្លាភាព​។ ការបោះឆ្នោត​នេះ ទទួលបាន​សាទរ​ពី​សហគមន៍​អន្តរជាតិ ។ យ៉ាងណាមិញ ការព្រម​ចូល​តុ​ពិភាក្សា​ជាមួយគ្នា​រវាង​មេដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា គឺជា​សារ​នយោបាយ មួយ​ដ៏​វិជ្ជមាន​សម្រាប់​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង និង សុភមង្គល​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា តែម្តង​៕ 

Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com